សម្ដេច ហ៊ុន ម៉ាណែត៖ ស៊ូនិយាយពាក្យ «សន្តិភាព» ឱ្យធុញ តែកុំឱ្យបាត់សន្តិភាព
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

«ពាក្យសន្តិភាព ត្រូវតែនិយាយជានិច្ច! ស៊ូនិយាយឱ្យធុញ តែកុំឱ្យបាត់សន្តិភាព។»។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្លើយនឹងសំនួរបែបចំអកមករដ្ឋាភិបាល ដែលតែងតែលើកពីប្រធានបទសន្តិភាព។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា។

បើតាមប្រមុខដឹកនាំកម្ពុជា ប្រវត្តិសាស្រ្ត៥០០ឆ្នាំរបស់កម្ពុជា មិនដែលមានការឯកភាពជាតិនោះទេ ហើយងាកទៅសម័យអង្គរវិញ ក៏មានសង្រ្គាមផ្ទៃក្នុង និងជាមួយប្រទេសជិតខាងផងដែរ។ ក្រោយៗមកទៀត ក៏មានការផ្លាស់ប្ដូររាជធានីជាបន្តបន្ទាប់ ដោយសារសង្រ្គាមដែរ។
កម្ពុជាទើបតែទទួលបានសន្តិភាពក្នុងរយៈពេល ២៧ឆ្នាំនេះទេ ប៉ុន្តែ ក្នុងនោះ ក៏ធ្លាប់មានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង ៤ឆ្នាំផងដែរ គឺចាប់ពី ២០០៨ ដល់២០១១។ នេះជាការរំឭករបស់ សម្ដេច ហ៊ុន ម៉ាណែត ដោយសង្កត់ធ្ងន់ថា សង្រ្គាមបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងការធ្វើធុរកិច្ចផ្សេងៗ។ ហេតុផលទាំងនេះ ដែលនាំឱ្យរដ្ឋាភិបាលត្រូវតែនិយាយពាក្យ «សន្ដិភាព» ព្រោះសន្តិភាពពិបាករក។
សម្ដេច ពន្យល់បែបនេះថា៖«យើងនិយាយថា សន្តិភាព២៧ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ យើងបានបញ្ចប់សង្រ្គាមផ្ទៃក្នុង ប៉ុន្តែ ការប៉ះទង្គិចព្រំដែនមាន ២ ទៅ ៣ដងរួចទៅហើយ។ ខ្ញុំសួរថា តើពេលប៉ះទង្គិចម្ដងៗភ័យទេ? ពេលប៉ះទង្គិចគ្នាម្ដងៗ ពិភពលោកផ្សាយថា កម្ពុជាជិតមានសង្រ្គាមទៀតហើយ! ដូច្នេះ ពិតណាស់នឹងប៉ះពាល់ដល់ជីវភាពរស់នៅ និងធុរកិច្ចរបស់បងប្អូន។ នេះហើយជាអ្វីដែលយើងត្រូវនិយាយថា សន្តិភាព»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: