នៅ​អ.ស.ប. ពលរដ្ឋប៉ាឡេស្ទីន បកអាក្រាតអំ​ពើហិង្សា​​ផ្លូវ​ភេទពីសំណាក់​អុីស្រាអែល
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
នៅ​អ.ស.ប. ពលរដ្ឋប៉ាឡេស្ទីន បកអាក្រាតអំ​ពើហិង្សា​​ផ្លូវ​ភេទពីសំណាក់​អុីស្រាអែល
លោក Chris Sidoti ជាសមាជិកគណៈកម្មការស៊ើបអង្កេតឯករាជ្យរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលស៊ើបអង្កេតស្តីអំពីស្ថានភាពសិទ្ធិពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់ដែល​អ៊ីស្រាអែលធ្វើអាណានិគម​កិច្ច​។ AP - Martial Trezzini

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ បាន​​ផ្តល់​សក្ខីកម្មដោយ​បកអាក្រាត ​​ពីទារុណកម្មនិងអំពើហិង្សា​ផ្លូវ​ភេទ ដែល​បង្កឡើង​ពី​សំណាក់​​ទាហាន អ្នកសួរ​ចម្លើយ​ ​និង​ឆ្មាំពន្ធនាគារ​អ៊ីស្រាអែល។ ការ​ចេញមុខរិះគន់​​សកម្មភាព​អមនុស្សធម៌​របស់​អ៊ីស្រាអែលនៅពេល​​នេះ ​ឋិតក្នុង​ក្របខណ្ឌ​ស៊ើបអង្កេត​​​របស់​អង្គការ​សហប្រជាជាតិ ស្តីអំពីស្ថានភាព​សិទ្ធិពលរដ្ឋ​ប៉ាឡេស្ទីន​ ក្នុង​តំបន់​អាណានិគមកិច្ចត្រួតត្រាដោយ​អ៊ីស្រាអែល​។​
TTN-Free-Banner-In-Article-PC


អ៊ីស្រាអែល​​ បាន​ប្រព្រឹត្តអំពើហិង្សា​ ធ្វើទារុណកម្ម​រាយកាយ និង​វាយ​ដំប្រដាប់​ភេទ​ ទៅ​លើ​ក្រុម​អ្នក​ទោស​ប៉ាឡេស្ទីន ដែល​ជាប់​ក្នុងពន្ធនាគារ ​អ៊ីស្រាអែល​ ហើយពលរដ្ឋ​ប៉ាឡេស្ទីន​​ក្នុង​តំបន់​អាណានិគម​កិច្ចដែល​អ៊ីស្រាអែល​ត្រួត​ត្រា ក៏ត្រូវទាហាន​​អ៊ីស្រាអែល​ជាន់ឈ្លី​ដូចគ្នា​ដែរ​។​ នេះបើតាម​សក្ខីកម្មរបស់​ប្រជា​ពលរដ្ឋប៉ាឡេស្ទីន ដែល​បានថ្លែង​​ប្រាប់​គណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ របស់​ ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​​អង្គការសហប្រជាជាតិ។ ពីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស  លោក Chris Sidoti ជា​សមាជិក​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​នេះ បាន​សង្កត់ធ្ងន់អំពីសារៈ​សំខាន់​នៃសក្ខីកម្ម​​របស់ពលរដ្ឋប៉ាឡេស្ទីន និង​ថា ពាក្យ​សម្តីរបស់​ក្រុម​ជន​រងគ្រោះ គួរតែត្រូវ​គេ​យក​ចិត្តទុកដាក់​ស្តាប់​ និងជួយ​​ដឹងឮ។

ក្នុង​សក្ខីកម្មតាមរយៈ​វីដេអូ​ ជនជាតិ​ប៉ាឡេស្ទីន លោក​ Said Abdel Fattah បានរៀបរាប់ថា អ្នក​សួរ​ចម្លើយអ៊ីស្រាអែល បាន​វាយ​ធ្វើ​បាប​រូបគេជាទម្ងន់​ ដែលធ្វើ​ឲ្យ​ចេញឈាម​ស្រោចខ្លួន​ ជាពិសេសអ្នក​សួរ​ចម្លើយអ៊ីស្រាអែលបាន​​ធ្វើទារុណកម្ម​​វាយ​ដំយ៉ាង​ចាស់ដៃ ទៅលើម្តុំ​ប្រដាប់​ភេទនិង​គូទ ដែល​បណ្តាល​ឲ្យ​ចេញឈាម​ និងឈឺចុកចាប់ខ្លាំង ស្ទើរតែ​ព្រលឹង​រត់ចេញពីខ្លួន។​ មាន​វ័យ​២៨ឆ្នាំ លោក Said Abdel Fattah ជា​គិលានុបដ្ឋាក ​ ដែល​បាន​ត្រូវ​​ទាហានអ៊ីស្រាអែល ចាប់​ខ្លួន​នៅ​ម្តុំ​ក្បែរនឹងមន្ទីរពេទ្យ al-Chifa នៅហ្កាហ្សា​​ ក្នុងខែ​វិច្ឆិកា ឆ្នាំ២០២៣។ ក្រោយ​ពី​ធ្វើ​ទារុណកម្ម​និង​ជំរិត​សួរ​ចម្លើយរួច​ហើយ ទាហាន​អ៊ីស្រាអែល​បាន​ដោះលែង​អ្នក​ថែទាំ​ជំងឺរូបនេះ ​ក្នុងខែដដែលនោះ។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ក៏​កត់​សម្គាល់​ដែរ ថា​ តាំងពី​ផ្ទុះ​ជម្លោះ​បង្ហូរឈាម​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស ជាង​១៥ខែមក ការ​ជាន់ឈ្លី​ហិង្សា​ផ្នែក​ផ្លូវភេទ បាន​កើតឡើង​ជា​ប្រចាំ និង​ជាប្រព័ន្ធ​តែម្តង។​ ជាក់ស្តែង ឲ្យតែ​យោធាអ៊ីស្រាអែល​ចុះឆែកឆេរ​ពលរដ្ឋ​ប៉ាឡេស្ទីន ​សកម្មភាព​បំពារបំពានលើផ្នែក​អវយវៈ​ភេទ តែងតែកើត​មាន មិនដែលខានឡើយ។ ប្រជាជនប៉ាឡេស្ទីន​នៅ​ហ្កាហ្សា ដែលត្រូវ​ទាហានអ៊ីស្រាអែល​ត្រួត​ពិនិត្យ​ឆែកឆេរ ត្រូវ​បង្ខំ​​ឲ្យ​ស្រាត​ខោអាវ​ទាំងអស់​។

ចំណែក​នៅ​ពន្ធនាគារអ៊ីស្រាអែល​វិញ​ ក្រៅពី​ឲ្យ​ស្រាតននលគោក អ្នក​ទោស​ប៉ាឡេស្ទីន​​ត្រូវ​សមត្ថកិច្ចអ៊ីស្រាអែល​វាយ​ដំ​នៅ​ត្រង់​ម្តុំ​កេរ្តិ៍ភេទ​ថែមទៀត។ នេះបើតាម​អ្នកស្រី​មេធាវី Sahar Francis ដោយ​សង្កត់ធ្ងន់ថា អំពើហិង្សា​របស់​អ៊ីស្រាអែល​យ៉ាងដូច្នេះ ទំនង​ក្លាយជា​គោលនយោបាយ​មួយ​ ក្នុង​បំណង​ជាន់​ឈ្លី​ពលរដ្ឋប៉ាឡេស្ទីន។​

ផ្ទុយទៅវិញ លោក Daniel Meron ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​នៅ​​អង្គការសហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ប្រតិកម្ម​តបតថា ប្រសិន​បើ​មាន​ករណី​អំពើដូច​បាន​ចោទប្រកាន់​​មែននោះ ច្បាស់ជា​រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​ស៊ើប​អង្កេត​ជាពុំខាន។​ 

មិនតែប៉ុណ្ណោះ លោក Daniel Meron ​បាន​​ស្នើឲ្យគេ​​ប្រៀបធៀប​ការ​ចោទប្រកាន់​ទាំងឡាយ​ទាំងពួង​​មកលើអ៊ីស្រាអែល ​ ទៅ​នឹង​ការ​រំលោភបំពាន​សព្វបែបយ៉ាងដែល​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​ទទួល​រងគ្រោះ​ពីសំណាក់​​ស្នាដៃ​របស់​ពួក​ប្រដាប់​អាវុធ​ហា​ម៉ាស តាំងពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២៣។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏​បានប្រាប់ទៅក្រុម​អ្នក​កាសែត​ពី​ក្រុង​ហ្សឺណែវ ដោយ​ចាត់ទុកកិច្ចប្រជុំ​ស៊ើបអង្កេត​របស់អង្គការសហប្រជាជាតិ នៅពេលនេះ ថាគ្មាន​បាន​ប្រយោជន៍​អ្វីទេ និងនាំឲ្យ​ខាតបង់ពេល​វេលា​។

ក្នុង​សប្តាហ៍​នេះ ​ក្រៅពី​គណៈ​កម្មការ​ស៊ើប​អង្កេត​ក្នុងបទល្មើសទារុណកម្ម​និង​ហិង្សា​ផ្លូវភេទ​​​ អង្គការ​សហប្រជាជាតិនៅមាន​កិច្ចពិភាក្សា​ផ្សេងទៀត​ស្តីពី​តួនាទី​ស្ត្រីប៉ាឡេស្ទីន ​នៅក្នុង​ដំណើរការកសាង ​និងស្តារ​តំបន់​ហ្កាហ្សា​ឡើងវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other