លោក ឌូទើតេ ត្រូវបានបញ្ចូនទៅមណ្ឌលឃុំឃាំងរបស់ ICC
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៤៩ នាទី ព្រឹក

អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព AFP
អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបាននាំទៅកាន់មណ្ឌលឃុំខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ដើម្បីរង់ចាំការកាត់ទោសលើការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀន។

រថយន្តមួយគ្រឿងបានដឹកអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចូលមន្ទីរឃុំឃាំងក្នុងខណ្ឌ Scheveningen របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១២ ខែមីនា បន្ទាប់ពីជើងហោះហើររបស់លោកបានចុះចត នៅទីក្រុង Rotterdam។ នៅពេលរថយន្តឆ្លងកាត់ អ្នកគាំទ្ររបស់លោករាប់សិបនាក់បានឈរគ្រវីទង់ជាតិហ្វីលីពីន ដោយខ្លះស្រែកថា«បញ្ជូនគាត់ត្រឡប់ទៅផ្ទះវិញ»។
លោក Duds Quibin មានអាយុ ៥០ឆ្នាំបាននិយាយថា៖«មិនមានដំណើរការត្រឹមត្រូវទេ។ នេះគឺជាការចាប់ពង្រត់។ ពួកគេបានដាក់គាត់នៅលើយន្តហោះ ហើយនាំគាត់មកទីនេះ»។
មជ្ឈមណ្ឌលឃុំឃាំងមានទីតាំងនៅជិតឆ្នេរសមុទ្រភាគខាងជើង។ អ្នកទោសម្នាក់ៗមានបន្ទប់ឯកជនមួយ បំពាក់ដោយកុំព្យូទ័រ រួមជាមួយនឹងកន្លែងហាត់ប្រាណនៅខាងក្រៅ។ លោក ឌូទើតេ នឹងត្រូវឃុំខ្លួននៅទីនេះរហូតដល់ការចូលខ្លួនមកកាន់តុលាការជាលើកដំបូងរបស់លោក ដែលអាចធ្វើនៅប៉ុន្មានថ្ងៃខាងមុខ។
ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា ការចាប់ខ្លួនលោក ឌូទើតេ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ជនរងគ្រោះនៃ«សង្គ្រាមប្រឆាំងគ្រឿងញៀន»។
«ខ្ញុំគិតថាការអនុវត្តដីកាចាប់ខ្លួន ICC មានសារៈសំខាន់ណាស់សម្រាប់ជនរងគ្រោះ។ មនុស្សជាច្រើននិយាយថា ច្បាប់អន្តរជាតិមិនរឹងមាំដូចយើងចង់បានទេ ហើយខ្ញុំយល់ស្របនឹងវា។ ប៉ុន្តែដូចដែលខ្ញុំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត ច្បាប់អន្តរជាតិមិនទន់ខ្សោយដូចមនុស្សមួយចំនួនគិតទេ។ នៅពេលដែលយើងរួបរួមគ្នា នីតិរដ្ឋអាចគ្រប់គ្រងបាន»។ លោក Khan បានថ្លែងបែបនេះនៅថ្ងៃទី១២ ខែកុម្ភៈ។
ICC ជឿជាក់ថាមាន «មានសំអាងសមហេតុផល» ដើម្បីចោទប្រកាន់លោក ឌូទើតេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រោះថា «ភាពស្មុគស្មាញដោយប្រយោល»នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សប៉ាន់ស្មានបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកនៅលើគណនីហ្វេសប៊ុករបស់អតីតប្រធានាធិបតី ខណៈដែលយន្តហោះដឹកលោកទៅកាន់ហូឡង់ជិតនឹងចុះចត លោក ឌូទើតេ ដែលមានវ័យ ៧៩ឆ្នាំបានប្រាប់ប្រជាជនហ្វីលីពីនថា ៖«ខ្ញុំជាមេដឹកនាំនៃការអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំទទួលខុសត្រូវចំពោះរឿងទាំងអស់នេះ»។
នៅខាងក្រៅទីស្នាក់ការ ICC លោក Gilbert Andres មេធាវីតំណាងឱ្យជនរងគ្រោះនៃសង្គ្រាមលើគ្រឿងញៀនរូបនេះបាននិយាយថា ៖« កូនក្តីរបស់ខ្ញុំពិតជាដឹងគុណចំពោះព្រះណាស់ ពីព្រោះការអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតប»។ លោក Andres បានបន្ថែមថា ការចាប់ខ្លួនលោក ឌូទើតេ គឺជាសញ្ញាដ៏អស្ចារ្យមួយសម្រាប់យុត្តិធម៌ឧក្រិដ្ឋកម្មអន្តរជាតិ។ វាមានន័យថាគ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ។
ក្រុមអ្នកតវ៉ាដែលគាំទ្រលោក ឌូទើតេ ក៏បានប្រមូលផ្តុំនៅទីនេះផងដែរ។ អ្នកតវ៉ា Janet Suliman បាននិយាយថា ៖« ពួកគេបានប្រគល់ប្រធានាធិបតីរបស់យើងទៅឱ្យជនបរទេស។ ពួកគេបានធ្វើឱ្យប្រទេសនេះអាម៉ាស់»។
នៅឯព្រះវិហារមួយក្នុងរដ្ឋធានីម៉ានីល ប្រជាជនដែលសាច់ញាតិរបស់ពួកគេត្រូវបានសម្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនបានអបអរសាទរការចាប់ខ្លួនអតីតប្រធានាធិបតី។ លោក Emily Soriano បាននិយាយថា ៖« លោក ឌូទើតេ មានសំណាងណាស់ដែលបានទទួលដំណើរការត្រឹមត្រូវ ប៉ុន្តែកូនប្រុសរបស់ខ្ញុំមិនមានសំណាងនោះទេ»។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk លើកឡើងជុំវិញការចាប់ខ្លួននេះថាជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទាមទារឱ្យមានការទទួលខុសត្រូវចំពោះជនរងគ្រោះរាប់ពាន់នាក់នៃការសម្លាប់។
ទន្ទឹមនេះ ចិនក៏បានអំពាវនាវឱ្យ ICC ជៀសវាង«ការធ្វើនយោបាយ»និង«ស្តង់ដារពីរ» ដោយនិយាយថា ទីក្រុងប៉េកាំងនឹងតាមដានយ៉ាងជិតស្និទ្ធជុំរឿងហេតុនេះ។
អំឡុងពេលអាណត្តិប្រធានាធិបតីឆ្នាំ ២០១៦-២០២២ លោក ឌូទើតេ បានចាប់ផ្តើមប្រកាសសង្រ្គាមគ្រឿងញៀន ដោយអនុញ្ញាតឱ្យប៉ូលីសបាញ់ជនសង្ស័យគ្រឿងញៀននៅនឹងកន្លែងដោយមិនមានការកាត់ក្តី។ ប៉ូលិសនិយាយថា យុទ្ធនាការនេះបានធ្វើឱ្យមនុស្សជាង ៦០០០នាក់បានស្លាប់ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាតួលេខពិតប្រាកដមានប្រហែល ៣០ ០០០នាក់។
ហ្វីលីពីនបានដកខ្លួនចេញពី ICC ក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ឌូទើតេ ប៉ុន្តែតុលាការបានអះអាងថា ខ្លួនមានយុត្តាធិការលើការសម្លាប់ដែលបានកើតឡើងមុននោះ រួមទាំងអ្នកនៅទីក្រុង Davao ភាគខាងត្បូងនៅពេលលោក ឌូទើតេ ជាអភិបាលក្រុង។ តុលាការ ICC បាននិយាយនៅក្នុងដីកាចាប់ខ្លួនរបស់ខ្លួនថា មានសំអាងសមហេតុផលក្នុងការជឿថាយ៉ាងហោចណាស់មនុស្ស ១៩នាក់ត្រូវបានសម្លាប់នៅទីក្រុង Davao ដោយសមាជិកនៃ «ក្រុមមរណៈ Davao» ដែលដឹកនាំដោយលោក ឌូទើតេ ។
លើសពីនេះ ចៅក្រម ICC ក៏បានអះអាងដែរថា យ៉ាងហោចណាស់មនុស្ស ២៤នាក់ ត្រូវបានប៉ូលិសហ្វីលីពីនសម្លាប់នៅតាមទីតាំងផ្សេងៗ។
រូបភាពនយោបាយនៅហ្វីលីពីនបានផ្លាស់ប្តូរ បន្ទាប់ពីមានការប្រេះឆា រវាងគ្រួសារលោក ម៉ាកូស និង លោក ឌូទើតេ កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីឡើងកាន់អំណាចដោយចងសម្ព័ន្ធភាព ជាមួយកូនស្រី លោក ឌូទើតេ គឺ លោកស្រី សារ៉ា ឌូទើតេ,លោក ម៉ាកូស បានអះអាងថា លោកនឹងមិនសហការជាមួយ ICC ឡើយ។
ប៉ុន្តែគំនិតនេះត្រូវបានផ្លាស់ប្តូរកាលពីចុងឆ្នាំមុន នៅពេលដែលទីក្រុងម៉ានីលបាន អនុញ្ញាតឱ្យអ្នកស៊ើប អង្កេត ICC ទៅកាន់ហ្វីលីពីនដោយស្ងាត់ស្ងៀម ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការ សហការជាមួយនឹងដីកាចាប់ខ្លួន។ កាលពីសប្តាហ៍មុន លោកស្រី Claire Castro អនុប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតីបាននិយាយថា ៖«ប្រសិនបើ Interpol ស្នើសុំការគាំទ្រចាំបាច់ពីរដ្ឋាភិបាល ពួកគេមានកាតព្វក្នុងការកិច្ចអនុវត្តភ្លាម»។
ទោះបីជាយ៉ាងណា វាមិនច្បាស់ទេថា តើលោក ម៉ាកូស នឹងមិនលូកឡំ ដើម្បីដាក់អ្នកស្នងតំណែងមុនលោកនៅក្នុងការកាត់ក្តីនៅទីក្រុងឡាអេ។ រឿងហេតុនេះ បានបណ្តាលឱ្យមានការបែកបាក់គ្នាកាន់តែខ្លាំង រវាងអ្នកគាំទ្រ និងអ្នករិះគន់របស់លោក ឌូទើតេ ក៏ដូចជាការជជែកវែកញែកជុំវិញដីកាចាប់ខ្លួន ឬជំហានបន្ទាប់នឹងប្រែប្រួលយ៉ាងណានោះ។
ទោះបីយ៉ាងណាក៏ដោយ លោក ម៉ាកូស បានបញ្ជាក់ថា ការចាប់ខ្លួនលោក ឌូទើតេ បញ្ជូនទៅតុលាការ ICC មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ដោយរដ្ឋាភិបាលអនុវត្តតាមបញ្ជាប៉ូលិស Interpol តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: