សិស្សកូរ៉េខាងត្បូងចំណាយរៀនក្រៅម៉ោងជាមធ្យម ៣២៥ដុល្លារក្នុងមួយខែ
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

សិស្សសាលាវិទ្យាល័យមួយកន្លែងនៅក្រុងសេអ៊ូល ។ រូបភាព ៖ AFP
ការចំណាយលើសាលាឯកជនក្រៅម៉ោង ជាមធ្យមសម្រាប់សិស្សម្នាក់នៅកូរ៉េខាងត្បូងមានប្រហែល ៣២៥ដុល្លារក្នុងមួយខែ។ នេះបើតាមលទ្ធផលនៅការស្ទង់មតិមួយចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា។

នាយកដ្ឋានស្ថិតិកូរ៉េខាងត្បូង បានប្រកាសលទ្ធផលនៃ«ការស្ទង់មតិឆ្នាំ ២០២៤ លើការចំណាយការអប់រំឯកជនសម្រាប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ» ធ្វើឡើងលើសិស្សចំនួន ៧៤ ០០០នាក់ មកពីសាលាចំនួន ៣០០០ទូទាំងប្រទេស។
លទ្ធផលបានបង្ហាញថា ការចំណាយលើវិស័យអប់រំឯកជនក្នុងឆ្នាំ ២០២៤ សម្រាប់ការអប់រំទាំងបីកម្រិតនៅកូរ៉េខាងត្បូង បានកើនដល់ ២៩ទ្រីលានវ៉ុន (ប្រហែល ២០ពាន់លានដុល្លារ) ដោយបន្តបង្កើតកំណត់ត្រាថ្មីសម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា។
បើតាមស្ថិតិក្នុងឆ្នាំ ២០២៤ ការចំណាយសរុបលើការអប់រំឯកជនក្នុងកម្រិតទាំងបីនៅកូរ៉េខាងត្បូងមានចំនួន ២៩,២ ទ្រីលានវ៉ុន កើនឡើង ៧,៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ ការចំណាយសរុបនេះ បានឈានដល់កម្រិតខ្ពស់បំផុតសម្រាប់រយៈពេល ៤ឆ្នាំជាប់គ្នាជាមួយទឹកប្រាក់ ២៣,៤ទ្រីលានវ៉ុន ក្នុងឆ្នាំ ២០២១, ២៦ទ្រីលានវ៉ុនក្នុងឆ្នាំ ២០២២ និង ២៧,១ទ្រីលានវ៉ុននៅឆ្នាំ២០២៣។
ការកើនឡើងនៃការចំណាយលើការអប់រំឯកជនក្រៅម៉ោង ត្រូវបានកត់ត្រានៅគ្រប់កម្រិតជាមួយនឹងការកើនឡើងដ៏ធំបំផុត គឺនៅកម្រិតអនុវិទ្យាល័យនៅ ៩,៥ភាគរយ បន្ទាប់មកដោយវិទ្យាល័យនៅ ៧,៩ភាគរយ និងបឋមសិក្សា ៦,៥ភាគរយ។ ការចំណាយលើការអប់រំឯកជនក្រៅម៉ោងប្រចាំខែ ជាមធ្យមសម្រាប់សិស្សម្នាក់ក៏បានកើនឡើង ៩,៣ភាគរយដល់ ៤៧៤ពាន់វ៉ុន (៣២៥ដុល្លារ)។
តាមមុខវិជ្ជា តម្លៃខ្ពស់បំផុតដែលឪពុកម្តាយចំណាយលើការសិក្សារបស់កូនគឺ ភាសាអង់គ្លេស បន្ទាប់មកគឺគណិតវិទ្យា ភាសាជាតិ និងវិទ្យាសាស្ត្រសង្គម។ ការស្ទង់មតិក៏បានបង្ហាញដែរថា ប្រាក់ចំណូលរបស់គ្រួសារកាន់តែខ្ពស់ ពួកគេចំណាយលើការអប់រំឯកជនកាន់តែច្រើន។
ចំណែក តម្លៃសិក្សាក្រៅម៉ោងឯកជនប្រចាំខែជាមធ្យមសម្រាប់សិស្សម្នាក់ក្នុងរដ្ឋធានីសេអ៊ូលគឺ ៦៧៣ ពាន់វ៉ុន (ប្រហែល ៤៦៣ដុល្លារ) ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងប្រទេស។ តួលេខនេះក៏ខ្ពស់ជាង ២,១ដងនៃតំបន់ Jeonlla ភាគខាងត្បូង ដែលមានការចំណាយលើការអប់រំឯកជនប្រចាំខែទាបបំផុតសម្រាប់សិស្សម្នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: