លោក ជីវ កេង៖ បើចៅក្រមមិនគោរពច្បាប់ ប្រព័ន្ធតុលាការនឹងអនាធិបតេយ្យ
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៤៩ នាទី រសៀល

លោក ជីវ កេង ប្រធានតុលាការកំពូល។ រូបពី ក្រសួងយុត្តិធម៌
ភ្នំពេញ៖ លោក ជីវ កេង ប្រធានតុលាការកំពូល បានណែនាំឱ្យចៅក្រមទាំងអស់ គោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធានាឯករាជ្យភាព សេចក្ដីថ្លៃថ្នូរ ក្នុងនាមជាចៅក្រម។ ការណែនាំរបស់ប្រធានតុលាការកំពូល ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ វិស័យយុត្តិធម៌ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១២មីនា ដែលមានសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ប្រមាណ៤០០នាក់ចូលរួម។

សម្រាប់ លោក ជីវ កេង អង្គចៅក្រម ត្រូវតែជាបុគ្គលដែលមានសមត្ថភាព សុចរិត មានសីលធម៌ស្អាតស្អំ ហើយជាទីគោរព និងទំនុកចិត្តពីប្រជាពលរដ្ឋ និងសង្គមជាតិ។
លោក ជីវ កេង សង្កត់ធ្ងន់ដូច្នេះ៖«សេចក្តីថ្លៃថ្នូរបស់ចៅក្រម គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដើម្បីទទួលបានការគោរព ជាទី ទំនុកចិត្ត [...] រឿងដែលធំនៅទីនេះ គឺផ្តើមចេញពីយើងម្នាក់ៗ បើយើងមិនគោរព មិនធ្វើ តាមច្បាប់ក្នុងនាមជាចៅក្រម រឿងហ្នឹង នឹងកើតទៅជាអនាធិបតេយ្យ ក្នុងប្រព័ន្ធតុលាការ។»។
បើតាមលោក ជីវ កេង តាមរយៈការដោះស្រាយសំណុំរឿងក្នុងក្របខណ្ឌនីតិវិធីឧបាស្រ័យ ពាក់ព័ន្ធនឹងសង្ស័យពីភាពមិនប្រក្រតីនានា នៃការអនុវត្តវិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញានោះ ក្រុមប្រឹក្សាវិន័យរកឃើញថា មានចៅក្រម និងព្រះរាជអាជ្ញា ភាគច្រើនលើសលប់ បានបំពេញកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ប្រធានតុលាការកំពូល បានកោតសរសើរចំពោះការអនុវត្តមុខងារប្រកបដោយមនសិការរបស់ចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ និងបានលើកទឹកចិត្ត ឱ្យបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងគុណតម្លៃរបស់ខ្លួន។
ទោះយ៉ាងណា នៅក្នុងកន្ត្រកតែមួយ មានត្រីខ្លះស្អុយ! លោក ជីវ កេង មិនបានបដិសេធរឿងនេះទេ។
ថ្លែងនៅចំពោះមុខអង្គសន្និបាតដដែល ប្រធានតុលាការកំពូលរូបនេះ ទទួលស្គាល់ថា នៅមានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនតូច ខ្ជីខ្ជា មិនគោរពវិន័យ ដោយបានបំពេញភារកិច្ច ប្រាសចាកមនសិការ និងវិជ្ជាជីវៈរបស់ខ្លួន ទោះបីជាមានការរំឭក ដាស់តឿន ជាប្រចាំក៏ដោយ។
«ការណ៍នេះបានជះឥទ្ធិពលដ៏អាក្រក់ដល់ស្នូលនៃការស្ថាបនាទំនុកចិត្ត លើស្ថាប័នយុត្តិធម៌យើង។»។ លោក ជីវ កេង បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា ចំណាត់ការចំពោះបញ្ហាបំពានមុខងារ ដែលត្រូវទទួលទណ្ឌកម្មវិន័យ តាមប្បញ្ញតិ្តនៃមាត្រា៥៥ (ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា)។ ក្នុងករណីធ្ងន់ធ្ងរ វិធានការវះកាត់ចេញ នឹងត្រូវអនុវត្ត។ លោក ជីវ កេង ប្រដូចការវះកាត់ចៅក្រម និងព្រះរាជអាជ្ញាធរដែលបានបំពានវិជ្ជាជីវៈទាំងនោះ ដូច្នេះ៖ «បើត្រីណាមួយស្អុយ ត្រូវដកត្រីនោះចេញ កុំឱ្យស្អុយដល់ត្រីដទៃទៀតនៅក្នុងកន្ត្រក»។
ផ្ទុយទៅវិញ ចំពោះអ្នកដែលស្អាតស្អំ និងបានបន្តបំពេញមុខងារខ្លួនបានល្អនោះ យន្តការនៃការលើកទឹកចិត្តក្នុងប្រព័ន្ធតុលាការ នឹងត្រូវធ្វើឡើងដោយមត់ចត់ យុត្តិធម៌ តម្លាភាព តាមរយៈការវាយតម្លៃ ដំឡើងថ្នាក់ ឋានន្តរស័ក្តិ ផ្តល់គ្រឿង ឥស្សរិយយស ផ្តល់ការសរសើរ និងការតែងតាំងតំណែងជាដើម។ នេះបើតាមលោក ជីវ កេង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: