លោកគ្រូគីមី ជួន សិទ្ធិ ជាស្មេរប្រលោមលោក និងរឿងភាគទូរទស្សន៍ តាមក្តីស្រមៃ
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១៩ នាទី ព្រឹក

ភ្នំពេញ៖ «ក្រយាស្នេហ៍» ជាភាពយន្តខ្នាតវែងដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ដោយទទួលបានគាំទ្រច្រើនពីទស្សនិកជន។ នេះជាស្នាដៃអ្នកតែងនិពន្ធភាពយន្តស្នេហាបែបលន្លង់លន្លោចរបស់លោក ជួន សិទ្ធិ រួមជាមួយអ្នកនិពន្ធ២រូបទៀត និងដឹកនាំរឿងដោយលោក ខាំ ភូរិ។ វ័យ២៧ឆ្នាំ អ្នកនិពន្ធរូបនេះ ក៏ជាគ្រូបង្រៀនផ្នែកគីមីវិទ្យានៅអនុវិទ្យាល័យជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ផងដែរ។

សម្បុរស មាឌស្តើង លោក ជួន សិទ្ធិ ជាមនុស្សដែលមានថ្វីមាត់មួយរូប។ នេះក៏ដោយសារតែលោកមានអាជីពជាគ្រូបង្រៀនផង ជាអ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនាផង និងជាអ្នកនិពន្ធរឿងភាគទូរទស្សន៍ផងដែរ។ ផ្នែកនិពន្ធ លោកបានប្រើឈ្មោះថា «វិសុទ្ធ»។
ជាកូនប្រុសពៅក្នុងគ្រួសារមានជីវភាពសមរម្យមួយ ដែលមានបងប្អូនចំនួន៣នាក់ លោកសិទ្ធិ បានប្រឡងជាប់ជាគ្រូបង្រៀនគីមីវិទ្យា នៅឆ្នាំ២០២០។ មានអាជីពជាគ្រូបង្រៀនបែបវិទ្យាសាស្ត្រពិតក្តី ប៉ុន្តែយុវជនរូបនេះ នៅតែឆ្លៀតមកបំពេញការងារក្នុងក្តីស្រមៃជាអ្នកតែងនិពន្ធមកទល់សព្វថ្ងៃ។
គ្រូគីមី តែនិពន្ធរឿងសេ្នហា
«ការងារតែងនិពន្ធជាការបំពេញឱ្យក្ដីស្រមៃ តែការងារបង្រៀនគឺជាអាជីព!»។ លោក ជួន សិទ្ធិ ចេញដំណើរ ក្នុងវិស័យតែងនិពន្ធបាន២ឆ្នាំ ហើយបន្តក្លាយជាគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យនាអំឡុងឆ្នាំ២០២២។

នាអំឡុងជាសិស្សគរុកោសល្យ យុវជនរូបនេះ ទទួលបានឱកាស ធ្វើជាអ្នកនិពន្ធសាច់រឿងផលិតភាពយន្ត សម្រាប់ផលិតកម្មសាស្ត្រាហ្វៀម (Sastra Film)។ «ពេលវេលានេះជាឱកាស! ខ្ញុំបានរៀនសូត្រអំពីរបៀបសរសេសាច់រឿង។ ហើយធ្វើយ៉ាងណាឱ្យការនិពន្ធកាន់តែមានខ្លឹមសារ មានអត្ថន័យ និងអត្ថរស សម្រាប់ផលិតជាខ្សែភាពយន្ត ដើម្បី ទាក់ទាញអ្នកទស្សនាឱ្យជក់ចិត្តតាមដាន»។ ទាំងនេះជាចំណុចសំខាន់ដែលអ្នកនិពន្ធដូចជាយុវជនរូបនេះត្រូវតែយកចិត្តទុកដាក់បំផុត។
រឿងភាគ«មេម៉ាយសម្បូរស្នេហ៍»។ ជាស្នាដៃដំបូងដែលលោកសិទ្ធិ បាននិពន្ធឱ្យផលិតកម្មសាស្រ្តាហ្វៀម។ ក្រៅពីនេះ ក៏មានរឿងកូនប្រសារក្រៅភ្នែក, រឿងស្អប់ណាស់ ស្រឡាញ់ណាស់ និងរឿងតាមបេះដូងដល់ទីបំផុត ដែលសុទ្ធសឹង ជារឿងភាគ។ លោកក៏តែងនិពន្ធរឿងខ្លីបានជាច្រើនផងដែរ រួមមាន រឿង១៤រាត្រី, រឿងមានលុយ គ្មានគ្រួសារ, រឿងម៉ែក្រចិញ្ចឹមកូនមាន, រឿងរត់តាមគ្នា, រឿងអណ្ដាតម្ដាយក្មេក, រឿងចាយលុយប្ដីគេ រួមទាំងរឿងម៉ែចាស់។

លោក សិទ្ធិ ហៅ វិសុទ្ធ ជាអ្នកនិពន្ធឯករាជ្យមួយរូប ដែលបានបញ្ចេញស្នាដៃជាបន្តបន្ទាប់។ បច្ចុប្បន្ន យុវជនសម្តីស្រទន់ពោរពេញដោយថាមពលរូបនេះ រួមសហការនិពន្ធភាពយន្តខ្នាតវែងមួយមានចំណងជើងថា«ក្រយាស្នេហ៍» ជាមួយអ្នកនិពន្ធ ពៅ មករា និង គឹម ឌីណា ហើយកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស រៀងរាល់យប់ថ្ងៃចន្ទ-ពុធ។ នេះរឿងភាគខ្មែរ ដែលអ្នកនិពន្ធបានបញ្ចូលនូវមុខម្ហូបមួយចំនួន ដែលយើងមិនសូវបានឃើញ។ នៅក្នុងសាច់រឿងនោះ តួស្រីមានចំណេះជំនាញរឿងម្ហូបអាហារ ប្រៀបដូចជាទេវតារក្សាសុភមង្គលនៅក្នុងផ្ទះសម្បែង។
ការសរសេរស្រ្គីបសម្រាប់ផលិតចេញជាខ្សែភាពយន្តរបស់អ្នកនិពន្ធវ័យ២៧ឆ្នាំរូបនេះ គឺមានទាំងប្រភេទរឿងខ្លី ទាំងប្រភេទរឿងតភាគ ដោយស្នាដៃនីមួយៗមានភាពច្នៃប្រឌិតលក្ខណៈផ្ទាល់ខ្លួន។ សិទ្ធិ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ យ៉ាងដូច្នេះ ៖ « អ្វីដែលលំបាកក្នុងការតែងនិពន្ធភាពយន្តនោះ គឺការរកគោលគំនិតរឿង។ ហើយធ្វើយ៉ាងណា រឿងដែលយើងសរសេរចេញទៅជាការច្នៃប្រឌិត ប្លែកខុសពីគេ (Unique) ដោយមិនមានការចម្លងសាច់រឿងពីអ្នកដទៃឡើយ»។
មកទល់សព្វថ្ងៃ លោក សិទ្ធិ តែងនិពន្ធរឿងភាពយន្តខ្លីបានប្រមាណ១០ចំណងជើង ខណៈរឿងភាគវិញ មាន ៦ចំណងជើង ផងដែរ។ ការងារតែងនិពន្ធភាពយន្តនីមួយៗ អាស្រ័យតាមពេលវេលា និងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន ដោយរឿងមួយចំនួន ជាពិសេសរឿងភាគតែម្តងដែលអាចប្រើពេលពី៧ខែ ទៅដល់ជាង១ឆ្នាំ ក្នុងការបញ្ចប់សាច់រឿង។
ការងារក្តីស្រមៃ មិនប៉ះពាល់ការងារអាជីព !
ការបង្រៀនសិស្ស មិនមែនបង្រៀនពេញមួយថ្ងៃនោះៗទេ។ ពោល គឺគេមានកាលវិភាគច្បាស់លាស់ទៅតាមអ្នកគ្រប់គ្រងសាលារៀនរៀបចំឡើងក្នុងវេនព្រឹក និងវេនរសៀល។ ការណ៍នេះហើយ ដែលធ្វើលោកគ្រូវ័យក្មេងរូបនេះ ភាពងាយស្រួលក្នុងការបែងចែកពេលវេលារវាងការបង្រៀនសិស្ស និងតែងនិពន្ធភាពយន្ត ត្បិតមានលំបាកតិចតួចក្តី។
« ប្រាកដណស់ការងារពីរស្របពេលតែមួយ នឹងមានការលំបាកខ្លះ តែមិនមែនជាបញ្ហាខ្លាំងប៉ុន្នានទេ ព្រោះ ខ្ញុំបែងចែកដាច់ដោយឡែកពីគ្នា រវាងការបង្រៀន និងការនិពន្ធ»។ គ្រូកម្លោះរូបសង្ហារូបនេះថ្លែង បែបនេះមកប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ដោយធានាថា ការងារតែងនិពន្ធកន្លងមកនេះ ខ្លួនមិនធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការបង្រៀនសិស្សឡើយ។
ការនិពន្ធប្រលោមលោក
«និទានសន្យា២បេះដូង» ជាស្នាដៃដំបូងរបស់ លោក សិទ្ធិ លើការតែងនិពន្ធរឿងប្រលោមលោក។ ការនិពន្ធរឿងបែបស្នេហា មនោសញ្ចេតនា ខឹង ស្អប់ ប្រច័ណ្ឌ ជាដើមនោះ វាមិនពិបាកសម្រាប់អ្នកមានទេពកោសល្យពីកំណើតដូច ជួន សិទ្ធិ ឡើយ។
តែយ៉ាងណាមិញ ស្នាដៃថ្មីមួយនេះ ទំរាំចេញជារូបរាងឡើងមក ក៏ចំណាយពេលអស់ជិតមួយឆ្នាំផងដែរ ត្បិត សិទ្ធិ មិនសូវមានពេលគ្រប់គ្រាន់ក្នុងការតែនិពន្ធ។ មិនបានប៉ុន្មានខែផង សិទ្ធិ ក៏បានចេញនូវសា្នដៃទី២របស់ខ្លួនដែលមានចំណងជើង ថា «ផ្ញើចិត្តនឹកនៅក្នុងគ្រាប់ខ្សាច់»។
ទោះ មិនសូវទទួលបានការគាំទ្រច្រើនពីមិត្តអ្នកអាន តែអ្នកនិពន្ធកម្លោះសង្ហារូបនេះសប្បាយចិត្តក្នុងការងារតែងនិពន្ធនេះ ដោយបន្តធ្វើវាទៅតាមជំនាញ និងទេពកោសល្យដែលខ្លួនមាន។ ក្នុងឆ្នាំ២០២៥ អ្នកនិពន្ធរូបសង្ហារូបនេះ ត្រៀមបញ្ចប់ការសរសេរសៀវភៅប្រលោមលោកមួយក្បាលទៀត ដែលគ្រោងនឹងបោះពុម្ពនាឆាប់ៗនេះផងដែរ។
សមិទ្ធនានា ដែល អ្នកនិពន្ធ វិសុទ្ធ សម្រេចបានមកទល់សព្វថ្ងៃ គឺតែងតែបានទទួលបានការជ្រោមជ្រែង និងការលើកទឹកចិត្ត ពីសំណាក់មនុស្សនៅជុំវិញខ្លួន ជាពិសេសពីក្រុមគ្រួសារតែម្តង។ «ខ្ញុំមានឪពុកម្តាយជំរុញបន្ថែម ពិសេសពេលបោះពុម្ពសៀវភៅ ហើយខ្វះខាតថវិកា ពួកគាត់មានត្រៀមកញ្ចប់ថវិកាទុកឱ្យតែម្ដង»។ អ្នកនិពន្ធវ័យក្មេងបែបនេះទាំងអួលដើមក ដោយបានបន្ថែមថា ៖ « តាំងពីចាប់ការងារតែងនិពន្ធនេះមក ពួកគាត់មិនដែលរារាំងអ្វីនោះទេ។ តែពួកគាត់បង្ហាញនូវនៅក្ដីបារម្ភពីខ្ញុំវិញ! ខ្លាចខ្ញុំគិតច្រើន ហត់នឹងការងារពេក»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: