ដី៤០ហិកតានៅតំបន់ខ្នងផ្សារត្រូវបានប្រគល់ជូនសហគមន៍តាំងបំពង់ដើម្បីបម្រើសេវាកម្មទេសចរណ៍
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី ព្រឹក

សម្តេច ហ៊ុន ម៉ាណែត នាពេលទៅកាន់ខ្នងផ្សារដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីបរិស្ថាន និងទេសចរណ៍
អនុវត្តតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក្រុមហ៊ុនចំនួន៤ បានព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ខ្លួននៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដោយប្រគល់ដី៤០ហិកតាជូនពលរដ្ឋសហគមន៍តាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្មទេសចរណ៍។

ក្រោយដំណើរទៅដោយផ្ទាល់នៅតំបន់ខ្នងផ្សារ សម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមីនា បានចេញបទបញ្ជាឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ។ បើតាមសម្តេច ការសម្រេចនេះ គឺដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។
នាថ្ងៃទី១៣ ខែមីនា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន និងទេសចរណ៍ រួមជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ។ ការបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ ផ្តល់ផលដល់ពលរដ្ឋក្នុងសហគមន៍តាំងបំពង់ ជាពិសេសពលរដ្ឋប្រមាណ១០០គ្រួសារក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនចំណូលគ្រួសារតាមរយៈសេវាកម្មទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com