វៀតណាម​កាត់ទោស​ម្ចាស់អគារដែល​ឆេះស្លាប់​មនុស្ស​៥៦នាក់​ ឲ្យជាប់​ពន្ធនាគារ​១២ឆ្នាំ
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៤០ នាទី ល្ងាច
វៀតណាម​កាត់ទោស​ម្ចាស់អគារដែល​ឆេះស្លាប់​មនុស្ស​៥៦នាក់​ ឲ្យជាប់​ពន្ធនាគារ​១២ឆ្នាំ
តុលាការ​ក្រុង​ហាណូយ AFP - NHAC NGUYEN

ដោយ៖ហេង ឧត្តម
គ្រោះ​អគ្គិភ័យដ៏ធំក្នុងខែកញ្ញា ​​ឆ្នាំ២០២៣​ ​​បាន​សម្លាប់មនុស្ស ៥៦ នាក់ ​ ​ជា​សោកនាដកម្មភ្លើងឆេះ​ដ៏​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ នៅ​វៀតណាម​ ​នា២ទសវត្សរ៍​ចុងក្រោយ។ ទីបំផុតទៅ​ តុលាការ​ក្រុង​ហាណូយបាន​​ផ្តន្ទាទោសម្ចាស់អគារ​ដែលត្រូវភ្លើងឆេះនោះ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១២ ឆ្នាំ​។  តុលាការវៀតណាម​​ក៏​បាន​កាត់ទោស​ដាក់ពន្ធនាគារ​​ចំពោះ​មន្ត្រី​មូលដ្ឋាន ៧ នាក់ ​ដែលបាន​​ឃុប​ឃិត​ជាមួយ​ម្ចាស់​អគារ​។​ ​
TTN-Free-Banner-In-Article-PC

ម្ចាស់អគារ ដែលរងគ្រោះ​អគ្គិភ័យ​ឆេះស្លាប់មនុស្ស៥៦នាក់ និង៤៤នាក់​រងរបួស​ កាលពីឆ្នាំ២០២៣ បានត្រូវ​តុលាការ​វៀតណាម​ សម្រេច​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារចំនួន ១២ ឆ្នាំ។ ​សេចក្តី​សម្រេច​របស់​​តុលាការក្រុងហាណូយ​បញ្ជាក់ថា​ ម្ចាស់​អគារលំនៅដ្ឋាន​ ឈ្មោះ​ Nghiêm Quang Minh វ័យ​ ៤៥ ឆ្នាំ​ គួរតែត្រូវ​ទទួល​ទោស​ពៃរ៍ ឲ្យ​ធ្ងន់ធ្ងរ​បំផុត។ ដ្បិត​ថា ទង្វើ​​របស់​បុគ្គលនេះ បង្កគ្រោះថ្នាក់ខ្លាំង ដែល​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​អស់​ជាច្រើន​នាក់ និង ខូច​ខាត​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់​។​ ក្នុង​ចំណោម​​អ្នក​ស្លាប់​និងអ្នក​រងរបួស​ ក៏​មាន​កូនក្មេងតូចៗ ហើយ​គ្រួសារខ្លះ​ស្លាប់​មួយ​ពូជ​តែម្តង។ នេះបើតាម​សាលាក្រម​​របស់​តុលាការ​ក្រុងហាណូយ នៅ​ថ្ងៃ​សុក្រ ទី​១៤ មីនា។​

ចំណែក​ពិន័យ​រដ្ឋប្បវេណី តុលាការ​វៀតណាមក៏បាន​​បង្គាប់​ឲ្យម្ចាស់អគារ​រូបនេះ​ ប្រគល់​​សំណង​ជំងឺចិត្ត ចំនួន ២៣,៧ ពាន់លានដុង ស្មើ​នឹង​ប្រហែល​ ៩០ ម៉ឺន​​ដុល្លារ​ ទៅឲ្យ​​ក្រុមគ្រួសារ​ជនរងគ្រោះ និងអ្នក​រស់​រានមានជីវិត​ពី​អគ្គិភ័យ​។​
ក្រុមគ្រួសារ​ជនរងគ្រោះមួយ​ចំនួន បាន​ប្រាប់អ្នកកាសែត​ក្នុងស្រុក និង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ថា សាលក្រមនេះ ដាក់ទោស​ស្រាលណាស់ និង​ថា ពួកគេ​មិន​ពេញចិត្តទេ។​

ដោយឡែក តុលាការ​ក្រុង​ណាហូយ ក៏បាន​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​មន្ត្រី​រដ្ឋការ​វៀតណាម ចំនួន ៧ នាក់​ ឲ្យជាប់ក្នុង​ពន្ធនាគារ​ ចន្លោះពី ៣០ខែ ទៅ​ ៧ឆ្នាំ ពីបទ​បំពាន​លើតួនាទី​ទំនួល​ខុសត្រូវ​ និង​បណ្តាលឲ្យ​មាន​ផលវិបាកធ្ងន់ធ្ងរ។
គួរ​ជ្រាបថា ម្ចាស់​អគារ​ផ្ទះជួល​នោះ បាន​កែ​ប្រែ​គំរូ​ប្លង់​អគារ ដោយ​លួច​សាងសង់​អគារ​ ៣ ជាន់​ថែមលើសចំនួន​ក្នុង​ប្លង់ដើមដែល​បាន​អនុញ្ញាតរួច​ហើយ​ ដើម្បីបាន​ចំណេញ​ សង់​បន្ទប់​ជួល ១២ បន្ទប់​បន្ថែមទៀត។ ​អគារ​លំនៅដ្ឋាន​នោះ​ទៀតសោត បានរំលោភបំពានច្បាប់ស្តីពី​សុវត្ថិភាពលំនៅដ្ឋាន។ ក្រៅពី​គ្មាន​ប្រព័ន្ធប្រកាសអាសន្ន​អគ្គិភ័យ បន្ទប់ខ្លះ​គ្មានបង្អួច​ មានតែ​ប្រឡោះ​ខ្យល់​ចេញចូល​តូចមួយ។ អគារទាំង​មូល មាន​ជណ្តើរឡើងចុះ​តែមួយគត់ និងគ្មាន​ជណ្តើរផ្សេងនៅខាងក្រៅ​ ឬ​ច្រក​ផ្លូវ​ចេញផ្សេង​​សម្រាប់​ពេល​មាន​គ្រោះអាសន្ននោះឡើយ​។​ ការ​ស៊ើបអង្កេតរបស់​សមត្ថកិច្ចវៀតណាម​ ក៏​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​រឿងខុស​ច្បាប់​​ទាំង​​នេះ តែ​បាន​លាក់បាំង និង​មិនព្រម​​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ចាត់វិធានការ​​។​

ក្រោយសោកនាដកម្ម​អគ្គិភ័យ​ក្នុងឆ្នាំ២០២៣នោះ រដ្ឋាភិបាល​វៀតណាម​បាន​ចេញបទបញ្ជាឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​អគារលំនៅដ្ឋាន​​ទូទាំង​ប្រទេស ដោយ​តម្រូវ​ឲ្យ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​បង្ការ​ភ្លើង​ឆេះ​ ហើយអាជ្ញាធរ​វៀតណាម​ក៏បាន​​ចេញ​ច្បាប់​កំណត់​វិធានការ​សុវត្ថិភាព​ចំពោះ​សំណង់អគារ​ដែលត្រូវសាងសង់ថ្មីដែរ។

​វៀតណាម ​មាន​ប្រជាជន​ប្រមាណ​ ១០០ លាននាក់ តែពលរដ្ឋ១ភាគ​៣ ត្រូវ​ប្រមូលផ្តុំ​រស់​នៅ​ក្នុង​ទីក្រុង​និង​ទីប្រជុំជន​ដ៏​ចង្អៀត​ណែន។ ​​ក្នុង​ឆ្នាំ​២០២២ ក៏​មានភ្លើងឆេះ​កន្លែង​រង្គសាលច្រៀង​​ខារ៉ាអូខេ ស្លាប់​មនុស្ស ជាង ៣០នាក់៕​

 

© រក្សាសិទ្ធិដោយ thmeythmey.com

Other