វៀតណាមគ្រោងបន្ថយពន្ធនាំចូលទំនិញអាម៉េរិក ដើម្បីចៀសពន្ធរបស់លោក ត្រាំ
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ ចាប់ដៃជាមួយប្រមុខទូតអាម៉េរិកលោក Marc Knapper (ឆ្វេង) ។ រូបភាព ៖ Thông tin Chính phủ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានប្រាប់មន្រ្តីអាម៉េរិកថា វៀតណាមកំពុងពិនិត្យមើលការបន្ធូរបន្ថយពន្ធដែលដាក់លើទំនិញអាម៉េរិក រួមទាំងឧស្ម័នធម្មជាតិរាវ កសិកម្ម និងផលិតផលបច្ចេកវិទ្យាខ្ពស់។ គម្រោងបន្ថយពន្ធនេះ ធ្វើឡើងក្នុងបរិបទវៀតណាមបារម្ភពីការដាក់ពន្ធនាំចូល របស់រដ្ឋបាលលោក ដូណាល់ ត្រាំ មកលើប្រទេសខ្លួន។

វៀតណាម កំពុងពិនិត្យមើលយ៉ាងម៉ត់ចត់នូវពន្ធនាំចូលលើទំនិញពីអាម៉េរិក ជាពិសេសផលិតផលកសិកម្ម ឧស្ម័នធម្មជាតិរាវ (LNG) និងផលិតផលបច្ចេកវិទ្យាខ្ពស់ ដើម្បីលើកកម្ពស់ការនាំចូលទំនិញដែលវៀតណាមត្រូវការ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ នាជំនួបជាមួយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំវៀតណាម លោក Marc Knapper នៅថ្ងៃទី ១៣ ខែមីនា។
កន្លងមក មន្រ្តីជាន់ខ្ពស់វៀតណាម មានការបារម្ភជាខ្លាំងថា ទីក្រុងហាណូយអាចជាគោលដៅបន្ទាប់នៃការដាក់ពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងតម្រង់ទៅប្រទេសដៃគូនានាលើពិភពលោកដូចជា កាណាដា ម៉ិកស៊ិក និងអឺរ៉ុបជាដើម។
លោក ជិញ បានប្រាប់លោក Knapper ថា វៀតណាមកំពុងដោះស្រាយយ៉ាងសកម្មនូវកង្វល់បច្ចុប្បន្នរបស់អាម៉េរិកក្នុងទំនាក់ទំនង«សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ» រួមទាំងការបញ្ជូនមន្ត្រីពាណិជ្ជកម្មរបស់វៀតណាម ទៅកាន់អាម៉េរិក ក្នុងសប្តាហ៍នេះ។
នាថ្ងៃដដែល នៅទីក្រុង វ៉ាស៊ីនតោន រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហ៊ុង សៀន បានជួបពិភាក្សាការងារជាមួយប្រធានតំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson L. Greer។ បើតាមរដ្ឋមន្រ្តីរូបនេះ វៀតណាមជានិច្ចកាលចាត់ទុកអាម៉េរិកជាដៃគូសំខាន់នាំមុខគេ និងមានបំណងចង់កសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយសុខដុមរមនា និងមានផលប្រយោជន៍ទៅវិញទៅមក។
លោក សៀន ក៏បានស្នើឱ្យភាគីទាំងពីរបន្តការពិភាក្សា ដើម្បីឲ្យអាម៉េរិកឆាប់ទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដោយចាត់ទុកថា នេះជាការសម្រេចចិត្តដ៏សំខាន់មួយសមស្របនឹងស្ថានភាពនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
តំណាងពាណិជ្ជកម្មអាម៉េរិក Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការដោះស្រាយកង្វល់របស់អាម៉េរិក។ លោកសង្កត់ធ្ងន់ថា គោលនយោបាយពាណិជ្ជកម្មថ្មីរបស់អាម៉េរិក មានគោលបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ការពារសន្តិសុខសេដ្ឋកិច្ច សន្តិសុខជាតិ និងកម្មករ និងមិនមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ប្រទេសដៃគូឡើយ។
អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាម៉េរិកបានកើនឡើងដល់ ២៣ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅក្នុងខែកុម្ភៈ ខណៈវៀតណាមមានអតិរេកធំបំផុតទី៤ ជាមួយអាម៉េរិកនៅឆ្នាំ ២០២៤ តាមពីក្រោយចិន សហភាពអឺរ៉ុប និងម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnBusiness ។
ការនាំចូល LNG របស់វៀតណាមពីអាម៉េរិកត្រូវបានគេចាត់ទុកជាវិធានការមួយ ដើម្បីបង្រួមគម្លាតពាណិជ្ជកម្ម។ ឧស្សាហកម្ម LNG របស់វៀតណាម បច្ចុប្បន្នពឹងផ្អែកលើកិច្ចសន្យាកន្លែងទិញទំនិញតូចៗ ជាជាងកិច្ចសន្យារយៈពេលច្រើនឆ្នាំដែលត្រូវបានអនុគ្រោះដោយអ្នកនាំចេញរបស់អាម៉េរិក។
យោងតាមក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គណៈប្រតិភូនៃសាជីវកម្មអាម៉េរិកជាង ៦០ ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅចុងខែមីនា បើទោះបីជាបញ្ជីឈ្មោះក្រុមហ៊ុនដែលចូលរួមមិនត្រូវបានប្រកាសក៏ដោយ ប៉ុន្តែឆ្នាំមុនៗបានឃើញការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ការពារជាតិ និងថាមពលឈានមុខរបស់អាម៉េរិក។
ការស្ទង់មតិនៅខែកុម្ភៈដោយ Amcham បានរកឃើញថា អាជីវកម្ម និងក្រុមហ៊ុនផលិតរបស់អាម៉េរិកនៅវៀតណាម មានការព្រួយបារម្ភអំពីប្រតិបត្តិការខ្លួនអំពីការយកពន្ធ។ តាមពិតទៅ វៀតណាមបានព្យាយាមសម្របខ្លួនបំពេញតាមការទាមទាររបស់អាម៉េរិក ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងសម្រួលដល់ប្រតិបត្តិការធុរកិច្ចរបស់អាម៉េរិកកំពុងរកស៊ីនៅវៀតណាម រួមទាំងការសន្យាពន្លឿននីតិវិធីផ្តល់អាជ្ញាប័ណ្ណសម្រាប់សេវាផ្កាយរណប Starlink របស់លោក អេឡុន ម៉ាសក៍ ផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: