លោក ប៊ុយ សុភ័ណ្ឌ៖ ការប្រកួតប្រដាល់សកលអន្ដរក្លិប ជាឱកាសឲ្យអត្តពលិក ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

កីឡាករ Anvar Nasredinov ប្រកួតជាមួយកីឡាករ ចិន រូបពី NOCC
ការប្រកួតប្រដាល់សកលអន្ដរក្លិប នឹងត្រូវរៀបចំឡើង នៅថ្ងៃទី១៥ ខេមីនា នៅ Factory Phnom Penh សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងអ្នករៀបចំកម្មវិធី Interclub Championship។ កម្មវិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីវិស័យកីឡាប្រដាល់សកលនៅកម្ពុជា ក៏ដូចដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនានា។ នេះបើតាម លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាលសកលកម្ពុជា។

ការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍នេះ នឹងមានចំនួន ៤គូ ក្នុងនោះ ៣គូ ជាការប្រកួតលក្ខណៈស្ម័គ្រចិត្ត និង១គូ ជាលក្ខណៈអាជីព។
ក្នុងព្រឹត្តិការណ៍នេះ លោក Anvar Nasredinov កីឡាករប្រដាល់សកលកម្ពុជា ដែលជា ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣២ នឹងប្រកួតជាលក្ខណៈអាជីព ជាមួយកីឡាករមកពីប្រទេសនីហ្សេរីយ៉ា។ ប៉ុន្តែសមាសភាពរបស់គេ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មិនទាន់បង្ហាញនៅឡើយ។
លោក ប៊ុយ សុភ័ណ្ឌ មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ Interclub Championship គឺជាការបំផុស និងផ្សព្វផ្សាយ ពីវិស័យកីឡាប្រដាល់សកល ទៅកាន់កីឡាករ-កីឡាការិនី និងអ្នកគាំទ្រនៅកម្ពុជា ឲ្យមានការគាំទ្រកាន់តែច្រើន ជាពិសេសការជំរុញឲ្យកីឡាអូឡាំពិកមាននេះ កាន់តែមានសក្ដានុពលកាន់តែខ្លាំងនៅកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា៖ «យើងនឹងផ្សព្វផ្សាយទៅដល់កីឡាករ-កីឡាការិនីទាំងអស់ ដើម្បីឲ្យគាត់ចូលរួមប្រកួត។ ទោះបីជាគាត់ចូលរួមហ្វឹកហាត់ ជាលក្ខណៈប្រដាល់សកលស្ម័គ្រចិត្ត ក៏គាត់មាន ឱកាស ដើម្បីប្រកួត។ ហើយសម្រាប់ប្រដាល់សកលអាជីព ក៏ជាឱកាសល្អសម្រាប់គាត់ ដើម្បីឲ្យ មានលក្ខណៈត្រៀមចូលរួមប្រកួតជាលក្ខណៈអន្ដរជាតិ។»។
ប្រធានសហព័ន្ធរូបនេះ ក៏ជឿជាក់ដែរថា ព្រឹត្តិការណ៍នេះ ក៏ជាការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញសមត្ថភាព និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: