វិស័យភាពយន្ត ចាប់ផ្តើមមានធនធានច្រើន តែត្រូវការអ្នកវិនិយោគចូលរួម និងគាំទ្រពីអ្នកពាក់ព័ន្ធ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:០០ នាទី យប់
វិស័យភាពយន្ត ចាប់ផ្តើមមានធនធានច្រើន តែត្រូវការអ្នកវិនិយោគចូលរួម និងគាំទ្រពីអ្នកពាក់ព័ន្ធ

ភ្នំពេញ៖ មហោស្រព CIFF ក៏ដើរតួជាស្ពានតភ្ជាប់រវាងប្រទេសកម្ពុជា និងពិភពលោក តាមរយៈភាសាសកលនៃភាពយន្ត និងវប្បធម៌។ មហោស្រពនេះ ក៏ជំរុញដល់ការចរាចរនៃភាពយន្ត ក្នុងតំបន់ និងលើកកម្ពស់ផលិតកម្មកម្ពុជាទៅកាន់ឆាកកម្ពុជា។ បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជា បានវិវត្តខ្លួនគួរឱ្យគត់សម្គាល់ ទាំងគុណភាព ធនធានអ្នកផលិត និងតួសម្តែងជាដើម។ ទន្ទឹមនឹងវិស័យភាពយន្តដំណើរការល្អ អ្នកជំនាញក្នុងវិស័យភាពយន្ត ក៏ត្រូវការអ្នកវិនិយោគ និងដៃគូពាក់ព័ន្ធផ្សេងទៀត។

TTN-Free-Banner-In-Article-PC
 


ស្ថិតក្នុងសន្និសីទសារព័ត៌មាននៃ មហោស្រពភាពយន្តលើកទី១៤ លោក Cedric Eloy ប្រធានមហោស្រពភាពយន្ត CIFF  បានលើកឡើងថា ជាង១០ឆ្នាំហើយ វិស័យភាពយន្តនៅកម្ពុជា មានការរីកចម្រើនជាលំដាប់។ ដោយសារមានការគាំទ្រពីក្រសួងវប្បធ៌ និងវិចិត្រសិល្បៈ ទើបមានមហោស្រពភាពយន្ត នៅឆ្នាំ២០១០ ក្រោយមកក៏មានការកិច្ចសហប្រតិបត្តិការពីកុនបរទេស កុនស្រុកខ្មែរ។ លើសពីនេះ កម្ពុជាក៏ចាប់ផ្តើមមានកុនខ្នាតខ្លី និងខ្នាតវែង និងមានវគ្គបណ្តុះបណ្តាល លើការអនុវត្តអ្នកផលិតកុន ជាក់ស្តែងដូចជាមជ្ឈមណ្ឌលបុប្ផាណា រួមមានដៃគូគាំទ្រលើវិស័យភាពយន្តជាច្រើនទៀត។



                                                             លោក Cedric Eloy ប្រធានមហោស្រពភាពយន្ត CIFF

ប្រធានមហោស្រពCIFF រូបនេះបញ្ជាក់ថា ៖ «ចាប់ពីឆ្នាំ២០១០ ដល់២០២០ យើងមានសន្ទុះនៃកុនដែលមានគុណភាពច្រើន។ ទន្ទឹងនឹងនោះ យើងមានធនធានមនុស្ស ផលិតករភាពយន្ត តួរសម្តែងដ៏មានទេពកោសល្យ ក្នុងនោះយើងក៏មានអ្នកបណ្តុះបណ្តាលតួរសម្តែង។ យើង ក៏មានអ្នកជំនាញថត ព្រមជាមួយឧបករណ៍ទំនើបៗ បច្ចេកទេសដើរឱ្យទាន់សម័យបច្ចេកវិទ្យាថ្មីៗ។ យ៉ាងណាក្តី យើងនៅខ្វះអ្នកវិនិយោគពីវិស័យឯកជន ជួយគាំទ្រនៃដំណើរការផលិត។»

មហោស្រពភាពយន្តជាតិកម្ពុជា គឺជាព្រឹត្តិការណ៍ភាពយន្ត និងវប្បធម៌អន្តរជាតិដ៌ធំបំផុតរបស់កម្ពុជា។ មហោស្រព បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១០ ដោយបានដើរតួជាកាតាលីករសម្រាប់គំនិតផ្តួតផ្តើមក្នុងវិស័យភាពយន្ត ដែលប្រមូលផ្តុំអ្នកចូលរួមច្រើនជាង ២ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានពន្យល់ថា បើក្រឡេកទៅមើលវិស័យភាពយន្ត អំឡុងឆ្នាំ២០១០ រោងភាពយន្ត នៅមានតិចតួចនៅឡើយ។ ក្រោយមករោងភាពយន្តទំនើបៗក៏ចាប់ផ្តើមបង្កើតជាបន្តបន្ទាប់។ ប្រសិនរោងភាពយន្តមានច្រើន នោះមានន័យថា ភាពយន្តមានច្រើន ប៉ុន្តែមិនមែនមានន័យថា កុនខ្មែរច្រើននោះទេ។ 

ក្នុងន័យនេះលោក សុភាព ចង់រំលេចថា ភាពយន្តខ្មែរ គឺមិនផុសផុលដូចភាពយន្តប្រទេសជិតខាងនោះទេ។ អ្វីដែលកម្ពុជា ធ្វើបាននោះ គឺកុំឱ្យវិស័យភាពយន្តដើរថយក្រោយ។ វិស័យភាពយន្ត ត្រូវការការពឹងពាក់គ្នាទៅវិញទៅមក បែបឧស្សាហកម្មគ្មានផ្សែង។ លោក ជា សុភាព  បានបន្ថែមបែបនេះ៖ «មហោស្រព គ្រាន់តែជាសរសៃអំបោះដ៏តូច នៅក្នុងដុំអំបោះដ៏ធំមួយក្នុងវិស័យភាពយន្ត។ យ៉ាងហោចណាស់ មហោស្រពភាពយន្ត បានប្រមូលដៃគូ នៃវិស័យភាពយន្តដូចជារោងកុន អ្នកចែកចាយកុន អ្នកដឹកនាំរឿងជាតិ និងអន្តរជាតិមកជួបជុំគ្នា ជជែក សហការផលិតជាមួយគ្នា។»



                                     លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៤ នឹងចាក់បញ្ចាំងខ្សែភាពយន្តមកពី ៤១ប្រទេស តាមរយៈការជ្រើសរើសភាពយន្តចំនួន ១៥១រឿង។ ក្នុងនោះភាពយន្តខ្មែរចំនួន ៦០រឿង ទាំងខ្នាតតូច និងធំ ភាពយន្តឯកសារ និងគំនូរជីវចល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនានេះ។ សាធារណជន អាចចូលទស្សនាដោយសេរី នៅគ្រប់រោងភាពយន្តធំៗ និងទីតាំងដ៏អស្ចារ្យ ដូចជា រោងភាពយន្ត Legend Olympia, Exchange Square, Major Cineplex Aeon1 and Mean Chey, វិទ្យាស្ថានបារាំង,មជ្ឈមណ្ឌលបុប្ផាណា, សណ្ឋាគារ Rosswood និងរោងភាពយន្ត fable ជាដើម៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ