គ្រូបង្វឹកអាយ អេស អាយ ប្ដេជ្ញាយក៣ពិន្ទុមកវិញ
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣៩ នាទី រសៀល
គ្រូបង្វឹកអាយ អេស អាយ ប្ដេជ្ញាយក៣ពិន្ទុមកវិញ
រូបពី Cambodian Premier League

លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ប្ដេជ្ញានឹងយក ៣ពិន្ទុ ក្នុងជំនួបជាមួយក្រុមឡាយហ្វ ព្រះសីហនុ នាល្ងាចថ្ងៃទី១៥ មីនា នៅកីឡដ្ឋានឡាយហ្វ ក្នុងពានរង្វាន់ Cambodian Premier League 2024-2025។
TTN-Free-Banner-In-Article-PC

នេះ គឺជាជំនួបជើងទី៣ រវាងក្រុមអាយ អេស អាយ ដង្កោសែនជ័យ និងក្រុមឡាយហ្វ ព្រះសីហនុ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២៤-២០២៥។ កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៤ នៅកីឡដ្ឋានឡាយហ្វ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះក្នុងលទ្ធផល ១-០ នៅជើងទី១ ។ លុះចូលដល់ជើងទី២ នាថ្ងៃទី៩ ខែវិច្ឆិកា ក្រុមឡាយហ្វ ព្រះសីហនុ សងសឹកវិញក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន AIA KMH Park។

តើការប្រកួតជើងទី៣នេះ ក្រុមណា ដែលជាអ្នកទទួលជ័យជម្នះ?

លោក ទុំ សារ៉ាយ ជំរុញកីឡាករអាយ អេស អាយ ឲ្យប្រឹងអស់ពីសមត្ថភាព ដើម្បីយក៣ពិន្ទុបន្ថែមទៀត។ បច្ចុប្បន្ន នេះ ក្រុមលោកកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ មាន៣០ពិន្ទុ ខណៈ ឡាយហ្វ ព្រះសីហនុ នៅចំណាត់ថ្នាក់លេខ៩ មាន១៦ពិន្ទុ។ 

គ្រូបង្វឹកក្រុមអាយ អេស អាយ ដង្កោសែនជ័យ បាននិយាយថា៖«ការត្រៀមខ្លួនរបស់ អាយ អេស អាយ ដង្កោសែនជ័យ នៅក្នុងការប្រកួតនេះ យើង បានរៀបចំខ្លួន បានយ៉ាងល្អ ទាំងឆន្ទៈ ទាំងការប្រមូលអារម្មណ៍ ក្នុងការប្រកួតប្រជែង ដើម្បីយក៣ពិន្ទុត្រឡប់មកផ្ទះវិញ។»។

ការដណ្ដើមយក ៣ពិន្ទុ ក្នុងការប្រកួត មិនងាយស្រួលឡើយសម្រាប់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ។ លោក ទុំ សារ៉ាយ មើលឃើញថា ឡាយហ្វ ព្រះសីហនុ ពូកែខាងការពារ និងការវាយបក ដោយកីឡាករឡើងមកបំពេញនៅតំបន់ប្រយុទ្ធ និងតំបន់ការពារស្រុះគ្នា។

«កីឡាករឡាយហ្វ ព្រះសីហនុ លេងបាល់ដោយឆន្ទៈខ្លាំង ជាពិសេសគឺអំឡុងពេលដែលពួកគាត់ការពារស្រុះគ្នា ហើយការវាយបកក៏ពួកគេឡើងមកបំពេញបានល្អមែនទែន។ គាត់ធ្វើបានល្អមែនទែនជាមួយគូប្រកួត គាត់តែងដាក់សម្ពាធទៅគូប្រកួតខ្លាំង។»។ លោក ទុំ សារ៉ាយ បាននិយាយដូច្នេះ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២៥ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់​លេខ១ មាន៥៨ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន ៥៧ពិន្ទុ ខណៈ វិសាខា ចំណាត់ថ្នាក់លេខ៣ មាន ៥៣ពិន្ទុ។

រីឯ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤ ខណៈលេខ៥ ណាហ្គាវើលដ៍ មាន ៣៦ពិន្ទុ និងលេខ៦ បឹងកេត មាន ៣៣ពិន្ទុ។ ចំណែក ចំណាត់ថ្នាក់លេខ៧ ក្រុមអាយ អេស អាយដង្កោសែនជ័យ មាន៣០ពិន្ទុ និងចំណាត់ថ្នាក់លេខ៨ កងយោធពលខេមរភូមិន្ទ មាន១៩ពិន្ទុ។ ឡាយហ្វ​ ព្រះសីហនុ មាន១៦ពិន្ទុ នៅចំណាត់ថ្នាក់លេខ៩ ខណៈ គិរីវង់សុខ​សែន​ជ័យ មាន១២ពិន្ទុ នៅចំណាត់ថ្នាក់លេខ១០។ ចំណែកក្រុមបាតតារាង សមាគម​កីឡា​បាល់ទាត់ក្រសួងមហាផ្ទៃ មាន៥ពិន្ទុ៕
 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង