អ្នកជំនាញ ជោគជ័យជួសជុលប្រាង្គមួយ នៃប្រាសាទសង្កែសឹង្ហ នៅស្រុកស្វាយលើ
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
អ្នកជំនាញ ជោគជ័យជួសជុលប្រាង្គមួយ នៃប្រាសាទសង្កែសឹង្ហ នៅស្រុកស្វាយលើ
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង នៃប្រាសាទសង្កែសឹង្ហ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ពីចាប់ផ្ដើមការងារអភិរក្សកាលពីដើមឆ្នាំ២០២៥។ រូបភាព៖​ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង នៃ ប្រាសាទសង្កែសឹង្ហហើយ នៅអំឡុងខែមីនានេះ បន្ទាប់ពីចាប់ផ្ដើមការងារអភិរក្សកាល ពី ដើមឆ្នាំ២០២៥។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
TTN-Free-Banner-In-Article-PC

 
ប្រាសាទសង្កែសឹង្ហ ជាប្រាសាទប្រាង្គ៤ ដោយប្រាង្គ៣សាងពីឥដ្ឋ និងមួយទៀតជាប្រាង្គថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាសាទនេះ ស្ថិតក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានចម្ងាយជិត៨០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ 
 
បើតាមអាជ្ញាធរជាតិអប្សរា មុនការជួសជុលប្រាង្គឥដ្ឋខាងត្បូង រងការខូចខាតខ្លាំងទៅលើរចនាសម្ព័ន្ធប្រាង្គ។ ការខូចខាតទាំងនោះរួមមាន ខឿនផ្នែកខាងក្រោម, ខ្លោងទ្វារខាងមុខ, ជញ្ជាំងពុក ប្រេះហែកចេញពីគ្នា និងរុក្ខជាតិដុះលើប្រាង្គ។ 

ស្ថានភាពប្រាង្គឥដ្ឋខាងត្បូង មុនជួសជុល។ រូបភាព៖​ អាជ្ញាធរជាតិអប្សរា
 
បើតាម លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកជួសជុល ដែលត្រូវបានអាជ្ញាធរជាតិអប្សរា បាន​ស្រង់​សម្តី មកចុះ​ផ្សាយ ​ក្រុមការងារជុសជុលលោក បាន​បញ្ចប់ជាស្ថាពរ ការជួសជុល​ប្រាង្គឥដ្ឋខាងត្បូង ប្រាសាទសង្កែសឹង្ហនេះ។ ​លោក ពុទ្ធ សុទ្ធ ពន្យល់លម្អិតដូច្នេះ៖ «ក្រុមការងារ​បានពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយករុក្ខជាតិដែលដុះលើប្រាសាទចេញ។»។ ​
 
គួរជម្រាបផងដែរថា ប្រាសាទសង្កែសឹង្ហ ជាប្រាសាទដែលកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ កសាងឡើងនៅពាក់កណ្ដាសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ។

ប្រាង្គបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ មានការឆ្លាក់ក្បាច់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ។ ឯសសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសសរ ក៏មានការតុបតែងបានល្អប្រពៃដែរ។ ចំណែកប្រាង្គមួយទៀត នៅខាងក្រោយសាងពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាង្គកណ្តាលនេះ បានតភ្ជាប់និងបន្តុបថ្មភក់មួយដែលបានរចនាយ៉ាងល្អឯក៕ 
លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល។ រូបភាព៖ អាជ្ញាធរជាតិអប្សរា 
ប្រាង្គឥដ្ឋខាងត្បូង នៃប្រាសាទសង្កែសឹង្ហ អំឡុងការជួសជុល។ រូបភាព៖​ អាជ្ញាធរជាតិអប្សរា 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី