អត្ដពលិកកីឡាទូក ដែលមានសមត្ថភាពនិងក្រមសីលធម៌ល្អ នឹងត្រូវរើសចូលជម្រើសជាតិ
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៤៩ នាទី ល្ងាច

លោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង រូបពីសហព័ន្ធ
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ទេពកោសល្យ និងមានក្រមសីលធម៌ល្អ ដើម្បីចូលរួមប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ។ សហព័ន្ធ នឹងរៀបចំការប្រកួតនេះ នៅថ្ងៃទី២០-២១ ខែមីនា នៅ ទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា ការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិនេះ គឺធ្វើឡើងដើម្បីត្រៀមសម្រាប់ការចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំ២០២៥។

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជ្រើសរើសទីតាំងទន្លេវៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើជាកន្លែងប្រកួតតេស្ដ និងចម្រាញ់យកកីឡាករ-កីឡាការិនី ដែលមានសក្ដានុពល និងប្រកបដោយសីលធម៌ ចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ នៅថ្ងៃទី២០-២១ មីនា។ លោក គង់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រមូលផ្ដុំអត្តពលិកឆ្នើមក្នុងក្រុមជម្រើសជាតិ គឺដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Games នៅប្រទេសចិន, ស៊ីហ្គេម លើកទី៣៣ និងព្រឹត្តិការណ៍អន្ដរជាតិនានា។
មន្ដ្រីបច្ចេកទេសរូបនេះ បាននិយាយថា៖«យើង ធ្វើតេស្ដកីឡាករ-កីឡាការិនី ក្នុងគោលបំណងជ្រើសរើសកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ទេពកោសល្យ និងសីលធម៌ល្អ សម្រាប់ចូលរួមប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០២៥ ដើម្បីចូលរួមប្រកួតកីឡា World Games នៅប្រទេសចិន, ស៊ីហ្គេម នៅប្រទេសថៃ និងព្រឹត្តិការណ៍អន្ដរជាតិជាច្រើនទៀត។»។
ក្រុមជម្រើសជាតិទូកកម្ពុជា នឹងមានភារកិច្ចប្រកួតជាច្រើនសម្រាប់ឆ្នាំ២០២៥ ជាពិសេសគឺការចូលរួមព្រឹត្តិការណ៍ World Games នៅប្រទេសចិន ដែលធ្វើ ៤ឆ្នាំម្ដង។
World Games 2025 នឹងត្រូវធ្វើពិធីបើកព្រឹត្តិការណ៍ នៅថ្ងៃទី៧ សីហា ហើយបញ្ចប់នៅថ្ងៃទី១៧ សីហា នៅទីក្រុង Chendu ប្រទេសចិន។ ដោយឡែកសម្រាប់វិញ្ញាសាកីឡាទូក ប្រភេទកីឡានេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦-១១ សីហា ដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងចូលរួមប្រកួតលើវិញ្ញាសាទូកប្រពៃណីអន្ដរជាតិ។ សហព័ន្ធកីឡាជាតិនេះ ក៏នឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី៩-២០ ធ្នូ ២០២៥។
ការទទួលពាក្យចុះឈ្មោះប្រកួតធ្វើតេស្ដ នឹងបិទនៅថ្ងៃទី១៧ ខែមីនា។ គិតត្រឹមថ្ងៃទី១៣ ខែមីនា មានអត្ដពលិកចុះឈ្មោះក្នុងការប្រកួតនេះ ចំនួន៥០នាក។
នៅថ្ងៃទី២០ មីនា សហព័ន្ធតេស្ដអត្ដពលិក លើប្រភេទកីឡាទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង។ ការធ្វើតេស្ដនោះ មានដូចវិញ្ញាសាដូចជា៖ អាវ៉ង់, ដូមីណូ, រត់ចម្ងាយ ២០០០ម៉ែត្រ, ឡើងរបារហ្វិច, ធ្វើតេស្ដជាមួយទូកតាមប្រភេទនីមួយៗ តេស្ដសុខភាព និងធ្វើតេស្ដរកសារធាតុញៀន។
ចំណែកថ្ងៃទី២១ ខែមីនា សហព័ន្ធ នឹងធ្វើតេស្ដអត្ដពលិក លើប្រភេទកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ«ទូកនាគ»។ ការធ្វើតេស្ដ មានដូចជា៖ អាវ៉ង់, ដូមីណូ, រត់ចម្ងាយ ២០០០ ម៉ែត្រ, ឡើងរបាហ្វិច, ធ្វើតេស្ដជាមួយទូកនាគ និងធ្វើតេស្ដសុខភាព និងតេស្ដរកសារធាតុញៀន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: