លោកពូទីន បញ្ជាទ័ពរុស្ស៊ី បណ្តេញទ័ពអ៊ុយក្រែនពីតំបន់Kursk ឱ្យឆាប់បំផុត
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១២:៥៩ នាទី រសៀល

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចនៅតំបន់ Kursk។ រូបភាព Kremlin
កងទ័ពរុស្ស៊ី ចាំបាច់កម្ទេចកម្លាំងរបស់អ៊ុយក្រែន នៅក្នុងតំបន់Kursk ដែលស្ថិតនៅភាគខាងលិចរុស្ស៊ី ឱ្យបានឆាប់បំផុត ដើម្បីបង្កើតតំបន់សន្តិសុខតាមព្រំដែន។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង នៅតំបន់ Kursk ចាប់តាំងអ៊ុយក្រែនលួចវាយប្រហារនៅក្នុងខែសីហា ឆ្នាំ២០២៤។

ជាលើកដំបូងចាប់តាំងពីទ័ពអ៊ុយក្រែនលួចវាយចូលតំបន់ Kursk ក្នុងខែសីហា ឆ្នាំ២០២៤ លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៣ ខែមីនា បានបំពេញទស្សនកិច្ចនៅតំបន់ភាគខាងលិចរុស្ស៊ីមួយនេះ ដើម្បីលើកទឹកចិត្ត និងបញ្ជាឱ្យកងទ័ពបណ្តេញទ័ពអ៊ុយក្រែនចេញពីដីខ្លួនឱ្យបានឆាប់បំផុត។
«កងកម្លាំងរុស្ស៊ី គួរតែយកឈ្នះលើកម្លាំងសត្រូវ ដែលចូលក្នុងតំបន់ Kursk និងពាក់ព័ន្ធប្រតិបត្តិការយោធាឱ្យបានឆាប់បំផុត»។ ទីភ្នាកងារព័ត៌មាន Tass បានស្រង់សម្តីលោក ពូទីន ដែលបានពាក់ឯកសណ្ឋានជាទាហាន នៅថ្ងៃទី១៣ ខែមីនា។ បើតាមលោក ពូទីន កងទ័ពរុស្ស៊ី ត្រូវតែរំដោះតំបន់ភាគខាងលិចមួយនេះ ចេញពីដៃសត្រូវ ដើម្បីបង្កើតតំបន់សន្តិសុខមួយ ជាមួយនឹងរដ្ឋតាមព្រំដែនផ្សេងទៀត។
ត្រង់ចំណចនេះ លោក ពូទីន ទំនងបង្ការការវាយប្រហារពីសំណាក់អ៊ុយក្រែនជាថ្មីនៅពេលអនាគត ហើយកាន់តែមានទឹកមាត់នៅលើតុចរចា។ កន្លងមក អ្នកតាមដានសង្រ្គាមនៅអ៊ុយក្រែន យល់ថា វត្តមានទ័ពអ៊ុយក្រែន នៅក្នុងដីរុស្ស៊ី អាចជាផ្នែកមួយយកទៅចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។
ប្រសិនបើ កងទ័ពរុស្ស៊ី អាចបណ្តេញទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk វាជាឱកាសកាន់តែធំសម្រាប់លោក ពូទីន មុនដំណើរទស្សនកិច្ចរបស់លោក Steve Witkoff ប្រេសិតអាម៉េរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ា នៅទីក្រុងមូស្គូ នៅក្នុងសប្តាហ៍នេះ។
ក្នុងជំនួបមន្រ្តីអ៊ុយក្រែន និងអាម៉េរិកនៅលើទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១១ ខែមីនា អ៊ុយក្រែន បានឯកភាពទទួលសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃរបស់អាម៉េរិក ដោយបទឈប់បាញ់នោះ អនុវត្តលើដែនអាកាស ដែនទឹក និងដោះលែងអ្នកទោស។ ពេលនេះ ការសម្រេចចិត្តលើបទឈប់បាញ់ ត្រូវធ្លាក់លើដៃរុស្ស៊ី។
គួររម្លឹកថា នៅក្នុងខែសីហា ឆ្នាំ២០២៤ កងទ័ពអ៊ុយក្រែន បានវាយប្រហារលើតំបន់ Kursk ហើយបានគ្រប់គ្រងមួយផ្នែកនៃតំបន់នេះ។ ប៉ុន្តែមួយរយៈចុងក្រោយ កងទ័ពរុស្ស៊ី បានដណ្តើមបានភូមិមួយចំនួន ត្រលប់មកវិញនៅតំបន់ភាគខាងលិចរបស់រុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: