អ្នកជំនាញ ជោគជ័យជួសជុលប្រាង្គមួយ នៃប្រាសាទសង្កែសឹង្ហ នៅស្រុកស្វាយលើ
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង នៃប្រាសាទសង្កែសឹង្ហ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ពីចាប់ផ្ដើមការងារអភិរក្សកាលពីដើមឆ្នាំ២០២៥។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង នៃ ប្រាសាទសង្កែសឹង្ហហើយ នៅអំឡុងខែមីនានេះ បន្ទាប់ពីចាប់ផ្ដើមការងារអភិរក្សកាល ពី ដើមឆ្នាំ២០២៥។ នេះបើតាមអាជ្ញាធរជាតិអប្សរា។

ប្រាសាទសង្កែសឹង្ហ ជាប្រាសាទប្រាង្គ៤ ដោយប្រាង្គ៣សាងពីឥដ្ឋ និងមួយទៀតជាប្រាង្គថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាសាទនេះ ស្ថិតក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានចម្ងាយជិត៨០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។
បើតាមអាជ្ញាធរជាតិអប្សរា មុនការជួសជុលប្រាង្គឥដ្ឋខាងត្បូង រងការខូចខាតខ្លាំងទៅលើរចនាសម្ព័ន្ធប្រាង្គ។ ការខូចខាតទាំងនោះរួមមាន ខឿនផ្នែកខាងក្រោម, ខ្លោងទ្វារខាងមុខ, ជញ្ជាំងពុក ប្រេះហែកចេញពីគ្នា និងរុក្ខជាតិដុះលើប្រាង្គ។

ស្ថានភាពប្រាង្គឥដ្ឋខាងត្បូង មុនជួសជុល។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
បើតាម លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកជួសជុល ដែលត្រូវបានអាជ្ញាធរជាតិអប្សរា បានស្រង់សម្តី មកចុះផ្សាយ ក្រុមការងារជុសជុលលោក បានបញ្ចប់ជាស្ថាពរ ការជួសជុលប្រាង្គឥដ្ឋខាងត្បូង ប្រាសាទសង្កែសឹង្ហនេះ។ លោក ពុទ្ធ សុទ្ធ ពន្យល់លម្អិតដូច្នេះ៖ «ក្រុមការងារបានពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយករុក្ខជាតិដែលដុះលើប្រាសាទចេញ។»។
គួរជម្រាបផងដែរថា ប្រាសាទសង្កែសឹង្ហ ជាប្រាសាទដែលកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ កសាងឡើងនៅពាក់កណ្ដាសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ។
ប្រាង្គបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ មានការឆ្លាក់ក្បាច់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ។ ឯសសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសសរ ក៏មានការតុបតែងបានល្អប្រពៃដែរ។ ចំណែកប្រាង្គមួយទៀត នៅខាងក្រោយសាងពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាង្គកណ្តាលនេះ បានតភ្ជាប់និងបន្តុបថ្មភក់មួយដែលបានរចនាយ៉ាងល្អឯក៕

លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

ប្រាង្គឥដ្ឋខាងត្បូង នៃប្រាសាទសង្កែសឹង្ហ អំឡុងការជួសជុល។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: