២ខែដើមឆ្នាំ កម្ពុជារកបានចំណូលជាង ១០៦លានដុល្លារ ពីការនាំចេញកៅស៊ូ
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
២ខែដើមឆ្នាំ កម្ពុជារកបានចំណូលជាង ១០៦លានដុល្លារ ពីការនាំចេញកៅស៊ូ

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង ១០៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ៥៩ ៣២៥តោន និងឈើកៅស៊ូ ៣ ៧៣១ម៉ែត្រគីប។ នេះបើតាមរបាយការណ៍ របស់​អគ្គនាយក​ដ្ឋានកៅស៊ូ ដោយចំនួននេះ គិតចាប់ពីខែមករា​ ដល់ខែកុម្ភៈ។
TTN-Free-Banner-In-Article-PC

 
អគ្គនាយក​ដ្ឋានកៅស៊ូ បានបញ្ជាក់ថា​ ២ខែដើមឆ្នាំនេះ កម្ពុជាផលិតជ័រកៅស៊ូបាន ៥៩ ៣២៥ តោន ថយចុះ ៧១៤តោន ឬស្មើ ១,១៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែក ការនាំចេញវិញមានចំនួន ៥៤ ៥៨៧តោន ថយចុះ ៣ ៦៧២តោន ស្មើ ៦,៣០​ភាគរយ ធៀបពេលដូចគ្នាឆ្នាំមុន ដែលនាំឱ្យកម្ពុជាបានចំណូល ១០៦ ០៨៨ ៧៦៤ដុល្លារ។ ក្នុងរយៈពេលដដែលនោះ កម្ពុជាក៏បានបញ្ចេញលក់ឈើកៅស៊ូចំនួន ៣ ៧៣១ម៉ែត្រគីប ឬមានតម្លៃ ៩៦៨ ៥៣០ដុល្លារ ផងដែរ។ 
 
ដោយឡែក ក្នុងខែកុម្ភៈវិញ​ កម្ពុជាផលិតផលជ័រកៅស៊ូបាន ១៧ ៩៩២តោន ថយចុះ ២៣ ៣៤១ តោន ស្មើ ៥៦,៤៧ភាគរយ ធៀបនឹងខែមករា និងបានថយចុះ ៤៥៥តោន ស្មើ ២,៤៦ភាគរយ ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះ កម្ពុជាក៏ផលិតផលបានឈើកៅស៊ូ ចំនួន ៣ ២៥០ម៉ែត្រគីប។
 
ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគឺ ១ ៩០៧ដុល្លារ ក្នុងមួយតោន ថយចុះ ២៦ ដុល្លារ ឬស្មើ ១,៣៤ភាគរយ ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ៤៤១ដុល្លារក្នុងមួយតោន ស្មើ ៣០,១ភាគរយ ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានតម្លៃជាមធ្យម ១ ៤៦៦ដុល្លារក្នុងមួយតោន។ ចំណែក ឈើកៅស៊ូគិតជាមធ្យមមានតម្លៃ ៣០៣ដុល្លារ ក្នុងមួយម៉ែត្រគីប។ 
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ ៤២៥ ៤៤៣ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមាន ៣៣០ ២៥៩ ហិកតា ស្មើ ៧៨ ភាគរយ និងផ្ទៃដីថែទាំ ៩៥ ១៨៤ ហិកតា ស្មើ ២២ ភាគរយ។ ផ្ទៃដី​កៅស៊ូកសិឧស្សាហកម្ម ២២៣ ១២២ ហិកតា ស្មើ ៥២ ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ ២២៣ ១២២ ហិកតា ស្មើ ៤៨ភាគរយ។
 
កាលពីឆ្នាំ ២០២៤កន្លងទៅ កម្ពុជាផលិតបានជ័រកៅស៊ូ ៤០៧ ២០៩ តោន ក្នុងនោះ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណ ៣៣៨ ០០០តោន ឬស្មើទឹកប្រាក់ ៦៥៨ ១៥២ ០០០ដុល្លារ៕

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា