ព្រឹត្តិការណ៍ថ្ងៃរះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ នឹងកើតឡើង​ចន្លោះថ្ងៃទី២១-២៣ មីនា
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ព្រឹត្តិការណ៍ថ្ងៃរះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ នឹងកើតឡើង​ចន្លោះថ្ងៃទី២១-២៣ មីនា

សៀមរាប៖ ​ព្រឹត្តិការណ៍ សមរាត្រី (Equinox) ឬព្រឹត្តិការណ៍ ព្រះអាទិត្យរះ​ចំ​កំពូលប្រាង្គ​កណ្ដាល​​ប្រា​សាទ​អង្គរវត្ត នឹងកើតឡើងនៅ​ ថ្ងៃទី២១-២៣ ខែមីនា​។ នេះបើតាម​សេច​ក្តី​ប្រកាស​ព័ត៌មានរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា។ សូមជម្រាបថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងកើតមាន២ដងក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ ខេត្តសៀមរាប គឺនៅក្នុងខែមីនា ឬហៅថាសមរាត្រីរដូវប្រាំង និងនៅខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា។
TTN-Free-Banner-In-Article-PC


ព្រះអាទិត្យពណ៌មាស នឹងសណ្ដូកខ្លួនសន្សឹមៗ ចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យបំផុត នៅលើប្រាសាទបុរាណខ្មែរ និងមានតែមួយលើលោក។ សាធារណជន ពិសេសភ្ញៀវទេសចរ ទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍នេះ ដែលខ្លះក្រោកទៅរង់ចាំឈរលើស្ពានហាល តាំងពីម៉ោង៣ ឬម៉ោង៤យប់។ ទេសចរមានទូរសព្ទកាន់ ស្ទើរគ្រប់ដៃ បានចុចផ្តិតរូបភាពដ៏អស្ចារ្យនេះមិនសំច័យឡើយ។ ពួកគេថតរូបខ្លួនឯង ជាមួយដៃគូ និងជាគ្រួសារ ដើម្បីទុកជាការចងចាំដ៏ល្អនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ខេត្តសៀមរាប និងត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ។ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ក្នុងន័យរំឭកដល់ទេសចរ កុំឱ្យខកខាន រំលងទស្សនាព្រឹត្តិការណ៍មួយនេះ។ 



អ្នកផលិតមាតិកាទេសចរណ៍ដ៏ល្បីមួយរូបនៅខេត្តសៀមរាប កញ្ញា សុខ សានីតា ឬ MOON- Sok Sanita ក៏បានត្រៀមខ្លួនដើម្បីផ្តិតរូបភាពក្នុងព្រឹត្តិការណ៍សមរាត្រីនាពេលខាងមុខដែរ។ ទោះបីចូលរួមច្រើនដង​ក៏ពិតមែន តែ MOON នៅតែស្ងប់ស្ងែងនឹងព្រឹត្តិការណ៍មួយនេះ និងបន្តផ្តិតយករូបភាពស្អាតៗ ផ្សព្វផ្សាយទៅកាន់ពិភពលោក។ MOON ចង់ឱ្យមនុស្សម្នាដឹងថា អង្គរវត្តខ្មែរពិតជាអច្ឆរិយៈ និងជាព្រឹត្តិការណ៍ពិត ហើយមិនមានការបង្កើតដោយបច្ចេកវិទ្យា AI ឡើយ។
 
ដោយឡែកអ្នកផលិតមាតិកាដ៏ល្បីមួយរូបទៀត គឺលោក ពៅ អរុណ ក៏បានត្រៀមខ្លួន និងសម្ភារសម្រាប់ ផ្តិតរូបភាពក្នុងព្រឹត្តិការណ៍សមរាត្រីនេះដែរ។ ចូលរួមតាំងពីឆ្នាំ២០១៧មក អរុណ ចាត់ទុកសមរាត្រី ថាជាថ្ងៃដ៏ពិសេសមួយ គឺព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ដែលមាននៅមួយ​នៅប្រាសាទខ្មែរ។ អរុណ បន្តនិយាយយ៉ាងដូច្នេះ​៖« ក្នុងនាមជាប្រជាជនខ្មែរម្នាក់ ខ្ញុំមានអារម្មណ៍រំភើប​ពេលបានឃើញផ្ទាល់ ហើយក៏សប្បាយចិត្តនៅពេលឃើញ​ អ្នកមកចូលរួមពីមួយឆ្នាំទៅមួយឆ្នាំ​កាន់តែកើនឡើងមានទាំងភ្ញៀវជាតិ និងអន្តរជាតិ»។ 

អរុណ យល់ថា ការកើនឡើងនៃចំនួនទេសចរក្នុងព្រឹត្តិការណ៍សមរាត្រីនេះ ក៏ដោយសារមាន​ការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ទូរសព្ទដៃទំនើប ដែលពួកគេ​បានបង្ហោះ​តាមបណ្ដាញសង្គមនានា ដែលទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន ដែលចង់ឃើញទិដ្ឋភាព ដ៏អស្ចារ្យនេះ។​សមរាត្រីរដូវវស្សា នឹងកើតឡើង នៅក្នុងខែកញ្ញា ចំថ្ងៃទី២២កញ្ញា៕ 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី