កាណាដា ​ដាក់​ពន្ធ​សងសឹក​លើ​ទំនិញ​អាម៉េរិក​តម្លៃ ​២០​ពាន់​លាន​ដុល្លារ
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
កាណាដា ​ដាក់​ពន្ធ​សងសឹក​លើ​ទំនិញ​អាម៉េរិក​តម្លៃ ​២០​ពាន់​លាន​ដុល្លារ
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ ។ រូបភាព ៖ AFP

កាណាដាបានប្រកាសពន្ធសងសឹកលើទំនិញអាម៉េរិកដែលមានតម្លៃ  ២៩,៨ពាន់លានកាណាដា (២០,៦ពាន់លានដុល្លារ) ដែលអនុវត្តចាប់ពីថ្ងៃទី១៣ ខែមីនា តទៅ។
TTN-Free-Banner-In-Article-PC


វិធានការសងសឹករបស់កាណាដា អនុវត្តចំពោះផលិតផលដែលនាំចូលពីអាម៉េរិក រួមមាន  ដែកថែបមានតម្លៃ ១២,៦ ពាន់លានកាណាដា (៨,៧ ពាន់លានដុល្លារ) អាលុយមីញ៉ូមមានតម្លៃ ៣ ពាន់លានកាណាដា (២,១ ពាន់លានដុល្លារ) និងទំនិញផ្សេងទៀតមានតម្លៃ ១៤,២ ពាន់លានកាណាដា (៩,៨ ពាន់លានដុល្លារ) ក៏ដូចជា កុំព្យូទ័រ ឧបករណ៍កីឡា ផលិតផលដែកមួយចំនួន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក Dominic LeBlanc បាននិយាយថា នេះការសម្រេចចិត្តសងសឹកប្រឆាំងនឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចូលជាធរកាលពីថ្ងៃទី ១២ ខែមីនា។ បច្ចុប្បន្ន កាណាដាជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតទៅកាន់អាម៉េរិក។

ភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដា បានកើនឡើងនាពេលថ្មីៗនេះ។ កាលពីដើមខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដាក់ពន្ធនាំចូលលើទំនិញទាំងអស់ពីកាណាដា និងម៉ិកស៊ិក។ ពន្ធនេះចូលជាធរមានចាប់ពីថ្ងៃទី៤ ខែមីនា។ លើកលែងតែថាមពលរបស់កាណាដា ដែលជាប់ពន្ធ ១០ភាគរយ ចំណែកផលិតផលផ្សេងទៀតពីប្រទេសទាំងពីរត្រូវជាប់ពន្ធ ២៥ភាគរយ ។

កាណាដាបានឆ្លើយតបភ្លាមៗ ដោយការដាក់ពន្ធ ២៥ភាគរយ លើទំនិញរបស់អាម៉េរិកដែលមានតម្លៃ ៣០ពាន់លានដុល្លារកាណាដា។ ផលិតផលសរុបចំនួន ១២៥៦មុខត្រូវបានរងផលប៉ះពាល់ រួមមាន ទឹកក្រូច ប៊័រ សណ្តែកដី ស្រា ស្រាបៀរ កាហ្វេ ទំនិញប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ ស្បែកជើង ម៉ូតូ គ្រឿងសំអាង ឈើ និងក្រដាស។

ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក អាម៉េរិកបានប្រកាសពន្យារពេលពន្ធលើរថយន្ត និងផលិតផលដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ជិតមួយខែ។ ដូច្នេះកាណាដា ក៏បានពន្យារពេលដំណាក់កាលទី២ នៃផែនការសងសឹករបស់ខ្លួនជាមួយនឹងទំនិញអាម៉េរិកចំនួន ១២៥ពាន់លានកាណាដា។

កាលពីថ្ងៃទី១១ ខែមីនា លោក ត្រាំ បាននិយាយថា លោកបានដឹកនាំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យដំឡើងពន្ធនាំចូលទ្វេដងលើអាលុយមីញ៉ូម និងដែកថែបរបស់កាណាដាដល់ ៥០ភាគរយ ដើម្បីឆ្លើយតបទៅនឹងខេត្ត Ontario របស់កាណាដាដែលដាក់ពន្ធ ២៥ភាគរយ លើអគ្គិសនីដែលនាំចេញទៅអាម៉េរិកចាប់ពីថ្ងៃទី១០ ខែមីនា។ 

យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមកការសម្រេចចិត្តនេះ ត្រូវបានផ្លាស់ប្តូរនៅពេលអភិបាលខេត្ត Ontario បាននិយាយថា ការដំឡើងថ្លៃអគ្គិសនីនឹងត្រូវបានផ្អាក។

នៅថ្ងៃទី១១ ខែមីនាដែរ លោក ត្រាំ បានគំរាមដំឡើងពន្ធនាំចូលលើរថយន្តដែលចូលអាម៉េរិកចាប់ពីថ្ងៃទី២ ខែមេសា ប្រសិនបើកាណាដាមិនលុបចោលពន្ធនាំចូលហួសហេតុផ្សេងទៀត។ សង្រ្គាមពាណិជ្ជកម្មនៅអាម៉េរិកខាងជើងកាន់តែតានតឹងឡើង នៅពេលដែលនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ រៀបចំប្រគល់អំណាចទៅឱ្យអ្នកស្នងតំណែងទៅលោក Mark Carney ដែលបានឈ្នះការប្រណាំងថ្នាក់ដឹកនាំបក្សសេរីនិយមកាលពីថ្ងៃទី៩ ខែមីនា។

នៅថ្ងៃទី១០ ខែមីនា លោក Carney បាននិយាយថា លោកមិនអាចនិយាយជាមួយលោក ត្រាំ រហូតដល់លោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ។ ទន្ទឹមនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ នៅតែបន្តប្រកាសថា លោកចង់ឱ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់អាម៉េរិក។ 

ប៉ុន្មានម៉ោង ក្រោយកាណាដាប្រកាសដាក់​ពន្ធ​សងសឹក​លើ​ទំនិញ​អាម៉េរិក​តម្លៃ ​២០​ពាន់​លាន​ដុល្លារ នៅថ្ងៃទី១៣ ខែមីនា លោក ត្រាំ​គំរាមដាក់ពន្ធលើពប្រទេសក្បែរខាងមួយនេះបន្ថែមទៀត៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង