តើអនាគតរដ្ឋាភិបាលថ្មី​​នៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយម​ដាក់សំពាធកាន់តែខ្លាំង​?
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
តើអនាគតរដ្ឋាភិបាលថ្មី​​នៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយម​ដាក់សំពាធកាន់តែខ្លាំង​?
បុរសម្នាក់ដើរក្រោម​ព្រិលទឹកកក ខណៈទង់កោះហ្ក្រូអិនឡង់ដ៍បក់រវិចនៅពីក្រោយ។ ក្រុង Nuuk កោះហ្ក្រូអិនឡង់ដ៍ ថ្ងៃទី៨មីនា​២០២៥ REUTERS - Marko Djurica

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)

កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដី​ស្វយ័តរបស់​ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារ​ទី​១១មីនា​។ ជាលទ្ធផលគួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ គឺគណបក្សស្តាំកណ្តាលនិយម ដែលបានសំឡេងឆ្នោតនាំមុខគេ រីឯគណបក្ស​​ឯករាជនិយមដែលទាមទារចង់ផ្តាច់ខ្លួនពី​ដាណឺម៉ាក ស្ថិតនៅលំដាប់ទី​២​។ ទោះជាយ៉ាងណា គណបក្សស្តាំកណ្តាលនិយមត្រូវតែចរចា​ជាមួយប​ក្សផ្សេង ដើម្បី​បង្កើតរដ្ឋាភិបាលចម្រុះ​។ ជារដ្ឋាភិបាល​ដែលនឹងមកកំណត់ទិសដៅ​ត្រូ​វដើរ សម្រាប់អនាគតកោះហ្ក្រូអិន​ឡង់ដ៍ ដែល​កំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខ្លាំង ដោយសារតែលោកដូណាល់ ត្រាំ បាន​និយាយ​ម្តងហើយម្តងទៀត ថាចង់​បានកោះនេះមកគ្រប់គ្រង​។
TTN-Free-Banner-In-Article-PC
 

ការបោះឆ្នោតសភា​តំបន់ស្វយ័តហ្ក្រូអិនឡង់ដ៏ កាលពីថ្ងៃអង្គារទី​១១មីនា​​ បានបង្ហាញ​លទ្ធផលគួរឲ្យ​ភ្ញាក់ផ្អើល ព្រោះគណបក្សស្តាំកណ្តាល​និយម Demokraatit បានឈ្នះបានអាសនៈច្រើនជាងគេ ខណៈគណបក្សជាតិនិយម​ឯករាជ្យ Naleraq ស្ថិតនៅលេខរៀងទី​២។ ជ័យជំនះគណ​បក្សទាំង២នេះ បានរុញទម្លាក់​សម្ព័ន្ធភាពនយោបាយ​ដែល​បានកាន់អំណាចនៅហ្ក្រូអិនឡង់ដ៍ ​ប្រមាណ​ជាង​២០​ឆ្នាំមកហើយ​នោះ ឲ្យ​បរាជ័យ គឺ​សម្ព័ន្ធភាពរវាងគណបក្ស​​ ឆ្វេងបរិស្ថាននិយម Inuit Ataqatigiit និងបក្សសង្គមប្រជាធិបយេ្យ Siumut។

តើពេលនេះ អនាគតនៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅផ្លូវណា? ផ្លូវឈានទៅ​មាន​អធិបតេយ្យភាពដោយ​សន្សឹមៗ ផ្លូវឯករាជ្យផ្តាច់ខ្លួន​ជ្រះស្រលះភ្លាម​ៗ​​ពី​ដាណឺម៉ាក ឬក៏ជា​​ផ្លូវឆ្ពោះ​ទៅជ្រក​ក្រោមម្លប់ទង់ជាតិ​សហរដ្ឋអាមេរិក? គណបក្សទាំង​៥ ដែល​បានឈ្នះអាសនៈក្នុងការបោះឆ្នោតសភា នៅថ្ងៃអង្គារទី​១១មីនា បានជួបប្រជុំគ្នានៅថ្ងៃបន្ទាប់​ ដើម្បីនិយាយពិភាក្សាគ្នា​ស្តីអំពីការបង្កើតរដ្ឋាភិបាលចម្រុះ​។

ឯករាជ្យ​លឿន ឬដោយសន្សឹមៗ?

លោក​ Dwayne Menezes នាយក​កម្មវិធីស្រាវជ្រាវ Polar Research & Policy បានលើកឡើងថា ជាការពិតណាស់ គឺហ្ក្រូអិនឡង់នឹងដើរឆ្ពោះទៅរក​​ឯករាជ្យ​ តែផ្លូវដើរ​មានលក្ខណៈបែបណា​ ឆ្ងាយ​ឬជិត គឺវាអាស្រ័យ​លើ​ការសម្រេចចិត្ត​របស់គណបក្ស Demokraatit នាពេលនេះ ថាតើនឹងរួមបង្កើត​​រដ្ឋាភិបាលចម្រុះ​ជាមួយអ្នកណា​។

លោកស្រី​ Lill Rastad BjØrst សាស្ត្រាចារ្យនៅសកលវិទ្យាល័យកូប៉េនហាហ្ក បាន​លើកឡើងថា ប្រសិន​បើ​បក្ស​ Demokraatit ជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយ​បក្ស Naleraq នោះមានន័យថា ពួកគេត្រូវ​តែ​​​ពន្លឿនកម្មវិធីនយោបាយ​ដើម្បីឈានទៅមាន​ឯករាជ្យ និងបង្កើតរដ្ឋហ្ក្រូអិនឡង់ដ៍។

គួរកត់សំគាល់ថា គណបក្សជាតិនិយមឯករាជ្យ​ Naleraq ថ្វីបើឈ្នះបានចំនួន​​អាសន្នៈលេខរៀងទី២មែន តែបក្សនេះ​បានទទួលសន្ទុះគាំទ្រ​យ៉ាងខ្លាំង ពោលគឺក្នុងរវាង៤ឆ្នាំចុងក្រោយ​នេះបាន​កើនអាសនៈទេ្វដង​។ ​ដូច្នេះ​បក្សនេះ​នឹង​កាន់តែមានទឹកចិត្តប្រឹងប្រែង​ អនុវត្តផែនការនយោបាយខ្លួន​ ដើម្បីឈានទៅផ្តាច់ខ្លួនកោះហ្ក្រូអិនឡង់ដ៍ ពីដាណឺម៉ាក ជាផ្លូវការ​និង​ឲ្យ​បានឆាប់បំផុត​។

លោកស្រី Anne Marrild សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Aalborg បាន​លើកឡើងថា បើធ្វើរដ្ឋាភិបាលចម្រុះជាមួយបក្ស Naleraq គឺបក្សនេះនឹងសំពាធជាប្រចាំទៅ​លើ​បក្ស Demokraatit ដើម្បីពន្លឿន​ដំណើរការឆ្ពោះទៅទាមទារឯករាជ្យ​។ ជាក់ស្តែង លោក​ Pele Broberg ប្រធានបក្ស​ Naleraq បានប្រកាសប្រាប់​ទីភ្នាក់​AFP​ថា ហ្ក្រូអេនឡង់ដ៍ ត្រូវ​​ផ្តាច់ខ្លួន​ចេញពីដាណឺម៉ាកក្នុងពេលឆាប់រហ័សបំផុត ដោយ​យកគំរូតាមនីតិវិធីដូចករណី​ផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបនៅឆ្នាំ​១៩៨៥ ដែលប្រើពេលតែ​៣ឆ្នាំ​ គឺរួចស្រេចបាច់​។

ទង់ជាតិដាណឺម៉ាក បក់រវិចនៅ​លើទីទួល​ក្បែររូបសំណាកលោក Hans Egede បេសកជនដាណឺម៉ាកដែល​​បានចាប់ផ្តើមដាក់អាណា​និគមលើ​កោះក្រូអិនឡង់ដ៍ នៅ​រវាងឆ្នាំ​១៧២១ REUTERS - Marko Djurica

អាមេរិកចាំត្របាក់ បើបានឯករាជ្យតែទន់ខ្សោយ !

ទន្ទឹមគ្នានេះ មាន​មតិវិភាគមួយចំនួន បានបង្ហាញការព្រួយបារម្ភប្រសិនបើហ្ក្រូអិនឡង់ដ៍ផ្តាច់ខ្លួន​ចេញ​ពីដាណាម៉ាកដោយ​តក់ក្រហល់ពេក។ បញ្ហានេះ នឹងធ្វើ​ឲ្យកោះហ្ក្រូអិនឡង់ដ៍ តែលតោល មានអស្ថិរភាព គ្មាន​អ្វី​ការពារខ្លួន ទល់នឹងមហិច្ឆតាស្រេកឃ្លានរបស់​លោកដូណាល់ ត្រាំ ដែល​ចិញ្ចឹមចិត្តចាំតែត្របាក់យក​ហ្ក្រូអិនឡង់ដ៍។ ពោលគឺវាមិនខុសពី​ទុកសាច់​នៅនឹងមាត់ខ្លានោះឡើយ​។

លោកស្រី​ Lill Rastad BjØrst លើកឡើងថា ជម្រើសមួយទៀត គឺបក្ស​ Demokraatit អាចនឹង​ជ្រើសរើសដើរតាមកម្មវិធីនយោបាយរបស់គេផ្ទាល់ខ្លួន ហើយ​ផ្តោតអាទិភាព សម្រាប់រដ្ឋាភិបាលថ្មី ទៅលើ​កំណើនសេដ្ឋកិច្ចនិងជីវភាព​ប្រជាជនហ្ក្រូអិនឡង់ដ៍​។ ផ្អែក​តាមតួលេខ សេដ្ឋកិច្ច​ហ្ក្រូអិនឡង់ដ៍ពឹងផ្អែកខ្លាំងណាស់ ទៅលើទិន្នផល​នេសាទ ដែលមានទំហំស្មើនឹង​៩៥%នៃការនាំចេញរបស់ខ្លួន។ 

មួយវិញទៀត ជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលដាណឺម៉ាក គឺមានទំហំ​ធំគួរសម ស្មើនឹង​១ភាគ​៥ នៃ​ចំណូលដុល របស់ហ្ក្រូអិនឡង់ដ៍។ លោកស្រីសាស្ត្រាចារ្យបានពន្យល់ ទោះគ្មានកាលវិភាគ​នយោបាយ​ឲ្យជាក់ច្បាស់ក៏ដោយក្រោយ​ការបោះឆ្នោត​សភា​នាពេលនេះ ក៏ប៉ុន្តែគ្រប់បក្សនយោបាយ​សុទ្ធតែមានអារម្មណ៍​អាសន្នបន្ទាន់ ត្រូវតែរូតរះបង្កើត​​រដ្ឋាភិបាល​ ដោយសារ​តែមានការប្រទាញប្រទង់គ្នាខ្លាំង រវាងដាណឺម៉ាក​និង​សហរដ្ឋអាមេរិក​។

ចង្កិះមួយបាច់កាច់មិនបាក់​

សូមបញ្ជាក់ថា​ រដ្ឋាភិបាល​ស្វយ័តក្រូអិនឡង់ដ៍ថ្មី ត្រូវប្រមូល​ឲ្យ​បាន​ចំនួន​អាសនៈ ១៦ក្នុងចំណោមទាំង​អស់​៣១នៅក្នុងសភា​។ លទ្ធផលឆ្នោត​ថ្ងៃអង្គារបង្ហាញថា គណបក្ស Demokraatit ឈ្នះបានអាសនៈត្រឹម​តែ​១០ទេ គឺខ្វះ៦ទៀត។ នៅល្ងាចថ្ងៃដឹងលទ្ធផល​បឋម លោក Jens Frederik Nielsen មេដឹកនាំវ័យ​៣៣ឆ្នាំនៃបក្ស Demokraatit បាន​ប្រកាស​ថា​លោក​ហុចដៃចាប់ជាមួយគ្រប់គ្នា។

លោកអះអាងថា ការ​រួបរួមសាមគ្គី​គ្នាគឺជាគោលការណ៍​បឋម​នៃការចរចា​។ លោក​​ Nielsen បានគូសបញ្ជាក់ជាថ្មីម្តងទៀត ថា​គោលការណ៍គ្រិះនៃកម្មវិធី​នយោបាយ​របស់បក្សDemokraatit គឺ​​​ប្រកាន់ជំហរ “ស្ងាត់ស្ងៀមមិនផ្អើលជ្រួលច្របល់” ប្រឈមនឹង​សហរដ្ឋអាមេរិក​ដែលគំរាមចង់បានហ្ក្រូអិនឡង់ ហើយទន្ទឹមនេះ​ហ្ក្រូអិនឡងដ៍ត្រូវ​តែរៀបចំ​សាងគ្រិះឲ្យរឹងមាំជាមុនសិន ដើម្បី​ឈានទៅបង្កើតរដ្ឋឯករាជ្យ​។

លោក Ulrik Pram Gad អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន​ដាណឺម៉ាកសិក្សា​អន្តរជាតិ យល់ឃើញលោក Jens Frederik Nielsen អនាគតប្រមុខរដ្ឋាភិបាល​ហ្ក្រូអិនឡង់​ នឹងជ្រើសយកផ្លូវដើរកណ្តាល​។ ពោលគឺលោក​នឹង​​ជំរុញ​ឲ្យ​ដាណឺម៉ាក​ផ្តល់សិទ្ធិស្មើភាព​​​មក​ឲ្យ​ហ្ក្រូអិនឡង់ដ៍​ឲ្យ​កាន់តែច្រើន។ តែទន្ទឹមនឹងនេះ ​លោកត្រូវតែ​ផ្តោត​អាទិភាព​ បង្កើនការវិនិយោគ​របស់ដាណឺម៉ាកមកលើ​កោះហ្ក្រូអិនឡង់ដ៍ ហើយ​ដាណឺម៉ាក​ក៏ត្រូវទទួលស្គាល់ឲ្យ​បានច្រើនជាងនេះ​ នូវ​កំហុស​ឆ្គងកាលពីអតីតកាល ដែល​​​ដាណឺម៉ាក​​​បាន​​ដាក់​​អាណានិគម​​មកលើ​កោះហ្ក្រូអិនឡង់ដ៍​។ ប្រឈមនឹង​មហិច្ឆតា​របស់លោកដូណាល់ ត្រាំ គឺរដ្ឋាភិបាលថ្មីរបស់​ហ្ក្រូអិនឡង់ដ៍ ត្រូវតែ​ផ្តោតអាទិភាពផងដែរ ទៅលើចំណងសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសជាមួយសហភាពអឺរ៉ុប​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other