មូលនិធិជាតិជួយសង្គម បកស្រាយករណីប្រាក់ចូលនិវត្តន៍របស់នាយករងម្នាក់នៅគិរីវង់
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ នាយករងនៃសាលាបឋមសិក្សាមួយ នៅស្រុកគិរីវង់ ខេត្តតាកែវ ដែលបង្រៀន៤០ឆ្នាំ ទទួលបានប្រាក់សោធននិវត្តន៍ ៨២,៥ម៉ឺនរៀល រួមទាំងអត្ថប្រយោជន៍នានាបន្ថែមទៀត ។ ចំនួននេះ មិនដូចព័ត៌មានមួយចំនួនដែលចែកចាយលើបណ្ដាញសង្គមថា លោកទទួលបានប្រាក់ចូលនិវត្តន៍ត្រឹម៧៤ម៉ឺនរៀលឡើយ។ យោងតាមសេចក្ដីបំភ្លឺ របស់មូលនិធិជាតិជំនួយសង្គម ចេញថ្ងៃទី១២ ខែមីនា។

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Holly Day បានបង្ហោះ នាយករងនៃសាលាបឋមសិក្សាមួយ ស្ថិតនៅស្រុកគិរីវង់ ធ្វើការ៤០ឆ្នាំ បានប្រាប់ចូលនិវត្តន៍ត្រឹមតែ៧៤០ ៦០០រៀល។ ហេតុនេះ ទើបមូលនិធិជាតិជំនួយសង្គម ប្រកាសបដិសេធ ដោយសារការបង្ហោះរបស់ Holly Day បង្កឱ្យមានមតិរិះគន់ពីមហាជន មានការចែកចាយព័ត៌មានខាងលើជាបន្តបន្ទាប់ រួមទាំងយល់ច្រឡំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ របស់អតីតមន្ត្រីរាជការស៊ីវិល។
នាយករងនៃសាលាបឋមសិក្សាខាងលើ ទទួលបានប្រាក់បៀវត្ស ៩២៥,៧៦០រៀល និងប្រាក់បំណាច់មុខងារ៧៧០,០០០រៀល និងប្រាក់ឧបត្ថម្ភសហព័ទ្ធ ១៥,០០០រៀល។ គ្រូបង្រៀនរូបនេះ នឹងត្រូវចូលនិវត្តន៍ នៅខែមេសា ខាងមុខនេះ។
មន្ត្រីរាជការស៊ីវិល ដែលបំពេញការងារ២០ឆ្នាំ ពួកគេនឹង ទទួលបាន របបសោធននិវត្តន៍ ស្នើនឹង ៦០ភាគរយ នៃបៀវត្សមូលដ្ឋាន និង៣០ឆ្នាំ ឡើងទៅ ទទួលបានរបបសោធននិវត្តន៍ ស្នើនឹង ៨០ភាគរយនៃបៀវត្សមូលដ្ឋាន រួមទាំងទទួលបានប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ ស្នើនឹង៨ខែ នៃបៀវត្សមូលដ្ឋាន។ នេះជាការសម្រេចរបស់ រដ្ឋាភិបាល នាពេលកន្លងមក បូករួមជាមួយអត្ថ ប្រយោជន៍នានាបន្ថែមទៀត។
យ៉ាងណាក៏ដោយ បើរបបសន្តិសុខសង្គមប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥,០០០រៀលក្នុង១ខែ ត្រូវដំឡើង ឱ្យដល់ ៨២៥,០០០រៀលក្នុង១ខែ។ នេះបើតាម មាត្រា៣ នៃអនុក្រឹត្យលេខ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។
ដូចនេះ មូលនិធិជាតិជំនួយសង្គមបានសង្កត់បានបកស្រាយថា៖ «ប្រាក់សោធននិវត្តន៍របស់ លោកគ្រូ អ៊ុក ពៅ ត្រូវទទួលបាន ៨២៥,០០០រៀលក្នុង១ខែ បូករួមនឹង អត្ថប្រយោជន៍នានាបន្ថែមទៀត»។ ចំពោះការគាំពារផ្សេងទៀតៗ មានដូចជា ការថែទាំពិនិត្យសុខភាពដោយឥតគិតថ្លៃ ប្រាក់ក្រោយពេលនិវត្តជនទទួលមរណភាព និងប្រាក់ឧបត្ថម្ភដលើប្រពន្ធកូន និវត្តជនក្រោយពេល និវត្តជននោះទទួលមរណភាពជាដើម។
ពាក់ព័ន្ធនឹងករណីខាងលើ មូលនិធិជាតិជំនួយសង្គម បានស្នើឱ្យអាជ្ញាធរ ចាត់វិធានការផ្លូវច្បាប់ គណនីហ្វេសប៊ុក និងហ្វេសប៊ុកផេកនានា ដែលចែកចាយព័ត៌មាន មិនពិតខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com