ជំងឺមហារីកកើនឡើងស្ទើរទ្វេដងក្នុងចង្កោមមនុស្សអាយុ១៥-៣៩ឆ្នាំ
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៣៩ នាទី ព្រឹក

ជំងឺមហារីកកើនឡើងស្ទើរទ្វេដងក្នុងចង្កោមមនុស្សអាយុ១៥-៣៩ឆ្នាំ ©AFP
ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)
បើតាមការសិក្សាទើបចេញផ្សាយកាលពីសប្តាហ៍មុន គ្រោះកើតជំងឺមហារីកប្រមាណ៦ប្រភេទ បានកើនឡើងគួរជាទីព្រួយបារម្ភបំផុត និងនៅទូទាំងពិភពលោក ក្នុងចង្កោមមនុស្សជាក្មេងជំទង់ និងមនុស្សធំអាយុក្រោម៤០ឆ្នាំ ក្នុងអំឡុងពេលពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩។ ហេតុអ្វីបានជាជំងឺមហារីកកើនឡើងខ្លាំងយ៉ាងដូច្នេះ?

ជំងឺមហារីកធ្លាប់ត្រូវបានគេចាត់ទុកថាជំងឺមួយដែលមានកើតជាញឹកញាប់លើមនុស្សចាស់ ដោយហេតុតែកត្តាជីវសាស្ត្រ បរិសា្ថន និងរបៀបរបបរស់នៅ។ នៅពេលមនុស្សមានអាយុកាន់តែច្រើន កោសិកាក៏ចាស់ទ្រុឌទ្រោម ងាយបែកខ្ញែក ដែលធ្វើឱ្យកោសិកាងាយរងការបំប្លែង និងងាយរងគ្រោះកើតមហារីក។ ហេតុដូច្នេះហើយបានក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក តែងភ្ជាប់តាំងពីយូរមកហើយករណីជំងឺមហារីកលើមនុស្សវ័យក្មេង ទៅនឹងកត្តាពូជ។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះបីគ្មានហ្សែនមហារីកពីកំណើត មិនធាត់ ហាត់កីឡាជាប្រចាំ សកម្ម និងខ្លះប្រុងប្រយ័ត្នរឿងទទួលទានអាហារផង ក៏អាចកើតជំងឺមហារីកបានដែរ និងក្នុងចំនួនដ៏ច្រើនគួរឱ្យព្រួយបារម្ភ។ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ចំនួនអ្នកជំងឺមហារីកវ័យក្រោម៤០ឆ្នាំបានកើនឡើងស្ទើរទ្វេដង នៅលើពិភពលោក។
ការសិក្សាថ្មីមួយទើបចេញផ្សាយក្នុងទស្សនាវដ្តី BMJ Oncology បានបង្ហាញថា គ្រោះកើតជំងឺមហារីកក្នុងចំណោមមនុស្សធំពេញវ័យអាយុក្រោម៥០ឆ្នាំបានកើនឡើងនៅទូទាំងពិភពលោក ក្នុងកំរិត៧៩% នៅចន្លោះពីឆ្នាំ១៩៩០ ទៅឆ្នាំ២០១៩ ហើយអត្រាមរណភាពដោយជំងឺមហារីក ក្នុងចង្កោមអ្នកជំងឺវ័យក្មេង (ក្រោម៥០ឆ្នាំ)នេះ ក៏បានកើនឡើង២៨%ដែរ។ នេះបើតាមការសិក្សាដដែល ដែលវិភាគលើជំងឺមហារីកចំនួន២៩ប្រភេទ នៅក្នុង២០៤ប្រទេសនៅលើផែនដី។ ដូចគ្នានេះដែរ របាយការណ៍មួយទៀត ចេញផ្សាយក្នុងទស្សនាវដ្តីThe Lancet Public Health បានអះអាងថា នៅសហរដ្ឋអាមេរិកមានជំងឺមហារីកចំនួន១៧ប្រភេទ បានកើនឡើងជាលំដាប់ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ តែច្រើនខ្លាំងជាពិសេសចំពោះក្រុមមនុស្សកើតនៅរវាងពីឆ្នាំ១៩៦៥ដល់១៩៩៦។
ឯរបាយការណ៍អាមេរិក បានគូសបញ្ជាក់ថា អត្រាកើតជំងឺមហារីកសុដន់លើស្ត្រីស្បែកសអាយុក្រោម៥០ឆ្នាំបានកើនឡើង១,៤%ក្នុងមួយទល់នឹង០,៧%ចំពោះស្ត្រីអាយុលើសពី៥០ឆ្នាំឡើងទៅ នៅអំឡុងឆ្នាំ២០១២ទៅឆ្នាំ២០២១។
ចំណែកការសិក្សាបារាំង ចេញផ្សាយនៅថ្ងៃទី៣ខែមីនា២០២៥នេះ បានលម្អិតឱ្យឃើញកាន់តែច្បាស់ អំពីកំណើននៃករណីកើតជំងឺមហារីកលើពពួកមនុស្សវ័យក្មេង អាយុពី១៥ទៅ៣៩ឆ្នាំ ដែលក្នុងវ័យនេះ កម្រមានកើតជំងឺមហារីកណាស់ពីមុនមក បើប្រៀបធៀបទៅនឹងមនុស្សចាស់។
អាជ្ញាធរសុខភាពសាធារណៈបារាំង បានសហការជាមួយវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ ផ្សព្វផ្សាយជាលើកទីមួយ ទិន្នន័យនៃចំនួនអ្នកកើតជំងឺមហារីកនៅក្នុងប្រទេស ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ នៅចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០២០ មានពលរដ្ឋបារាំងអាយុពី១៥ទៅ៣៩ឆ្នាំចំនួន២៤% ឬត្រូវជាជិតមួយភាគបួននៃប្រជាជនសរុប មានផ្ទុកជំងឺមហារីក។
កំណើនជំងឺមហារីកដ៏គួរឱ្យព្រួយបារម្ភជាងគេ មានបីប្រភេទ គឺជំងឺមហារីកសុដន់ ពោះវៀនធំ និងលំពែង ព្រមទាំងមហារីកខួរក្បាល ឬតម្រងនោម។ ជំងឺមហារីកខួរក្បាលកើន៦,១១% ជាមធ្យមក្នុងមួយឆ្នាំៗ ៤,៥១% សម្រាប់ជំងឺមហារីកតម្រងនោម ឬមហារីកសុដន់១,៦០% និងមហារីកពោះវៀន ១,៤៣%។ នេះជាតូលេខនៃកំណើនជំងឺមហារីកនៅក្នុងប្រទេសបារាំង ផ្តល់ដោយអាជ្ញាធរសុខភាពសាធារណៈ ដោយបញ្ជាក់ថាពលរដ្ឋបារាំងកើតក្នុងទសវត្សរ៍ឆ្នាំ៩០ និងក្រោយ៩០ មានហានិភ័យលូតលាស់ជំងឺមហារីកពោះវៀនធំ កើនឡើង៣,៦ និងជំងឺមហារីកលំពែង២,៥។ ចំពោះស្ត្រីភេទ មហារីកសុដន់ និងក្រពេញទីរ៉ូអ៊ីន ព្រមទាំងមហារីកស្បែកមេឡានូម មានច្រើនញឹកញាប់ជាងគេ។ ចំពោះបុរសវិញ គឺជំងឺមហារីកពងស្វាស ក្រពះពោះវៀន និងតម្រងនោម។
លទ្ធផលនៃការសិក្សាបារាំង និងអាមេរិក មានលក្ខណៈប្រហាក់ប្រហែលគ្នាណាស់។ សម្រាប់ការសិក្សាអាមេរិក ជំងឺមហារីកកើតលើមនុស្សក្មេងដែលកើនឡើងលឿនខ្លាំងជាងគេ គឺជំងឺមហារីកប្រព័ន្ធរំលាយអាហារ (ពោះវៀន បំពង់អាហារ ថ្លើម ...) ក្រពេញកូនកណ្តុរទីរ៉ូអ៊ីត សុដន់ និងតម្រងនោម។ នៅចន្លោះពីឆ្នាំ១៩៩០ដល់ឆ្នាំ២០១៩ អត្រាជំងឺមហារីកបានកើនស្ទើរទ្វេដង (+៧៩%) ក្នុងចង្កោមប្រជាពលរដ្ឋអាយុក្រោម៥០ឆ្នាំ នៅលើពិភពលោក។ នេះបើតាមការសិក្សាដ៏ធំទូលាយរបស់ស្ថាប័នជំនាញជំងឺមហារីកអាមេរិក កាលពីឆ្នាំ២០២៣ ដែលបញ្ជាក់ថា បាតុភូតនេះលេចឡើងខ្លាំងនៅតាមបណ្តាប្រទេសអភិវឌ្ឍ។
តើអ្វីជាមូលហេតុដែលជំរុញឱ្យមានកំណើនជំងឺមហារីកទាំងអស់នេះ?
ចម្លើយដ៏ស្មោះត្រង់ដំបូងគេ គឺអ្នកស្រាវជ្រាវមិនទាន់ដឹងប្រាកដអំពីមូលហេតុដែលនាំឱ្យមនុស្សនៅក្មេងសោះអាចកើតជំងឺមហារីកទេ។ សម្រាប់អាជ្ញាធរសុខភាពសាធារណៈបារាំង គេចាំបាច់ត្រូវមានសិក្សាថ្មីដើម្បីបានយល់និងដឹងច្បាស់អំពីកត្តាហានិភ័យនៃគ្រោះកើត និងផ្ទុះជំងឺមហារីកខ្លាំងដូចបានសង្កេតឃើញនាពេលនេះ និងដើម្បីពង្រឹងវិធានការពារ។
ចម្លើយទីពីរ គឺដើមហេតុអាស្រ័យទៅលើប្រភេទនៃជំងឺមហារីក។ តើជាមហារីកអ្វី ព្រោះដើមហេតុនាំឱ្យកើតជំងឺមហារីកមិនដូចគ្នាទាំងអស់ទេ។ ម្យ៉ាងទៀត បើជាចម្លើយបែបទូទៅ សំដៅលើជំងឺមហារីកជារួម និងដោយខ្លីវិញ កត្តាធំជាងគេបំផុតដែលនាំឱ្យកើតជំងឺមហារីក មានពីរ គឺចំណីអាហារ និងជាតិពុល។
របបអាហារសម្បូរជាតិសាច់សត្វចតុប្បាទសាច់ក្រហម (សាច់គោ សាច់ជ្រូក សាច់ចៀម...) អាហារប្រៃ ខ្សត់ជាតិបន្លែផ្លែឈើ និងខ្សត់ជាតិទឹកដោះ ព្រមទាំងការទទួលទានជាតិសុរា និងជក់បារី ជា ជនជាប់ចោទចម្បងគេ។ ទទួលទានអាហារមិនត្រឹមត្រូវធ្វើឱ្យមនុស្សមានជំងឺធាត់ ដែលជាកត្តាហានិភ័យជាប់សង្ស័យថានាំឱ្យមានកំណើនជំងឺមហារីក១៥មុខ មានជាអាទិ៍ជំងឺមហារីកប្រព័ន្ធរំលាយអាហារ ពោះវៀនធំ ព្រមទាំងជំងឺមហារីកតម្រងនោម។ ជាឧទាហរណ៍ ប្រទេសបារាំង រាប់ឃើញមានករណីជំងឺមហារីកចម្បងទាំងបីខាងលើ ៩,២% ក្នុងចំណោមមនុស្សអាយុ១៨ទៅ២៤ឆ្នាំ ១៣,៨%នៃមនុស្សអាយុខ្ទង់២៥ទៅ៣៤ឆ្នាំនិង១៦,៧%នៃអ្នកមានអាយុ៣៥-៤៤ឆ្នាំ។
អង្គការសុខភាពពិភពលោក ចង្អុលមុខជំងឺធាត់ជ្រុល ថាមានពាក់ព័ន្ធយ៉ាងជិតស្និទ្ធបំផុតនឹងជំងឺមហារីក ព្រោះតែវាបង្កឱ្យមានការរលាកនិងបម្រែបម្រួលអរមូន។ អាហារខ្លះទៀត ដូចជាពពួកអាហារកែច្នៃខ្លាំង អាហារបែបឧស្សាហកម្ម អាចមិនផ្តល់រោគសញ្ញាជាជំងឺធាត់មែន តែក៏បង្កើនគ្រោះកើតជំងឺមហារីកមួយចំនួនផ្សេងទៀតបានដែរ។ ទទួលទានអាហារកែច្នៃឡើង១០% គ្រោះកើតជំងឺមហារីកឡើង១០%ដែរ។
កត្តាបរិស្ថានពុល ជាតិពុលគីមី ថ្នាំសម្លាប់សត្វល្អិត និង ជាពិសេសជាតិប្លាស្ទិក សុទ្ធសឹងជាប្រភពនាំទៅរកជំងឺមហារីកដែរ។ របស់របរធ្វើជ័រប្លាស្ទិក ដូចជាដបទឹក ថង់ ស្បោង ប្រអប់ស្នោ ប្រអប់ វែកបាយ វែកឆាជ័រដ៏ស្រាលស្រួលប្រើ តែងបញ្ចេញជាតិពុលមីក្រូប្លាស្ទិក នៅពេលត្រូវក្តៅ ត្រូវភ្លើង ដាច់ឆ្កូត។ ជាតិមីក្រូប្លាស្ទិក នឹងសាយភាយឆ្លងទៅក្នុងអាហារ។ មានន័យថាយើងកំពុងទទួលទានជាតិប្លាស្ទិកចូលទៅក្នុងខ្លួនជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន។ ពិភពអ្នកវេជ្ជសាស្ត្រនិងអ្នកវិទ្យាសាស្ត្របានយល់និងដឹងថា មីក្រូប្លាស្ទិកអាចជះឥទ្ធិពលលើប្រព័ន្ធអង់ដូគ្រីនរបស់មនុស្ស ដោយធ្វើមានជំងឺធាត់ជ្រុល ជំងឺសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកសុដន់។
ជាសរុបទៅ ការប្រឈមនឹងជាតិពុលគីមីយ៉ាងច្រើន រំខានដល់ប្រព័ន្ធអរមូនអង់ដូគ្រីនដែលមាននៅក្នុងស្ទើរគ្រប់មុខរាប់តាំងពីគ្រឿងសំអាង ដល់សម្លៀកបំពាក់ បូកផ្សំនឹងការទទួលទានចំណីអាហារមហាកែច្នៃ មានជាតិពុលគីមី ជាតិពុលប្លាស្ទិក មិនសូវមានបន្លែផ្លែឈើ ហើយស្ពឹកស្រពន់មិនបញ្ចេញកម្លាំងកាយសម្បទា និងអាការៈធាត់ ជាល្បាយដ៏ប្រពៃនៃការបង្កើនគ្រោះកើតជំងឺមហារីក សម្រាប់មនុស្សវ័យក្រោម៤០ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com