ជនជាតិចិន និងខ្មែរ​សរុប១៩នាក់ ដែល​បង្កអនាធិបតេយ្យ​នៅព្រលានយន្តហោះភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ជនជាតិចិន និងខ្មែរ​សរុប១៩នាក់ ដែល​បង្កអនាធិបតេយ្យ​នៅព្រលានយន្តហោះភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប
ក្រុមជនសង្ឃ័យដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ក្រោយពួកគេបង្កចលាចលប៉ះពាល់ដល់សន្តិសុខជាតិ និងភ្ញៀវទេសចរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញ បង្រ្កាបបានជនសង្ស័យជនជាតិចិន និងខ្មែរ សរុប១៩នាក់ ដែល​ពួកគេ បាន​ប្រព្រឹត្តទង្វើដែលធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើល​ដល់ភ្ញៀវ​ទេស​ចរ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផ្សាយរបស់ក្រុម​ការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
TTN-Free-Banner-In-Article-PC


បើតាមប្រភពដដែល ប្រតិបត្តិការបង្រ្កាបក្រុមជនសង្ស័យទាំងនេះ ដឹកនាំដោយ លោក ប៊ុន សត្យា ស្នងការរងផែន​ការងារ​នគរបាលព្រហ្មទណ្ឌ ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ​​ក្រោម​កិច្ចដែលមានការសហការ ពី​នគរបាលខេត្តមណ្ឌលគិរី ​ស្វាយរៀង ​ព្រៃវែង និងខេត្ត​បន្ទាយមានជ័យ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ក្នុងប្រតិបត្តិការបង្ក្រាប។ រូបភាព៖ ហ្វេសប៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន២នាក់ និងជនជាតិខ្មែរ១៧នាក់ ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្តចំនួន ៥ គ្រឿង និងអាវុធខ្លីចំនួន១ ដើម។ 

«បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំ​រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។»។ នេះ​បើតាមក្រុម​ការ​ងារ​ព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបាន​បញ្ជាក់​ថា សមត្ថកិច្ច កំពុងស្រាវជ្រាវ​​ បក្ខពួកជនសង្ស័យដែលនៅសេសសល់​ ដើម្បីយកមកចាត់​ការតាមច្បាប់៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ