ចិន នឹងផ្ដល់ជំនួយឥតសំណង២ សំខាន់ លើវិស័យកីឡានៅកម្ពុជា
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:០៦ នាទី ព្រឹក

ចិន នឹងផ្ដល់ជំនួយឥតសំណងធំ ២យ៉ាង លើវិស័យកីឡាកម្ពុជា រហូតដល់ឆ្នាំ២០២៩
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចិននឹងផ្ដល់ជំនួយឥតសំណង ២សំខាន់ៗ ក្នុងវិស័យកីឡា រហូតដល់ឆ្នាំ២០២៩។ គម្រោងផ្ដល់ជំនួយឥតសំណងនោះ គឺជំនួយផ្នែកការហ្វឹកហាត់កីឡាកម្រិតខ្ពស់ និងជំនួយផ្នែកបច្ចេកទេស ក្នុងការថែទាំពហុកីឡដ្ឋានជាតិមរតកតេជោ។

រដ្ឋាភិបាលចិន បានបើកភ្លើងខៀវ ផ្ដល់ជំនួយលើផ្នែកកីឡា មកកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអ្នកសម្របសម្រួល។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គម្រោងជំនួយសំខាន់ៗទាំង២នេះ ទាក់ទងនឹងការបញ្ជូនអត្ដពលិកទៅហ្វឹកហាត់នៅប្រទេសចិន និងបច្ចេកទេសថែទាំពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងនេះ នឹងបន្ដដល់ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជន អាស៊ី។
រដ្ឋលេខាធិការរូបនេះ បានថ្លែងក្រោយជំនួបពិភាក្សាការងារជាមួយប្រតិភូចិន ដឹកនាំដោយលោក Zeng Huacheng អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១២ មីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យ៉ាងដូច្នេះ៖«គម្រោងជំនួយខាងផ្នែកហ្វឹកហាត់នៅសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០២៥ ដែលបេសកកម្មនេះ គឺក្រុមការងារជំនាញពិសេសរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងចុះមកធ្វើការជាមួយនឹងជម្រើសជាតិកម្ពុជារបស់យើង និងពិភាក្សាបន្ថែមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា »។
បើតាមរដ្ឋលេខាធិការរូបនេះ កម្ពុជា នឹងបញ្ជូនក្រុមអត្ដពលិក១៦១នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន លើកីឡា ១០ប្រភេទ ។ លោក បន្ថែមថា គម្រោងបញ្ជូនអត្ដពលិក ទៅហ្វឹកហាត់នៅចិននេះ ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នា ចុងឆ្នាំ២០២៥។
អគ្គលេខាធិការ NOCC រូបនេះ និយាយថា៖«ប្រភេទកីឡា ដែលយើងត្រូវយកទៅធ្វើការហ្វឹកហាត់នេះ យើង នឹងជ្រើសរើសប្រភេទកីឡាណា ដែលនៅសាធារណៈរដ្ឋប្រជាមានិតចិន មានសក្ដានុពលខ្លាំង ហើយធ្លាប់ផ្ដល់នូវការបង្វឹកដល់កីឡាករជម្រើសជាតិកម្ពុជា ទទួលបានលទ្ធផលល្អពីមុនមក។ អ៊ីចឹងជាបទពិសោធនេះ គឺយើងបានជ្រើសរើសប្រហែលជា១០ប្រភេទកីឡា ដែលត្រូវត្រៀមលក្ខណៈចូលរួមនេះ។»។
ចិន នឹងរ៉ាប់រងទាំងស្រុង ទាំងការហ្វឹកហាត់ក្នុងប្រទេសខ្លួន ការស្នាក់នៅ ការហូបចុក សំបុត្រយន្ដហោះ ជាដើម។ ក្នុងនោះរាប់បញ្ចូល ទាំងការបញ្ជូនគ្រូជំនាញ មកបង្វឹកអត្ដពលិកនៅកម្ពុជា ផងដែរ។
ចំណែកគម្រោងជំនួយបច្ចេកទេសថែទាំពហុកីឡដ្ឋានជាតិមរតកតេជោវិញ រដ្ឋាភិបាលចិន បានចាប់អារម្មណ៍ និងគាំទ្រទាំងស្រុង។ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«គម្រោងទី២ យើងបានទទួលដំណឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានការស្នើសុំបន្ដជួយការថែទាំ ព្រោះការថែទាំងមានលក្ខណៈស្មុគស្មាញ ហើយវាពិសេស។ ដូច្នេះ គម្រោងស្នើសុំជួយបច្ចេកទេសក្នុងការថែទាំបន្ដនេះ គឺខាងរដ្ឋាភិបាលចិន ចាប់អារម្មណ៍និងគាំទ្រទាំងស្រុងដែរ ចំពោះបញ្ហានេះ។ យើង សង្ឃឹមថាជំនួយនេះ នឹងធ្វើឲ្យពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាធ្វើឲ្យគុណផលកីឡារបស់ក្រុមជម្រើសជាតិរបស់យើងនឹងបានទទួលលទ្ធផលល្អ បន្ថែមទៀត ក្នុងការត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ នៅប្រទេសថៃ។»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: