ក្រុមជំនុំព្រះត្រៃបិដកថ្មី មិនកែប្រែស្នាដៃដូនតា ប៉ុន្តែបន្តការងារដែលនៅសេសសល់
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៤៣ នាទី យប់

សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៤ ខែមីនា នេះ បានចេញសេចក្តីបំភ្លឺទាក់ទងនឹងការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ។ ដូចជាការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា ផងដែរ គណៈសង្ឃនាយក បានបញ្ជាក់ពីគោលបំណងថា គ្មានអ្វីក្រៅពីបន្តវេនបុព្វបុរសខ្មែរជំនាន់ដើមនោះឡើយ។

«ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ក្នុងគោលបំណង បន្តវេនបុព្វបុរសខ្មែរពោល គឺក្រុមជំនុំព្រះ ត្រៃបិដកជំនាន់ដើមដែលបានបង្កើតឡើងក្នុងឆ្នាំ១៩២៩ ហើយបានធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលីមកជាភាសាខ្មែររួចជាស្ថាពរ»។ នេះជាការបញ្ជាក់របស់គណៈសង្ឃនាយក។
អត្ថបទទាក់ទង
ជាមួយគ្នានេះផងដែរ គណៈសង្ឃនាយកបានកត់សម្គាល់ឃើញថា គម្ពីរដីកាពិសេសផ្សេងៗ ទៀតក្រៅពី ព្រះត្រៃបិដក ដូចជាគម្ពីរអដ្ឋកថា ដីកា យោជនា ជាដើម ពុំទាន់ត្រូវបានចងក្រងនិងបកប្រែ ជាផ្លូវការពី ភាសាបាលីមកជាខេមរភាសានៅ ឡើយទេ។ ជាចាំបាច់ គណៈសង្ឃពុទ្ធសាសនា មានកាតព្វកិច្ច សហការជាមួយក្រសួងធម្មការនិងសាសនា ក្នុងការរៀបចំនិងបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បី ធ្វើកិច្ចការបកប្រែបន្តពីអ្នកប្រាជ្ញជំនាន់មុននូវគម្ពីរដីកាផ្សេងៗរបស់ព្រះពុទ្ធសាសនា ដែលពុំទាន់ បានធ្វើការបកប្រែ។
ដោយផ្អែកលើធនធានមនុស្ស (ទាំងបព្វជិត ទាំងគ្រហស្ថ) ក្នុងពុទ្ធសាសនមណ្ឌលខ្មែរ នាពេលបច្ចុប្បន្ន ដែលមានសមត្ថភាពជំនាញ ភាសាបាលី សំស្ក្រឹត និងភាសាបរទេសជាច្រើនអាចបន្តវេន ក្នុងការធ្វើកិច្ចការនេះបានដោយពិតប្រាកដ។ នេះជាការគូសបញ្ជាក់របស់គណៈសង្ឃនាយក។
យោងតាមស្មារតីអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ បានអនុម័តសម្រេចរៀប ចំក្រុមជំនុំព្រះត្រៃបិដកផងដែរ។ គណៈសង្ឃនាយក បានបញ្ជាក់ថា ការរៀបចំបែបនេះ ពុំមែនឈ្មោះថា លុបបំបាត់តម្លៃគុណូបការៈស្នាព្រះហស្ត ឬស្នាដៃរបស់ក្រុម ជំនុំព្រះត្រៃបិដកជំនាន់ដើមនោះទេ។ ផ្ទុយទៅវិញ ការណ៍នេះ ជាការជួយអភិរក្សកេរមរតករបស់បុព្វបុរស ជំនាន់មុនឱ្យមាននិរន្តរភាព ហាក់បីដូចជាក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម មានជីវិតនៅជាមួយពុទ្ធ សាសនិកជនខ្មែរគ្រប់រូប។
ចំពោះឃ្លា “ផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ” ក្នុងន័យនេះ គណៈសង្ឃនាយកពន្យល់ថា ក្រុមជំនុំព្រះត្រៃបិដកថ្មី មិនពិនិត្យ និងកែប្រែខ្លឹមសារដើមនោះឡើយ ខណៈកន្លងមកមានរោងពុម្ពឯកជន មួយចំនួន បានយកគម្ពីរព្រះត្រៃបិដកច្បាប់ដើមទៅថតចម្លង ដោយ បោះពុម្ពខុសអក្ខរាវិរុទ្ធ និងរៀបចំ ទំព័រខុសមិនតាមលំដាប់លំដោយ ធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារពុទ្ធវចនៈ ដើម ដែលជាកង្វល់ដ៏ធំមួយ។
«ហេតុនេះជាចាំបាច់តម្រូវ ឱ្យមានក្រុមជំនុំព្រះបិដកឡើងវិញ ដើម្បីជាយន្តការរៀបចំនីតិវិធីសម្រាប់ ការបោះពុម្ពឱ្យបានត្រឹមត្រូវតាម ព្រះត្រៃបិដកច្បាប់ដើម ជៀសវាងភាពខុសឆ្គង និងភាពអនាធិបតេយ្យ ក្នុងការបោះពុម្ពផ្សព្វផ្សាយពុទ្ធវចនៈ ដែលមានក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ»។ សេចក្តីបំភ្លឺបានលើកឡើងយ៉ាងដូច្នេះ ដោយបន្ថែមថា ការប្រើឈ្មោះ “ក្រុមជំនុំព្រះត្រៃបិដក” ពុំមានអ្វីចំឡែក និងខុសឆ្គងឬប្រើពុំបាននោះឡើយ ព្រោះថា ការបន្តវេនពីជំនាន់មួយទៅជំនាន់មួយជារឿងល្អបំផុត ក្នុងការអភិរក្សរក្សាកេរមរតក ស្នាព្រះហស្ថឬស្នាដៃបុព្វបុរសគ្រប់ជំនាន់និងជាការរក្សាឈ្មោះដើមមិនឱ្យ បាត់បង់។
គណៈសង្ឃនាយក បានលើកឡើងថា ភាពអសកម្មនិងការធ្វេសប្រហែសមិនបន្តការងាររបស់ដូនតា ដែល នៅសេសសល់ឈ្មោះថាជាការ មិនគោរពគុណបុព្វបុរសទៅវិញទេ តែបើបានបន្តការងាររបស់ដូនតា ដែល នៅសេសសល់នោះទើបឈ្មោះ ថាជាការគោរពលើកតម្កើងគុណបុព្វបុរសនិងជាការរក្សា វង្សអ្នកប្រាជ្ញមិនឱ្យសាបសូន្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com