រដ្ឋមន្ត្រីមហាផ្ទៃ ជឿជាក់ថា បញ្ហាគ្រឿងញៀន អាចពាក់ព័ន្ធមន្ត្រីផ្ទៃក្នុងមួយចំនួន
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៧ នាទី រសៀល
រដ្ឋមន្ត្រីមហាផ្ទៃ ជឿជាក់ថា បញ្ហាគ្រឿងញៀន អាចពាក់ព័ន្ធមន្ត្រីផ្ទៃក្នុងមួយចំនួន

ភ្នំពេញ៖ មន្ត្រីនគរបាលទាំងអស់ មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនទេ ហើយត្រូវដកខ្លួន និងកែប្រែឥរិយាបថជាបន្ទាន់លើករណីបទល្មើសនេះ។ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានជាថ្មីបែបនេះ ទៅកាន់មន្ត្រី នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នាថ្ងៃទី១២ ខែមីនា ។
TTN-Free-Banner-In-Article-PC


លោក ស សុខា បានសង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀននេះ មិនមែនលើតែពលរដ្ឋទូទៅឡើយ ពោលគឺត្រូវបន្តស្រាវជ្រាវលើមន្រ្តីកងកម្លាំងផង ។ បើតាមប្រមុខមហាផ្ទៃរូបនេះ ករណីគ្រឿងញៀននេះ ក៏មានមន្ត្រីផ្ទៃក្នុងក្រសួងមហាផ្ទៃមួយចំនួន ជាប់ពាក់ព័ន្ធដែរ ។ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធនឹងមន្ត្រីផ្ទៃក្នុងទេ បែបករណីគ្រឿងញៀននេះ មិនសូវធំប៉ុណ្ណឹងទេ»។ នេះបើតាមរដ្ឋមន្រ្តីមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានក្រើនរំឭកថា រដ្ឋាភិបាលអាណត្តិនេះ អនុវត្តយន្តការអភិក្រមវះកាត់សាច់ស្អុយចោលតែម្ដង ពោលគឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ។ «ដូច្នេះហើយ ពីវេទិការនេះ ខ្ញុំសូមព្រមានសូមកុំឱ្យមានការប៉ះពាល់ ឬមួយច្រឡូកច្រឡំជាមួយក្រុម(គ្រឿងញៀន)នេះ ព្រោះថាធ្លាប់មានករណីប៉ះពាល់មកហើយ មិនទាន់ឃើញមានអ្នកណាទទួលបានជោគជ័យ ក្រៅពីការបណ្ដេញចេញពីក្របខណ្ឌ និងទទួលទោសទណ្ឌនោះទេ»។ 

«សម្អាតផ្ទះយើងឱ្យស្អាតសិន មុននឹងទៅសម្អាតផ្ទះគេ»។ នេះជាការលើកឡើងរបស់លោក ស សុខា ដែលបានបន្ថែមថា ករណីនេះ ជាបញ្ហាធំ ដែលកំពុងសាចទឹកដាក់គ្នារវាងរដ្ឋ និងរដ្ឋទៀតផង។

កន្លងមកក្រសួងមហាផ្ទៃ បានអនុវត្តវិធានការបណ្ដេញមន្ត្រីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀនចេញពីក្របខណ្ឌ រាប់រយនាក់មកហើយ។ 

សម្រាប់ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី ដែលកើនឡើង ២.៥៦៧ករណី ស្មើ ៣១,៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២៧.០៧១នាក់ កើន ៣៥,៥៣ភាគរយ , រឹបអូសគ្រឿងញៀន ជិត១៥តោន កើនឡើង ជិត១២តោន ស្មើនឹង ៣៩៨,៨២ភាគរយ (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ជាង១តោន និងថយចុះ ៧៦ភាគរយបើធៀបនឹងឆ្នាំ២០២៣។

ក្នុងចំណោមគ្រឿងញៀន ដែលរឹបអូសបាននេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី ដែលមានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន ,អាម៉េរិកខាងត្បូង និងអាម៉េរិកកណ្តាល ។ ចំណែកកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនទៀត មានប្រភពពីតំបន់អឺរ៉ុប។ នេះបើតាមក្រសួងមហាផ្ទៃ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ