កម្ពុជា បិទបញ្ចប់វិធានការហាមឃាត់ ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:១៨ នាទី ព្រឹក

វិធានការហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ន បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា។ មានន័យថា ចាប់ពីថ្ងៃទី១៣ ខែមីនានេះ ការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កក មកកម្ពុជា អាចធ្វើឡើងជាប្រក្រតីឡើងវិញ ដោយអនុលោមតាមអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ នេះបើយោងតាមការជូនដំណឹងរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១២ ខែមីនា។

សូមរំឭកថា កម្ពុជា បានហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ននេះ ជាង១ឆ្នាំហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ដែលវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។
ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com