តើអ្នកឱ្យលុយអាជ្ញាកណ្តាលប៉ុន្មាន? សំណួរលេងសើចពីមិត្តរួមក្រុម Man Utd សួរ Bruno ក្រោយស៊ុត hat-trick
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

Bruno Fernandes ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ hat-trick ជួយដល់ក្រុម Manchester United យកឈ្នះ Real Sociedad លទ្ធផល ៤-១ ជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League។ ចំណោម៣គ្រាប់របស់ Fernandes មាន ២គ្រាប់កើតចេញពីបាល់ពិន័យ ១១ម៉ែត្រ។ មិត្តរួមក្រុមបិសាចក្រហមអបអរ ហើយកីឡាករខ្លះចោទជាសំណួរបែបលេងសើចទៅប្រធានក្រុម Fernandes ថា តើអ្នកឱ្យលុយទៅអាជ្ញាកណ្តាលប៉ុន្មាន?

កីឡាករប្រធានក្រុមបិសាចក្រហម បង្ហាញសមត្ថភាពលេចធ្លោ ក្នុងជំនួបទល់ Real Sociedad ដោយរួមចំណែកធំស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងនោះបាល់ពិន័យ ១១ម៉ែត្រ ២គ្រាប់ នៅនាទី១៦ និងនាទី៥០ ហើយគ្រាប់ទី៣ នៅនាទី៨៧ ជួយនាំភាពរីករាយទៅកាន់អ្នកគាំទ្រក្នុងកីឡដ្ឋាន Old Trafford ហើយគ្រាប់ទី៤ សម្រេចបានដោយមិត្តរួមក្រុម Diogo Dalot នៅចុងវគ្គ។
ក្រោយចប់ការប្រកួត ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ វ័យ ៣០ឆ្នាំ បានដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយយកបាល់ដែលខ្លួនស៊ុតបញ្ចូលទីទៅឱ្យមិត្តរួមក្រុមចុះហត្ថលេខា ដើម្បីធ្វើជាអនុស្សវរីយ៍។
ខណៈមិត្តរួមក្រុមជាច្រើនសរសេរពាក្យអបអរ សរសើរ អមជាមួយហត្ថលេខា ប៉ុន្តែមិត្តរួមក្រុមម្នាក់បានសរសេរដោយប្រើពាក្យ បែបលេងសើចជាសំណួរដូច្នេះថា «តើអ្នកបង់ប្រាក់ទៅកាន់អាជ្ញាកណ្តាលប៉ុន្មាន?»។
ការសរសេរនៅលើគ្រាប់បាល់ជ័យជម្នះមួយនោះ ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពបានបង្ហោះនៅលើបណ្តាញសង្គម Instagram ពីសំណាក់កីឡាករ Alejandro Garnacho។
គួររំលឹកថាក្រុមបិសាចក្រហមនឹងត្រូវបន្តទៅជួបតទល់ក្រុម Olympique Lyonnais ជើងខ្លាំងមកពីប្រទេសបារាំង សម្រាប់ជំនួបវគ្គ ៨ក្រុម ចុងក្រោយ។
សម្រាប់ពានរង្វាន់ Europa League គឺជាផ្លូវតែមួយគត់ដែលនឹងអាចផ្តល់ឱកាសដល់ក្រុម Man Utd ដើម្បីអាចមានកៅអីសម្រាប់លេងនៅក្នុងពានរង្វាន់អឺរ៉ុប នៅរដូវកាលក្រោយ បន្ទាប់ពីរដូវកាលនេះ ពួកគេកំពុងជួបបញ្ហាទម្រង់លេងធ្លាក់ចេញពីពានរង្វាន់ក្នុងស្រុកទាំងអស់ និងប្រឈមបាត់កៅអីពានអឺរ៉ុបដូចគ្នាតាមរយៈចំណាត់ថ្នាក់មិនល្អនៅ Premier League៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: