ជិត ៥០ភាគរយនៃប្រជាជនកាណាដា ចង់ឲ្យប្រទេសពួកគេចូលរួមសហភាពអឺរ៉ុប
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប , លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា (កណ្តាល) និងលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបភាព ៖ EPA-EFE
ការស្ទង់មតិមួយបានបង្ហាញថា ៤៦ភាគរយនៃប្រជាជនកាណាដា ចង់ឱ្យប្រទេសនេះក្លាយជាសមាជិកទី២៨ នៃសហភាពអឺរ៉ុប ប៉ុន្តែសហភាពអឺរ៉ុបបានអះអាងថា គំនិតនេះគឺមិនអាចទៅរួចនោះទេ។

ការស្ទង់មតិដោយ Abacus Data ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះបានបង្ហាញថា ៤៦ភាគរយនៃប្រជាជនកាណាដា គាំទ្រលទ្ធភាពឲ្យប្រទេសនេះចូលរួមជាមួយសហភាពអឺរ៉ុប (EU) ខណៈ ២៩ភាគរយ បានប្រឆាំងគំនិតនេះ ហើយ ២៥ភាគរយនៅមិនទាន់សម្រេចចិត្ត។ Abacus Data គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងបោះឆ្នោតរបស់កាណាដា ដែលមានទីស្នាក់ការនៅរាជធានីអូតាវ៉ា ខេត្ត Ontario។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធម្តងហើយម្តងទៀតឱ្យកាណាដាក្លាយជារដ្ឋទី៥១ របស់អាម៉េរិក។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ គឺជា «ការគំរាមកំហែងពិតប្រាកដ»ដល់ប្រទេសនេះ។
ចំនួនមនុស្សដែលចង់ឱ្យកាណាដាចូលរួមសហភាពអឺរ៉ុបគឺខ្ពស់ជាង ១០ភាគរយដែលគាំទ្រឱ្យក្លាយជារដ្ឋទី៥១ របស់អាម៉េរិក។ តួលេខនេះគឺខ្ពស់ជាង ៤៥ភាគរយនៃជនជាតិអង់គ្លេសដែលគាំទ្រលទ្ធភាពនៃការចូលជាសមាជិកសហភាពអឺរ៉ុបឡើងវិញ។
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោកស្រី Paula Pinho បានអះអាងថា លោកស្រីស្វាគមន៍លទ្ធផលស្ទង់មតិនេះ ដោយបន្ថែមថា ពួកគេបង្ហាញពីភាពទាក់ទាញរបស់ EU ហើយថា ប្រជាជនកាណាដាភាគច្រើនបានកោតសរសើរសហភាពអឺរ៉ុប និងគោរពឲ្យតម្លៃ។
ទោះជាយ៉ាងណា បើតាមលោកស្រី Pinho អនាគតរបស់កាណាដាក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបគឺ«មិនអាចទៅរួចនោះទេ» ហើយលោកស្រីនឹងមិនពិចារណាវាទេ។ នេះបើតាមសារព័ត៌មានកាណាដា CTV News ។
កាណាដាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុបរួចហើយ ដែលជាគោលដៅនាំចេញធំទី២របស់ខ្លួន បន្ទាប់ពីអាម៉េរិក។
មាត្រា ៤៩ នៃសន្ធិសញ្ញាស្តីពីសហភាពអឺរ៉ុបចែងថា មានតែប្រទេសនៅអឺរ៉ុបប៉ុណ្ណោះដែលអាចដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបបាន។
ប្រទេសជាច្រើនដែលមានទឹកដីនៅក្រៅអឺរ៉ុបដីគោក បានដាក់ពាក្យចូលជាសមាជិក EU ប៉ុន្តែមិនបានជោគជ័យ។ តួកគីដែលមានទីតាំងនៅអាស៊ីខាងលិច ត្រូវបានគេផ្តល់ឋានៈជាបេក្ខភាពឱ្យចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកបានជាប់គាំងតាំងពីពេលនោះមក។ ម៉ារ៉ុកបានដាក់ពាក្យចូលសហភាពអឺរ៉ុបក្នុងឆ្នាំ ១៩៨៧ ប៉ុន្តែត្រូវបានច្រានចោលព្រោះវាមិនមែនជាប្រទេសអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: