គ្រួសារ Ronaldo បង្កើនចំនួនកងការពារ ក្រោយរងការគំរាមញឹកញាប់
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៤៤ នាទី ព្រឹក
គ្រួសារ Ronaldo បង្កើនចំនួនកងការពារ ក្រោយរងការគំរាមញឹកញាប់

កំពូលតារាបាល់ទាត់ Cristiano Ronaldo និងមិត្តស្រីនាង Georgina Rodriguez បានជួលកងការពារបន្ថែម ព្រមទាំងបានផ្លាស់ទៅរស់នៅផ្ទះថ្មី បន្ទាប់ពីជួបការគំរាមបន្តបន្ទាប់។ ករណីនេះ ក៏មានការអន្តរាគមន៍ពីមន្ត្រីប៉ូលិសក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារសុវត្ថិភាពក្រុមគ្រួសារ Ronaldo។
TTN-Free-Banner-In-Article-PC


ចាប់តាំងពីផ្លាស់ទៅរស់នៅទឹកដីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត Ronaldo និងមិត្តស្រី បានប្រើប្រាស់ជីវិតរស់នៅតាមបែបធម្មតាដោយមិនបានខ្វាយខ្វល់អំពីបញ្ហាប្រឈមអ្វីនោះឡើយ។ យ៉ាងណាប្រព័ន្ធផ្សព្វផ្សាយរបស់ព័រទុយហ្កាល់ និងអេស្ប៉ាញ ពេលថ្មីនេះបានរាយការណ៍ថា មួយរយៈពេលចុងក្រោយ ក្រុមគ្រួសារកីឡាករវ័យ ៤០ឆ្នាំ ទទួលបានការផ្ញើរសារជូនដំណឹង​ និងគំរាមកំហែងធ្ងន់ធ្ងរ រំខានដល់គូស្នេហ៍ពួកគេ ពីសំណាក់ជនមិនស្គាល់មុន។

បើតាមប្រភពបានចុះផ្សាយ EDATV ក្រុមគ្រួសារកីឡាករព័រទុយហ្កាល់ បានជួលកងការពារចំនួន ៤នាក់បន្ថែម សម្រាប់ការពារទីកន្លែងរស់នៅ ព្រមទាំងអង្គរក្សផ្ទាល់ខ្លួនចំនួន ២រូបផងដែរ។

គូស្នេហ៍ទាំង ២ ថែមទាំងបានផ្លាស់ប្តូរទីកន្លែងស្នាក់នៅ ក្នុងទីក្រុងរីយ៉ាដ ហើយទីតាំងរស់នៅថ្មី ក៏មានបំពាក់ប្រព័ន្ធការពារ និងប្រព័ន្ធឃ្លាំមើលទំនើបៗ។

ចាប់តាំងពីជួបបញ្ហាបែបនេះ ជីវិតរស់នៅប្រចាំថ្ងៃរបស់នាង Georgina បានផ្លាស់ប្តូរទាំងស្រុង ខណៈរូបនាងក៏ត្រូវបានកម្រិតសម្រាប់ការបង្ហាញខ្លួននៅតាមទីសាធារណៈ ហើយក៏តែងតែមានការ​ការពារយ៉ាងតឹងរឹងពីសំណាក់កងការពារ។ ចំណែកខ្សែប្រយុទ្ធក្រុម Al Nassr ក៏ប្រុងប្រយ័ត្នខ្លាំងជាងមុន នៅពេលរូបគេធ្វើដំណើរចេញក្រៅផ្ទះ ដោយតែងតែមានកងការពារតាមរូបគេជានិច្ច បើទោះបីជាទៅកាន់កម្មវិធីបែបកីឡាក៏ដោយ។

ក្រុមមន្ត្រីប៉ូលិសអារ៉ាប៊ីសាអូឌីត កំពុងបើកការស៊ើបអង្កេត ជុំវិញប្រភពនៃការគំរាមកំហែង ហើយក៏មិនបដិសេធចំពោះបញ្ហាដែលបានកើតឡើងនោះឡើយ។ បើតាមរបាយការណ៍ E Noticies ក្លិប Al Nassr បានផ្តល់ការគាំទ្រទៅកាន់ Ronaldo ដោយនឹងចូលរួមផ្តល់ជាជំនួយ ដើម្បីការពារទៅកាន់កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ និងក្រុមគ្រួសារ។

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហោះរូបភាពជួបជុំក្រុមគ្រួសាររបស់ពួកគេនៅលើបណ្តាញសង្គម នាង Georgina ក៏បានប្រើប្រាស់រូបភាពបិទបាំងមុខកូនៗ ដោយពួកគេទាំង ២ បានគិតថាជាគោលដៅនៃការគំរាមកំហែង លើកលែងតែកូនប្រុសច្បង Cristiano Jr។ ទោះជាជួបបញ្ហាបែបនេះ ប៉ុន្តែប្រភពផ្សព្វផ្សាយដដែល លើកឡើងថា អតីតខ្សែប្រយុទ្ធ Man Utd, Real Madrid និង Juventus នៅតែបន្តផ្តោតលើអាជីពបាល់ទាត់ធម្មតា ខណៈមិត្តស្រី ដែលជាតារាបង្ហាញម៉ូត បន្តការងាររបស់នាង ដោយជៀសវាងការបង្ហាញខ្លួនតាមទីសាធារណៈញឹកញាប់៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង