តើនរណា ជាអ្នកខ្លាំងអុកចត្រង្គទាំង ៨រូប ទៅប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ?
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
តើនរណា ជាអ្នកខ្លាំងអុកចត្រង្គទាំង ៨រូប ទៅប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ?
ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣

​សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងរៀបចំការប្រកួតអុកចត្រង្គ រកជើងខ្លាំងទាំង៨នាក់ ទៅ​អង្គរសង្ក្រាន្ដ ពីថ្ងៃទី២៩-៣១ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ន សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កំពុងរៀបចំការប្រកួតពីតាមតំបន់ ដែលត្រូវបាន បែងចែកជា ៧​តំបន់ធំៗ។
TTN-Free-Banner-In-Article-PC

 
នៅតាមតំបន់នីមួយៗ នឹងប្រកួតចម្រាញ់យកជើងខ្លាំង ៣នាក់ ដើម្បីទៅតតាំងនឹង ជើង​ខ្លាំង​មកពីតំបន់​ផ្សេងទៀត។ ការប្រកួតនឹងជម្រុះយកបេក្ខជនតែ ៨នាក់ប៉ុណ្ណោះ ដើម្បី​ទៅប្រកួតនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទឹកដីសៀមរាប ដែលនឹងចូលមកដល់នៅ​ប្រមាណកន្លះខែទៀតនេះ។

ការចម្រាញ់យកជើងខ្លាំងតាមតំបន់ មកប្រកួតនៅភ្នំពេញ ត្រូវបានចែកចេញជា តំបន់ទី១ គឺជាខេត្ត​ជាប់សមុទ្រ ដែលមាន ព្រះសីហនុ កំពត កែប និងកោះកុង។ តំបន់ទី២ មាន​ខេត្ត​​កំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល និងតាកែវ។ តំបន់ទី៣ មានខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និ​ងមណ្ឌលគិរី។
 
តំបន់ទី៤ មានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។ តំបន់ទី៥ មានខេត្តសៀម​រាប កំពង់ធំ ព្រះវិហា និងឧត្តរមានជ័យ។ តំបន់ទី៦ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និង​បន្ទាយមានជ័យ។ និងតំបន់ទី៧ គឺរាជធានីភ្នំពេញ។
 
គិតត្រឹមថ្ងៃទី១៤ ខែមីនា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រកឃើញជើងខ្លាំង ២តំបន់​រួច​ហើយ គឺតំបន់ទី១ មានកីឡាករ កីឡាករ សាយ រដ្ធា, កីឡាករ ឆាយ សម្បត្តិវាសនា និង​កីឡាករ ហ៊ុន ភិរុណរង្សី ដែលអ្នកទាំង៣ សុទ្ធតែមកពីខេត្តព្រះសីហនុ។
 
ចំណែកតំបន់ទី២ កីឡាករ ៣រូបនោះមាន៖ កីឡាករ ហេង សៅឌី មកពីខេត្តកណ្ដាល, កីឡា​ករ ស៊ីវ ស៊ីន មកពីខេត្តតាកែវ និងកីឡាករ រៀម វាសនា មកពីខេត្តកំពង់ស្ពឺ។ ការប្រកួតវគ្គជម្រុះតាមតំបន់ផ្សេងទៀត នឹងបន្ដធ្វើរហូតទៅដល់ថ្ងៃទី២៥ ខេមីនា។ ​
 
សូមរំឭកថា ពានស្ដេចអុកចត្រង្គ ត្រូវបានធ្វើ៦លើក នៅទឹកដីសៀមរាប។ ៦លើកនោះ កី​ឡាករ ឈាវ បូរ៉ា ឈ្នះជាស្ដេចអុកអង្គរសង្ក្រាន្ដ ២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៤-២០១៥), កីឡាករ ហូយ សូណា ឈ្នះជាស្ដេចអុក ១លើក (ឆ្នាំ២០១៦) និងកីឡាករ ហេង សៅឌី ឈ្នះ ១លើក (ឆ្នាំ២០១៧)។ ចំណែកកីឡាករ សុខ លឹមហេង ឈ្នះជាស្ដេចអុកអង្គរសង្ក្រាន្ដ ២លើក គឺ​ឆ្នាំ២០១៨ និងឆ្នាំ២០២៣៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា