អ្នកជំនាញកំពុងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ស្ពានហាលខាងកើតប្រាសាទបេងមាលាកំពុងដំណើរការជួសជុលឡើងវិញ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ១០ខែមកហើយ ដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានខិតខំជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលកំពុងប្រែពីភាពបាក់បែកទ្រុឌទ្រោម មកជារឹងមាំឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទនេះ។

វិស្វករអ្នកស្រី បឿត សុប៉ាក ឱ្យដឹងថា ១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងនៃស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដោយសម្រេចជាស្ថាពរ ជាពិសេសជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះផងដែរ។
តាមការបញ្ជាក់ពីអ្នកស្រី បឿត សុប៉ាក ការងារនេះធ្វើឡើងដោយគោរពទៅតាមអនុសាសន៍របស់ ក្រុមអ្នកជំនាញការអាស៊ីស៊ី-អង្គរ ដោយក្នុងនោះការងារជួសជុល គឺបានប្រើថ្មបាយក្រៀមជំនួសដី ដែលចាស់បុរាណបានបុកបង្ហាប់ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ។ អ្នកជំនាញរំពឹងថា ការប្រើថ្មបាយក្រៀមនៅទីតាំងនេះនឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាតនាពេលអនាគតជាបន្តទៀត។
បើតាមអាជ្ញាធរជាតិអប្សរាដែលចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា គម្រោងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលានេះ បានបែងចែកក្រុមការងារជា៤ផ្នែក រួមមានទី១ រៀបចំកម្រាល និងតម្លើងនាគ ទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ទី៣ជួសជុលថ្មកម្រាល និងទី៤ ជួសជុលប៉ះនិងតថ្ម។
គម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ក៏បានផ្តល់ឱកាសការងារដល់ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ និងប្រជាជនមួយចំនួនរស់នៅជុំវិញប្រាសាទនេះ ឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរផងដែរ។
គួរបញ្ជាក់ថា ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង និងគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: