អ.ស.ប.ព្រមានពីផលប៉ះពាល់​​ជីវិត​មនុស្ស​រាប់លាន​នាក់ ក្រោយ​អាមេរិក​ផ្តាច់​ជំនួយ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
អ.ស.ប.ព្រមានពីផលប៉ះពាល់​​ជីវិត​មនុស្ស​រាប់លាន​នាក់ ក្រោយ​អាមេរិក​ផ្តាច់​ជំនួយ
អង្គការសហប្រជាប្រជាតិ ព្រមានពីផលប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​រាប់លាន​នាក់ ក្រោយ​អាមេរិក​ផ្តាច់​ជំនួយ​។ REUTERS - Kent Nishimura

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)

សហរដ្ឋអាមេរិកធ្លាប់តែ​​ជាប្រទេស​​ម្ចាស់​ជំនួយធំជាងគេ​ក្នុង​គម្រោង​​មនុស្សធម៌​ពិភពលោក​ តែរដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន​ក្រោម​អំណាច​របស់​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​រឹតត្បឹតកាត់​បន្ថយ​​ចំណាយ​ថ​វិកាជាតិ​ ដោយ​ត្រូវ​ផ្តាច់​ជំនួយអន្តរជាតិ ​ជាង ៨០ %​។ ស្ថាប័ន​អន្តរជាតិនិង​អង្គការ​មនុស្សធម៌​នានា ដែល​ធ្លាប់​ទទួល​ជំនួយ​អាមេរិក បាន​ចេញមុខ​ដាស់តឿន​អំពីគ្រោះថ្នាក់​ ដោយ​បញ្ជាក់ថាការ​ផ្តាច់​ជំនួយ​មនុស្សធម៌​​អាមេរិក​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់ នៅទូទាំង​ពិភពលោក។​
TTN-Free-Banner-In-Article-PC


​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក ម៉ារកូ រូប៊ីយ៉ូ ​ប្រកាសថា ក្រោយ​បាន​សិក្សា​និង​ពិចារណា​ អស់​រយៈ​ ៦ សប្តាហ៍​រួច​មក រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​លុបចោល​ កិច្ចសន្យា​ផ្តល់​ជំនួយ ៥ ២០០ ដែល​ត្រូវ​ខាតបង់​ថវិកាជាតិ រាប់សិប​ពាន់​លាន​ដុល្លារ​ និងដែល​ប្រើប្រាស់​មិនត្រូវ​ចំគោលដៅ​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក។ ប្រមុខទូត​អាមេរិក​បញ្ជាក់ទៀត​ថាទុក​តែ​កម្មវិធី​ជំនួយ ប្រមាណ ​១ ០០០ គម្រោង​តែប៉ុណ្ណោះ។​ 

ការ​កាត់បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​​ពេលនេះ ជះឥទ្ធិពល​ប៉ះពាល់​ដល់​​កម្មវិធី​ជំនួយមនុស្សធម៌និងជំនួយអភិវឌ្ឍន៍ ប្រមាណ ៨៣% របស់​ទីភ្នាក់ងារអាមេរិកដើម្បីអភិវឌ្ឍ​អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស U.S.A.I.D. ហើយ​ដែល​អាច​ស្មើ​នឹង​ទំហំ​ទឹកប្រាក់​ ៤២,៨ ពាន់​លាន​ដុល្លារ​។

ជារួម ផលវិបាកបាន​​ជះឥទ្ធិពលខ្លាំងទៅលើ​កម្មវិធី​សិទ្ធិមនុស្ស សិទ្ធិក្រុម​ជនជាតិ​ដើម​ភាគតិច សិទ្ធិអ្នក​ស្រឡាញ់​ភេទដូចគ្នានិងអ្នក​កែភេទ​ បរិស្ថានអាកាសធាតុ កម្មវិធីព្យាបាល​សុខភាព ​​ កម្មវិធីជំនួយ​ថែទាំ​មាតា​និង​ទារកស្បៀង ព្រមទាំង​​អាហារូបត្ថម្ភ​ ​ ។ល។​​ 

ជាក់ស្តែង ក្នុង​​វិស័យ​សិទ្ធិមនុស្ស​ គម្រោង​ធំៗរបស់​អង្គការសហប្រជាប្រជាតិ ​​​នឹងត្រូវ​កាត់​ផ្តាច់ ឬត្រូវ​បង្ខំចិត្ត​​កែសម្រួល​បន្ថយ​សកម្មភាព​។​ នេះបើតាម​ លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​​ឧត្តម​ស្នងការ​ដ្ឋាន​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាប្រជាតិ ដែល​បញ្ជាក់ទៀត​ថា កម្មវិធី​សិទ្ធិមនុស្ស​នៅ​ប្រទេស​ហ្គីណេ អ៊ីរ៉ាក់ អ៊ុយក្រែន​ កូឡុំប៊ី និង​មូលនិធិ​​សម្រាប់​សិទ្ធិ​ជនជាតិដើម​​ភាគតិច ត្រូវ​ប៉ះពាល់​ជាខ្លាំង​។

ចំពោះការ​ប៉ះពាល់​ដល់​វិស័យ​វិទ្យាសាស្ត្រ​ សូម​អាន​ទីនេះ៖ «អ្នក​វិទ្យាសាស្ត្រ​អាមេរិកបាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​បណ្តេញ​បុគ្គលិក»

រីឯ អង្គការ​សាមគ្គីភាពអន្តរជាតិ​ Solidarités International ដែល​ទទួល​ជំនួយ​ ៦០លាន​ដុល្លារ​ពី​ U.S.A.I.D. បាន​អះអាងថា​នឹង​ប៉ះពាល់​ដល់​គម្រោងការងារ​​របស់ខ្លួននៅ​អាហ្វហ្កានីស្ថាន ដែល​ជួយលើកកម្ពស់​ជីវភាព​​ស្ត្រី​ជាង ១ ម៉ឺននាក់ ក្នុង​វិស័យ​កសិកម្ម​។​

កាលពី​ចុង​ខែ​កុម្ភៈ អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ធ្លាប់បាន​បញ្ជាក់​ ថា ជំនួយ​អាមេរិក​ ៣៧៧ លានដុល្លារ បាន​ជួយ​ជ្រោម​ជ្រែងយ៉ាង​ចម្បង​ដល់​ការ​ថែទាំ​សុខភាព​ម្តាយ​និង​ទារក បង្ការ​អំពើហិង្សា​លើស្ត្រី​ ជំនួយ​ដល់រងគ្រោះ​ព្រោះរំលោភសេពសន្ធវៈ និង​ព្យាបាល​ជំងឺធ្ងន់ធ្ងរ​​ផ្សេងៗ​នៅ​​រាប់​សិប​ប្រទេស។​

ចំណែក លោកស្រី Anne Bideau អគ្គនាយិកា​អង្គការ​ Plan International ប្រចាំប្រទេស​បារាំង​សង្កត់ធ្ងន់ដែរ​ថា ការជួយ​ស្ត្រី​ឲ្យ​ទទួល​បាន​សេវាកម្ម​​សម្ភពព្យាបាល​ អាច​នឹង​លំបាកកាន់តែខ្លាំង ខណៈ​ពេល​ដែល​ ការ​ឆ្លងទន្លេប្រសូត្រ​បុត្រ​ ជា​មូលហេតុចម្បង​នៃ​មរណភាពមាតា នៅក្នុង​ប្រទេស​ក្រីក្រ​​។​  

Plan International ទទួល​ជំនួយ​អាមេរិក ៤០លានដុល្លារ​សម្រាប់កម្មវិធីលើកកម្ពស់​​សមភាព​ប្រុស​-ស្រី​។ ការ​បិទខ្ទប់​ជំនួយអាមេរិក​គ្រា​​នេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​គម្រោង​ធំៗ​យ៉ាងហោច ១៣ ដែលប្រជាជន ១​ លាន ៥ សែន​នាក់ ទទួល​ផលនៅ​ក្នុង​១២ប្រទេស។​ គម្រោង​ជួយ​ប្រឆាំងនឹងការ​រៀបអាពាហ៍ពិពាហ៍​របស់​ក្មេងស្រី នៅបង់ក្លាដែស ច្បាស់ជា​ប៉ះពាល់ ហើយ​គម្រោង​ថែទាំ​ម្តាយ​និង​ទារកនៅ​អេត្យូពី ជាដើម ក៏​ប៉ះពាល់ដែរ។​ នេះបើតាមអង្គការ​​ Plan International ។

អង្គការ​យូនីសេហ្វ ដែលធ្វើកិច្ចការ​ទាក់ទង​នឹងកុមារ​និងក្មេងតូច បាន​ដាស់តឿនថា បើ​គ្មាន​​ជំនួយថ្មី​មកជំនួស​ជា​បន្ទាន់​នោះទេ កុមារ​រាប់លាននាក់​ នឹង​ត្រូវរងគ្រោះ​ព្រោះខ្វះអាហារូបត្ថម្ភ​ និង​កាន់តែ​ខ្វះ​ឱកាស​ទទួល​ការ​រៀនសូត្រ។ មិន​តែប៉ុណ្ណោះ ជំងឺតូច​តាចខ្លះ ​ដែល​អាច​ជៀស​បាន​សោះ តែ​ត្រូវ​ធ្វើ​ទុក្ខ​ទោសនិង​រីករាលដាល នាំឲ្យ​បង្កការលំបាក​ច្រើនឡើងៗ។ ទន្ទឹម​នឹងគ្នា​នេះ អង្គការ​សុខភាព​ពិភពលោក ព្រ​មាន​ថា បើ​គ្រាន់តែ​គិតត្រឹម​តែ​​អ្នក​​កើត​ជំងឺ​របេង ​ការ​ផ្តាច់​ជំនួយ​អាមេរិក អាច​នឹង​ធ្វើឲ្យ​មនុស្ស​រាប់លាន​នាក់ ​បាត់បង់ជីវិត​៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other