វិភាគមុខងារ៖ ក្រសួង​រ៉ែ បង្កើតមុខងារ និងភារកិច្ចថ្មីមួយចំនួន តែខំ​រៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
វិភាគមុខងារ៖ ក្រសួង​រ៉ែ បង្កើតមុខងារ និងភារកិច្ចថ្មីមួយចំនួន តែខំ​រៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង
រូបភាពពីក្រសួង​មុខងារសាធារណៈ។

ភ្នំពេញ៖ បន្ទាប់ពី​អនុវត្ត​ការ​ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់​រដ្ឋាភិបាល​ ក្រសួង​រ៉ែ និងថាមពល បាន​បង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង​ ប៉ុន្តែក្រសួងខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្របតាមអនុសាសន៍«ពង្រឹងជាជាងពង្រីក»និង«រៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។ នេះ​ជាការ​លើក​ឡើងរបស់​លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល នៅព្រឹក​ថ្ងៃទី​១៣ មីនានេះ​។
TTN-Free-Banner-In-Article-PC


នៅព្រឹកនេះ​ ក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែ និងថាមពល សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែ និងថាមពល»។ សិក្ខាសាលានេះ​ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

នា​សិក្ខាសាលាលោក​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពី​ការ​អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែល​ក្រសួងបានរៀបចំរបាយការណ៍ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធជូន​ក្រសួង​មុខងារសាធារណៈ និង​បានកែសម្រួលតាមសេចក្តីព្រាង។ ជា​មួយ​គ្នានេះ  ក្រសួងក៏បានរៀបចំរួចរាល់នូវអនុក្រឹត្យពាក់ព័ន្ធការកំណត់មុខងារ និងរចនាសម្ព័ន្ធអង្គភាពចំណុះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ​។

«ជាលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងរ៉ែនិងថាមពល ទោះបីយើងខ្ញុំមានការបង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង ប៉ុន្តែក្រសួងបានខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្របតាមអនុសាសន៍ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។ នេះជាការ​លើកឡើងរបស់​លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ 

បើតាម​លោក កែវ រតនៈ មន្ត្រីនៃក្រសួងរ៉ែទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់ដំណាក់កាលបន្តបន្ទាប់ខាងមុខ ដើម្បីឈានដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និង​ដើម្បីធានាដល់ការប្រព្រឹត្តទៅរបស់ក្រសួង មានប្រសិទ្ធភាព និងប្រសិទ្ធផល។ 

អត្ថបទទាក់ទង

ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះកិច្ចការវិភាគមុខងារនេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត  និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។
 
សូមបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ ត្រូវបានចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ