លោកពូទីន ព្រមានទ័ពអ៊ុយក្រែននៅតំបន់ Kursk ទម្លាក់អាវុធ បើចង់មានជីវិតរស់
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី១៤ ខែមីនា បានព្រមានកងទ័ពអ៊ុយក្រែន ដែលវាយចូលដែនដីរុស្ស៊ី Kursk ឱ្យទម្លាក់អាវុធ ប្រសិនបើចង់មានជីវិតរស់។ ការដាក់លក្ខខណ្ឌរបស់លោកពូទីនបែបនេះ ធ្វើឡើងក្រោយសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យលោក ពូទីន ទុកជីវិតឱ្យកងទ័ពអ៊ុយក្រែន ដែលបានវាយចូលដែនដីរុស្ស៊ីភាគខាងលិច។

ចាប់តាំងពីឆ្នាំ២០២៤ មក កងទ័ពអ៊ុយក្រែន បានលួចវាយប្រហារចូលដែនដីភាគខាងលិចរបស់រុស្ស៊ី Kursk ដែលអ្នកជំនាញមើលឃើញថា អាចយកទៅចរចាជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ មួយរយៈចុងក្រោយ កងទ័ពរុស្ស៊ី បានប្រកាសដណ្តើមបានភូមិមួយចំនួន ខណៈយោធាអ៊ុយក្រែន បន្តការពារពីជំហរដ៏រឹងមាំរបស់ខ្លួនក្នុងទឹកដី Kursk។
ជុំវិញព័ត៌មានបែបនេះ លោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ ខែមីនា បានស្នើឱ្យលោកពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែន។ ចំណែកប្រមុខអង្គការណាតូ (NATO) លោក Mark Rutte បានចាត់ទុកការអំពាវនាវឱ្យលោកត្រាំ ជារឿងសំខាន់ និងជាប្រយោជន៍សម្រាប់កងទ័ពអ៊ុយក្រែន។
ក្រោយការអំពាវនាវបែបនេះ លោក ពូទីន ដែលចោទកងទ័ពអ៊ុយក្រែនបានប្រព្រឹត្តអំពើភេរវកម្ម ទំនងទទួលសំណើរបស់លោកត្រាំ ប៉ុន្តែដាក់លក្ខខណ្ឌឱ្យកងទ័ពអ៊ុយក្រែន ទម្លាក់អាវុធ។
«ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំចង់បញ្ជាក់ថា ប្រសិនបើកងទ័ពអ៊ុយក្រែន ទម្លាក់អាវុធ និងចុះចាញ់ ពួកគេនឹងត្រូវបានធានាជីវិត ហើយការពារយ៉ាងត្រឹមត្រូវដោយផ្អែកតាមច្បាប់អន្តរជាតិ និងច្បាប់របស់រុស្ស៊ី»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៤ ខែមីនា។
ចំណែក លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា កងទ័ពអ៊ុយក្រែន បានបដិសេធទម្លាក់អាវុធ ហើយពួកគេនឹងត្រូវបានកម្ទេច ដោយគ្មានការលើកលែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ពូទីន នៅថ្ងៃទី១៣ ខែមីនា បានបំពេញទស្សនកិច្ចដោយផ្ទាល់ទៅតំបន់ Kursk ដោយបញ្ជាឱ្យទាហានរបស់ខ្លួនកម្ទេចកម្លាំងទ័ពអ៊ុយក្រែនឱ្យបានឆាប់បំផុត។ នេះជាទស្សនកិច្ចរបស់លោក ពូទីនលើកដំបូង ចាប់តាំងពីអ៊ុយក្រែន វាយចូល។
ទន្ទឹមនេះ ប្រេសិតអាម៉េរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff នៅថ្ងៃទី១៤ ខែមីនា បានចាកចេញពីក្រុងមូស្គូដោយគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ តាមការអំពាវនាវរករបស់លោក ត្រាំ។ បើតាមលោក ពូទីន បទឈប់បាញ់ គួរតែមានលក្ខខណ្ឌត្រឹមត្រូវ និងអាចទទួលយកបាន។
លោកពូទីន បានអះអាងថា អ៊ុយក្រែន ត្រូវតែកម្រិតពីចំនួនយោធា, បោះបង់មហិច្ឆតាចូលអង្គការណាតូ ហើយទទួលស្គាល់ដែនដីទាំង៤ ដែលបានចូលជាមួយរុស្ស៊ី។ តំបន់ទាំង ៤នោះ មានដូចជា តំបន់ Donetsk, តំបន់ Kherson, តំបន់ Luhansk និងតំបន់ Zaporizhzhia៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: