CanCham សម្ពោធការិយាល័យថ្មី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងកាណាដា និងកម្ពុជា
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤៥ នាទី រសៀល
CanCham សម្ពោធការិយាល័យថ្មី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងកាណាដា និងកម្ពុជា

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកាណាដានៅកម្ពុជា (CanCham) បានបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងអគារ Connexion កោះពេជ្រ។  នេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកាណាដា និងកម្ពុជា។

ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយក្នុងការប្រកាសជាផ្លូវការពីការបើកស្ថានទូតថ្មីរបស់ប្រទេសកាណាដានៅរាជធានីភ្នំពេញផងដែរ ដែលបានបើកដំណើរការដោយស្ងាត់ៗ កាលពីថ្ងៃទី០១ ខែមីនា កន្លងទៅនេះ។ លោក David Verbiwski ដែលជាភារធារីនៃស្ថានទូតកាណាដា បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍនេះ និងបានប្រកាសបេសកកម្មពាណិជ្ជកម្មរបស់ប្រទេសកាណាដានៅក្នុងខែឧសភាខាងមុខនេះ ដែលនឹងនាំយកក្រុមហ៊ុនជាង ៨០ ដើម្បីមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។



លោក Verbiwski បានបញ្ជាក់ថា៖ «ស្ថានទូត និងគណៈប្រតិភូពាណិជ្ជកម្មរបស់ប្រទេសកាណាដា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ចំពោះអនាគតនៃសេដ្ឋកិច្ចរបស់កម្ពុជា។ បេសកកម្មពាណិជ្ជកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ឲ្យប្រសើរឡើង»។



លោកស្រី Emily Yu ដែលជាប្រធាននៃ CanCham បានស្វាគមន៍ភ្ញៀវកិត្តិយសយ៉ាងកក់ក្តៅ ដោយបានសង្កត់ធ្ងន់លើតួនាទីរបស់សភាក្នុងការផ្សារភ្ជាប់ធុរកិច្ច និងការលើកកម្ពស់ការរីកចម្រើនរួមគ្នា។ លោកស្រីបានមានប្រសាសន៍ថា៖ «ការិយាល័យថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់យើង ក្នុងការដើរតួជាវេទិកាមួយ សម្រាប់ធុរកិច្ចនៃគ្រប់ជាតិសាសន៍ទាំងអស់ដើម្បីសហការគ្នា និងពង្រីកវិសាលភាពរបស់ពួកគេ»។

សមាជិកថ្នាក់ដឹកនាំទាំងអស់នៃ CanCham ដែលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះ រួមមាន លោក Victor La ជានាយករៀបចំព្រឹត្តិការណ៍ លោក David Stevenson ជានាយកផ្នែកទីផ្សារ និងទំនាក់ទំនង លោកស្រី Denis Barre ជាលេខាធិការ-ហេរញ្ញិក និង លោកស្រី Yein Ngo ជាអនុប្រធាន។ កិច្ចពិភាក្សានាពេលនោះ បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗ រួមទាំងសន្ទស្សន៍នៃការផ្លាស់ប្តូរធុរកិច្ច ឌីជីថល ដែលត្រូវបានរចនាឡើងដើម្បីជួយក្រុមហ៊ុនក្នុងការវាស់វែង និងកែលម្អសមត្ថភាពឌីជីថលរបស់ពួកគេឲ្យប្រសើរឡើង។



ចំណុចសំខាន់មួយទៀត គឺភាពជាដៃគូដ៏យូរអង្វែងរបស់ CanCham ជាមួយធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា។ លោកស្រី Romny Theam ដែលជានាយកប្រតិបត្តិទទួលបន្ទុកផ្នែកកិច្ចការខាងក្រៅរបស់ធនាគារ ABA បានធ្វើការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រដល់នវានុវត្តន៍ និងការរីកចម្រើនធុរកិច្ច។ លោកស្រីបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ធនាគារ ABA លើការផ្លាស់ប្តូរឌីជីថល និងលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសនានា។

លើសពីនេះទៀត CanCham បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយស្ថាប័ន UN Women ដែលធ្វើឱ្យខ្លួនក្លាយជាសភាដំបូងគេនៅកម្ពុជា ក្នុងការសហការលើការជំរុញការអភិវឌ្ឍសមភាពយេនឌ័រ នៅក្នុងធុរកិច្ច។ គំនិតផ្តួចផ្តើមនេះ ស្របតាមគោលការណ៍ផ្តល់សិទ្ធិអំណាចរបស់ស្ត្រី (WEPs) ដែលលើកទឹកចិត្តដល់គោលនយោបាយកន្លែងធ្វើការដែលយុត្តិធម៌ និងឱកាសភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី។



តាមរយៈការិយាល័យថ្មី ស្ថានទូតដែលប្រសើរជាងមុន និងបេសកកម្មពាណិជ្ជកម្មដ៏សំខាន់មួយ នាពេលខាងមុខ CanCham នឹងដើរតួនាទីសំខាន់ក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកាណាដា និងកម្ពុជា ឲ្យស៊ីជម្រៅជាងមុន។ អ្នកដឹកនាំធុរកិច្ចដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានសម្តែងសុទិដ្ឋិនិយមចំពោះភាពជាដៃគូថ្មី ការពង្រីកការវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចរួមគ្នាកាន់តែច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ