Yamal ត្រូវបានក្លិប Barca អនុញ្ញាតឱ្យតមអាហារក្នុងថ្ងៃពិធីបុណ្យរ៉ាម៉ាឌន
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ក្រុមការងារផ្នែកអាហាររូបត្ថម្ភ ប្រចាំក្លិប Barcelona បានរៀបចំរបបអាហារជាពិសេស សម្រាប់កីឡាករវ័យក្មេងកើតចេញពីឈុតយុវជន និងកំពុងជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ក្រុម Lamine Yamal នៅក្នុងអំឡុងបុណ្យរ៉ាម៉ាឌន។

នៅក្នុងអំឡុងពិធីបុណ្យរ៉ាម៉ាឌន ជាពិធីបុណ្យដ៏វិសុទ្ធ ដែលធ្វើឡើងរាងរាល់ចុងខែកុម្ភៈ រហូតដល់ចុងខែមីនា ការតមអាហារពេលថ្ងៃ ក្លាយជាការកាតព្វកិច្ចដ៏សំខាន់សម្រាប់ប្រជាជនម៉ូស្លីម ពេញវ័យទាំងអស់។ ប្រជាជនម៉ូស្លីម អំឡុងពិធីបុណ្យរ៉ាម៉ាឌន ទៀតសោត គឺត្រូវចៀសវាងការហូបអាហារ និងទឹកភេសជ្ជៈទាំងអស់ នៅចន្លោះពេលថ្ងៃរះ និងថ្ងៃលិច។
ឆ្នាំ២០២៥ ជាឆ្នាំដំបូង សម្រាប់កីឡាករវ័យក្មេង ១៧ឆ្នាំ ប្រចាំក្លិប Barcelona ក៏កំពុងតែប្រារព្ធពិធីបុណ្យរ៉ាម៉ាឌននេះដូចគ្នាដែរ ប៉ុន្តែរូបគេក៏នៅតែអាចបង្ហាញខ្លួនលេងសម្រាប់ក្រុម Barca ទន្ទឹមគ្នានេះ។
បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ AS យុវជន Yamal បានស្នើសុំទៅកាន់ក្លិបយក្សអេស្ប៉ាញ ដើម្បីអនុញ្ញាតឱ្យរូបគេតមអាហារ អំឡុងរដូវពិធីបុណ្យរ៉ាម៉ាឌន ហើយក្លិប បានបើកភ្លើងខៀវចំពោះសំណើនេះ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំ ក៏ទទួលបានអនុញ្ញាតពីអាជ្ញាធរសាសនា មិនចាំបាច់តមអាហារនៅថ្ងៃការប្រកួតបានផងដែរ។
បន្ថែមពីនេះ ក្រុមការងារផ្នែកអាហារូបត្ថម្ភប្រចាំក្លិប ក៏បានបង្កើតអាហារូបត្ថម្ភជាពិសេស សម្រាប់ Yamal ដើម្បីអាចជួយដល់កីឡាករសញ្ជាតិអេស្ប៉ាញ ឱ្យបន្តរក្សាកម្លាំង និងទម្រង់លេងល្អរបស់គេឱ្យនៅដដែល អំឡុងដំណាក់កាលសំខាន់នៃរដូវកាល។
យ៉ាងណាមកដល់ពេលនេះ នៅទូទាំងក្លិបប្រចាំក្របខណ្ឌ La Liga ក្រុមការងារផ្នែកអាហារូបត្ថម្ភ ក៏បានបង្កើតគម្រោងសម្រាប់កីឡាករ ដែលកាន់សាសនាម៉ូស្លីម ហើយប្រារព្ធពិធីបុណ្យរ៉ាម៉ាឌន។
យ៉ាងណា កីឡាករខ្លះបន្តតែបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងការតមអាហារ ខណៈកីឡាករខ្លះក៏មិនប្រតិបត្តិតឹងរ៉ឹងដែរ ហើយកីឡាករធ្វើដូចជា Yamal ដោយមិនតមអាហារនៅថ្ងៃការប្រកួតនោះឡើយ។
ការសម្រេចចិត្តតមអាហារ នៅក្នុងរដូវកាលពិធីបុណ្យរ៉ាម៉ាឌន របស់ Yamal កីឡាករឈ្នះពាន Euro 2024 ដោយរូបគេទទួលបានការណែនាំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងគេ និងលោកយាយរបស់គេ ដែលមានឈ្មោះថា Fatima ដែលបច្ចុប្បន្នកំពុងប្រារព្ធពិធីរ៉ាម៉ាឌន នៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីតទីតាំងដ៏ធំប្រារព្ធពិធីបុណ្យរ៉ាម៉ាឌនប្រចាំពិភពលោក។
នៅមុនពេលឈានចូលវ័យ ១៧ឆ្នាំ កីឡាករយុវជនក្លិប Barca បានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ នៅការប្រកួត Euro 2024 ដោយគេបានក្លាយជាកីឡាករវ័យក្មេងជាងគេបង្អស់ប្រចាំការប្រកួត ព្រមទាំងជាកីឡាករវ័យក្មេងលេងល្អបំផុតប្រចាំការប្រកួតដូចគ្នា។
Yamal ជួយអេស្ប៉ាញឈ្នះ Euro 2024 ហើយបច្ចុប្បន្នជាមួយក្លិបរហស្សនាមអ្នកមានបុណ្យ ដោយរូបគេ រកបានគ្រាប់បាល់ ១១គ្រាប់ បញ្ជូនបាល់ ១៥លើក ពីការបង្ហាញខ្លួន ៣៦ប្រកួត ទូទាំងពានរង្វាន់ទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: