UCL៖ Arsenal ជួប Real , Dortmund-Barca, Aston Villa-PSG និង Bayern-Inter វគ្គ១/៤ផ្តាច់ព្រ័ត្រ
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
UCL៖ Arsenal ជួប Real , Dortmund-Barca, Aston Villa-PSG និង Bayern-Inter វគ្គ១/៤ផ្តាច់ព្រ័ត្រ

ក្រុម Arsenal, Aston Villa, Borussia Dortmund និង Real Madrid ជាក្រុមខ្លាំង ៤ បន្ថែមទៀត ដណ្តើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទីពីរ វគ្គ ១៦ក្រុម រៀងៗខ្លួនៗ។ ទៅកាន់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រូវប៉ះក្រុម Arsenal ខណៈ Bayern Munich ជួបជើងខ្លាំងអ៊ីតាលី Inter Milan, Borussia Dortmund ជួប Barcelona និង Aston Villa ប៉ះ Paris Saint Germain។
TTN-Free-Banner-In-Article-PC


Arsenal ទោះបីជានៅការប្រកួតជើងទីពីរ បញ្ចប់ត្រឹមតែលទ្ធផលស្មើ ២-២ ទល់នឹងក្រុម PSV Eindhoven ក៏ដោយ ប៉ុន្តែនៅជើងទីមួយ បានយកឈ្នះក្រុមមកពីហូឡង់ នៅក្នុងលទ្ធផលរហូតដល់ ៧-១។ ក្រុមរហស្សនាមកាំភ្លើងធំ បានបញ្ចប់ការប្រកួតទាំង ២ជើង ដោយលទ្ធផលសរុបចំនួន ៩-៣។

២គ្រាប់របស់ក្រុម Arsenal នៅការប្រកួតជើងទី២ សម្រេចបានដោយកីឡាករខ្សែការពារ Zinchenko នៅនាទី៦ និងខ្សែបម្រើ Declan Rice នៅនាទី៣៧។ ចំណែក ២គ្រាប់ របស់ក្រុមមកពីហូឡង់ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Ivan Perisic នាទី១៨ និងកីឡាករ Couhaib Driouech នាទី៧០។ Arsenal នឹងត្រូវបន្តដំណើររបស់ខ្លួនទៅវគ្គ ១/៤ ចុងក្រោយ ដោយត្រូវតទល់នឹងក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ដែលទើបទម្លាក់ Atletico Madrid នៅការប្រកួតលទ្ធផលសរុបទាំង ២ជើង ស្មើ ១-១ និងយកឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-២។



ការប្រកួតរវាងក្រុម Real Madrid ទល់នឹងក្រុម Atletico Madrid ដែលជាជំនួបទីក្រុងតែមួយ ​Madrid Derby កាលពីជើងទីមួយនៅលើទឹកដីកីឡដ្ឋាន Santiago Bernabeu ក្រុមម្ចាស់ផ្ទះ Real បានយកឈ្នះការប្រកួតលទ្ធផល ២-១។ ពេលវិលត្រឡប់ទៅកាន់ទឹកដីកីឡដ្ឋាន Wanda Metropolitano ក្រុមម្ចាស់ផ្ទះ Atletico រកបានគ្រាប់បាល់ ១គ្រាប់មកវិញ ដើម្បីតាមស្មើលទ្ធផលសរុបទាំង ២ជើង ស្មើ ២​-២។ Real Madrid ឈ្នះកៅអីវគ្គបន្ទាប់ ក្រោយពីពួកគេឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-២ ដើម្បីទៅជួបក្រុម Arsenal។

​ក្រុម Aston Villa បានផ្តួលក្រុម Club Brugge នៅជើងទី២ លទ្ធផល ៣-០ បន្ថែមទៀត បន្ទាប់ពីការប្រកួតជើងទីមួយកន្លងមក ក្រុមមកពីអង់គ្លេសបានផ្តួលក្រុមមកពីបែលហ្ស៊ីក លទ្ធផល ៣-០ រួចមកហើយ។ 



ឈ្នះការប្រកួតសរុបទាំង ២ជើង ដោយលទ្ធផល ៦-១ ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Unai Emery ក៏នឹងត្រូវមានភារកិច្ចធំបន្តទៀត ដោយត្រូវបន្តប៉ះក្រុម Paris Saint Germain ដែលពួកគេទើបតែទម្លាក់ក្រុមជើងខ្លាំងអង់គ្លេស Liverpool ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-១ បន្ទាប់លទ្ធផលទាំង ២ ជើងស្មើ ១-១។

Borussia Dortmund មកពីអាល្លឺម៉ង់ ជាក្រុមជើងឯករងរដូវកាលមុន​ ក៏បានឈ្នះលើក្រុម Lille មកពីបារាំង ដើម្បីឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីផ្តួលក្រុមបារាំងលទ្ធផល ២-១ នៅការប្រកួតជើងទី២ ខណៈការប្រកួតជើងទីមួយ ក្រុមទាំង ២ បានបញ្ចប់ត្រឹមតែលទ្ធផលស្មើ ១-១។ ទៅការប្រកួតបន្ទាប់ Dortmund នឹងត្រូវតទល់ក្រុម Barcelona ដែលកំពុងតែឡើងជើងខ្លាំងក្នុងរដូវកាលនេះ នៅវគ្គ ៨ក្រុមបន្ត៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង