អ្នកចាត់ការ Man Utd ប្រាប់កីឡាករមិនអាចប្រកែកចំពោះការរិះគន់ ពីសហម្ចាស់ក្លិប លោក Ratcliffe
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:១៤ នាទី រសៀល

លោក Ruben Amorim បានផ្តាំទៅក្រុមកីឡាករ Manchester United ថាពួកគេមិនអាចប្រកែកចំពោះការរិះគន់ ពីសំណាក់សហម្ចាស់ក្លិបលោក Sir Jim Ratcliffe ចំពោះទម្រង់លេងមិនល្អគ្រប់គ្រាន់ និងកីឡាករខ្លះ មានសមត្ថភាពមិនសមតម្លៃពលកម្មនោះទេ។

លោក Jim Ratcliffe មហាសេដ្ឋីអង់គ្លេស ដែលកាន់ភាគហ៊ុនក្លិបបិសាចក្រហម ២៥ភាគរយ បានចេញមុខរិះគន់កីឡាករខ្លះថា មិនទាន់ល្អគ្រប់គ្រាន់ និងកីឡាករខ្លះមានសមត្ថភាពមិនសមតម្លៃខ្លួន និងថ្លៃពលកម្ម។
ទាក់ទងនឹងបញ្ហានេះ អ្នកចាត់ការព័រទុយហ្កាល់ ត្រូវបានអ្នកកាសែតសួរអំពីការរិះគន់ពីសំណាក់សហម្ចាស់ក្លិប វ័យ ៧២ឆ្នាំ ហើយអ្នកចាក់ការវ័យក្មេង ក៏បានផ្តាំទៅកីឡាករខ្លួនថាពួកគេមិនអាចប្រកែក ចំពោះការរិះគន់នោះបានឡើយ។ អ្នកចាត់ការវ័យ ៤០ឆ្នាំ ដាស់តឿនក្រុមកីឡាករ និងក្រុមការងារក្នុងក្លិបឱ្យផ្លាស់ប្តូរចិត្តគំនិតរបស់គេ។
«ខ្ញុំគិតថា ប្រសិនបើយើងគ្រប់គ្នា បង្ហាញភាពស្មោះត្រង់ក្នុងពេលនេះ កីឡាករទាំងអស់គឺពិតជាធ្លាក់ទម្រង់លេងខ្លាំងមែនទែន នៅរដូវកាលនេះ។ ដូច្នេះយើងនៅតែអាចផ្លាស់ប្តូរ និងកែប្រែរឿងនេះ។ ខ្ញុំក៏បានបញ្ចូលរូបខ្ញុំ ទៅក្នុងបញ្ហានេះ ជាហេតុនៃការធ្លាក់ទម្រង់លេង ប្រសិនបើអ្នកជាកីឡាករកំពូល ហើយលេងក្នុងបាល់ទាត់ច្រើនជាងខ្ញុំ មនុស្សជាច្រើននឹងនិយាយថា ខ្ញុំគឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយសម្រាប់ក្លិបមួយនេះ។ ហើយខ្ញុំមានអារម្មណ៍ថា អ្នកនឹងអាចផ្លាស់ប្តូរវា ជាមួយនឹងលទ្ធផលដល់ក្រុម។ ពេលហ្វឹកហាត់ ខ្ញុំក៏ទទួលបានអារម្មណ៍ថាពួកគេ ក៏ពិតជាចង់បានលទ្ធផលល្អខ្លាំងផងដែរ។»។ លោក Amorim បាននិយាយនៅក្នុងសន្និសីទកាសែត មុនជំនួបពានរង្វាន់ Europa League ថ្ងៃទី១៣ មីនា ចូលមកដល់។
លោក Ratcliffe ថែមទាំងបាននិយាយសំដៅចំៗ ទៅកីឡាករមួយចំនួន ដែលលោកចាត់ទុកថា នៅមុនការមកដល់ក្លិបដំបូងរបស់លោក អ្នកដឹកនាំចាស់ បានចាយប្រាក់ខ្ជះខ្ជាយ និងទិញកីឡាករមានសមត្ថភាពមិនល្អគ្រប់គ្រាន់។
នៅក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន INEOS លើកពីកីឡាករមួយចំនួនរួមមាន Jadon Sancho, Antony, Rasmus Hojlund, Casemiro, Andre Onana ជាដើម៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: