រដ្ឋមន្ត្រីយុត្តិធម៌ បន្ទោសសាលាឧទ្ធរណ៍មួយចំនួន ដែលចេញសាលក្រម សាលដីកា គ្មាន ​សំ​អាងហេតុ
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤៩ នាទី រសៀល
រដ្ឋមន្ត្រីយុត្តិធម៌ បន្ទោសសាលាឧទ្ធរណ៍មួយចំនួន ដែលចេញសាលក្រម សាលដីកា គ្មាន ​សំ​អាងហេតុ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបពីក្រសួងយុត្តិធម៌

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហួសចិត្តសាលាឧទ្ធរណ៍មួយចំនួន ចេញ សាលក្រម សាលដីកា ដោយមិនមានសំអាងហេតុផ្ទាល់ខ្លួន ក្នុងនាមជាតុលាការជាន់ទី ពីរ។ រដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យ យុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី១២ ខែមីនា។
TTN-Free-Banner-In-Article-PC

 
នៅចំពោះមុខអង្គសន្និបាតដែលមានអ្នកចូលប្រមាណ៤០០នាក់ ​លោក កើត រិទ្ធ អះអាងថា បានពិនិត្យមើលសាលក្រម សាលដីកាជាច្រើន ដោយកត់​សម្គាល់​ឃើញ ពីភាពអសកម្មរបស់ស្ថាប័នតុលាការ។ 
 
រដ្ឋមន្ត្រីហួសចិត្ត ដែលសាលាឧទ្ធរណ៍ ឬតុលាការជាន់ទីរ ​ចេញសាលដីកា ដោយ​គ្មាន​សំអាងហេតុ ខណៈសំអាងហេតុជាមូលដ្ឋានដ៏សំខាន់ ក្នុងដំណើរការសំណុំរឿង។ រដ្ឋ​មន្ត្រីសង្កត់ធ្ងន់បែបនេះ ៖«សាលដីកាមួយចំនួន អត់មានសំអាងហេតុទេ ដោយសារគាត់ថា គាត់ឯកភាព​ទាំង​ស្រុង​តាមសំអាងហេតុរបស់សាលាដំបូង។ ជាតុលាការជាន់ទី២ ប៉ុន្តែគ្មានសំអាង​ហេតុ​ផ្ទាល់​ខ្លួន យើងគិតមើល! សាលដីកា(បែប)ហ្នឹងមាន។ អ៊ីចឹងយើងត្រូវផ្លាស់​ប្តូរ ទាំងឥរិយាបថក្នុងការធ្វើការងាររបស់យើងផង ប៉ុន្តែយើងត្រូវបង្កើន​ភាពប្រុងប្រយ័ត្ន ភាពម៉ត់ចត់របស់យើង នៅក្នុងការសរសេរសេចក្តីសំអាងហេតុ។»។
 
បញ្ហានេះ លោក កើត រិទ្ធ  ពិនិត្យឃើញ កើតមានច្រើននៅពេលលោកយកសាលក្រម និងសាលដីកាមកអាន។ យ៉ាងណាក៏ដោយ បច្ចុប្បន្នលោកពិនិត្យឃើញ ពុំសូវមានមានច្រើនឡើយ។លោក កើត រិទ្ធ ក៏បានព្រមានដែរ ថ្ងៃមុខបើមានការ​ស្រាវ​ជ្រាវ ឬស្ទង់មតិ អាចនឹងរកឃើញថា ការ​សម្រេចរបស់សាលាឧទ្ធរណ៍ ភាគច្រើនផ្អែកតាម​សំអាងហេតុ​របស់សាលាដំបូង។

ជាមួយ​គ្នា​ដែររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានរំឭកពីស្មារតីនៃការបង្កើតសាលាឧទ្ធរណ៍ ដើម្បី​ស្រាវជ្រាវរកអង្គហេតុនៃសំណុំរឿង ដែលសាលាដំបូងបានសម្រេចឡើងវិញ។ ដូច្នេះ លោក បញ្ជាក់បន្ថែមថា នឹងរៀបចំឱ្យមានកិច្ចប្រជុំនៅពេលខាងមុខ ដើម្បីជជែកពី ការ​ចេញសាលក្រម សាលដីកា រួមទាំងបញ្ហាជុំវិញករណីនេះ។
 
សូមស្ដាប់ប្រសាសន៍របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី