លោក ហ៊ុន ម៉ានី ឱ្យមន្រ្តីមុខងារសាធារណៈ បង្កលក្ខណៈងាយស្រួលដល់ស្រ្តីដែលចូលប្រឡងជាមន្រ្តី
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ភ្នំពេញ៖ ពីពិធីអបអរសាទរទិវាអន្តរជាតិនារី នាថ្ងៃទី១៤ ខែមីនា លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្ត និងជំរុញឱ្យមន្រ្តីក្រសួងមុខងារសាធារណៈ បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈអំណោយផលដល់បេក្ខជនជាស្រ្តី ដែលប្រឡងចូលជាមន្រ្តីនៅតាមក្រសួង ស្ថាប័ននានា។ លើសពីនេះ លោករដ្ឋមន្រ្តី ក៏ណែនាំឱ្យដំឡើងថ្នាក់ និងតែងតាំងមន្រ្តីរាជការជាស្រ្តី ដែលមានអតីតភាពការងារ សមត្ថភាព និងគុណវុឌ្ឍិ សមស្របនឹងការងារ នៅគ្រប់មុខតំណែងផងដែរ។

ត្បិតហួសថ្ងៃទិវាអន្តរជាតិនារី ៨ មីនា ប៉ុន្តែក្រសួងមុខងារសាធារណៈ ដែលមានមន្រ្តីរាជការជាស្រ្តីទាំងជាមន្រ្តីកិច្ចសន្យា រហូតដល់៦០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី នាថ្ងៃទី១៤ មីនានេះ។ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះស្រ្តី ដែលស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្រុមការងារ ជាពិសេសមន្រ្តីជាស្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលបានរួមចំណែកលើកកម្ពស់សមត្ថភាពស្រ្តី។ លោកឧបនាយករដ្ឋមន្រ្តី បន្តថា ក្រសួងមុខងារសាធារណៈ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងគ្រប់គ្រងមន្រ្តីរាជការនៅកម្ពុជា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ដូច្នេះ៖«ក្រសួងតែងលើកកម្ពស់ និងលើកទឹកចិត្តដល់មន្រ្តីរាជការស៊ីវិល ជាស្រ្តីដែលមានអតីតភាពការងារ សមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ក្នុងការទទួលបានឋានន្តរសក្តិ ការដំឡើងថ្នាក់ និងការតែងតាំងនានា»។
លើសពីនេះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងពីការផ្ដល់ឱកាសដល់មន្រ្តីរាជការជាស្រ្តីឱ្យទទួលបានការបណ្ដុះបណ្ដាលបន្ថែមទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីមុខងារសាធារណៈ ក៏ជំរុញឱ្យមន្រ្តីក្រសួងមុខងារសាធារណៈ បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈអំណោយផលដល់បេក្ខជនជាស្រ្តី ដែលប្រឡងចូលជាមន្រ្តីនៅតាមក្រសួង ស្ថាប័ននានា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានណែនាំឱ្យដំឡើងថ្នាក់ និងតែងតាំងមន្រ្តីរាជការជាស្រ្តី ដែលមានអតីតភាពការងារ សមត្ថភាព និងគុណវុឌ្ឍិ សមស្របនឹងការងារ នៅគ្រប់មុខតំណែងផងដែរ។ លោករដ្ឋមន្រ្តី នៅតែផ្ដល់ឱកាសដល់មន្រ្តីរាជការជាស្រ្តី និងមន្រ្តីកិច្ចសន្យា ចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបង្កើនចំណេះដឹង ជាពិសេសភាសាបរទេស។
សូមបញ្ជាក់ថា ក្នុងទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ បើតាមលោក ហ៊ុន ម៉ានី ក្នុងប្រទេសកម្ពុជា មានមន្រ្តីរាជការជាស្រ្តីទាំងថ្នាក់ជាតិ និងក្រោមជាតិ មានចំនួន ៩៦ ៩១៦នាក់ ដែលស្មើនឹង ៤១.៨០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: