វៀតណាម ចង់លុបគោលនយោបាយកូនពីរ ព្រោះអត្រាកំណើតធ្លាក់ចុះ
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រូបភាព AFP
វៀតណាមកំពុងតែពិចារណាលុបចោលគោលនយោបាយពីរក្នុងមួយគ្រួសារ របស់ខ្លួន ដោយសារអត្រាកំណើតរបស់ប្រទេសទាប ហើយជាប្រទេសមួយមានអត្រាទាបក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាមនៅថ្ងៃទី៤ ខែមីនា។

ក្រសួងសុខាភិបាលវៀតណាម បានស្នើឡើងឲ្យគូស្វាមីភរិយាអាចសម្រេចចិត្តយកកូនតាមចំនួនប្រាថ្នា និងពេលវេលាដែលសមរម្យ។ គោលបំណងនៃសំណើនេះ គឺដោះស្រាយអត្រាកំណើតនៅតំបន់ផ្សេងៗ ដែលមានចំនួនខុសគ្នាច្រើន។
បច្ចុប្បន្ន អត្រាកំណើតរបស់វៀតណាមមានកម្រិតទាបជាងកម្រិតមធ្យមក្នុងអាស៊ីអាគ្នេយ៍ ២,០ ក្នុងមួយគ្រួសារ ប៉ុន្តែខ្ពស់ជាងព្រុយណេដែលមានកម្រិត(១,៨) ម៉ាឡេស៊ី(១,៦) ថៃ(១,៤៧) និងសិង្ហបុរី(១,០)។
ដូចនឹងប្រទេសផ្សេងៗក្នុងអាស៊ីដែរ វៀតណាមកំពុងព្រួយបារម្មណ៍លើបញ្ហាប្រឈមប្រជាសាស្រ្តរបស់ខ្លួន ដូចជាការថយចុះអត្រាកំណើត និងកំណើននៃចំនួនប្រជាជនវ័យចំណាស់។
អ្នកជំនាញបានចាត់ទុកថាអត្រាកំណើតទាបនេះបណ្ដាលមកពីកត្តាជាច្រើន ដូចជាការរងសម្ពាធពីការងារ ឧបសគ្គផ្នែកហិរញ្ញវត្ថុ ការផ្ដោតចិត្តលើគោលអាជីពនៃអនាគត និងការប្តូរទស្សនៈរបស់សង្គម។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០២២ អត្រាកំណើតរបស់វៀតណាមរក្សាថេរក្នុងកម្រិត ២,១ ជាកម្រិតមួយអាចរក្សាចំនួនប្រជាជនបានថេរ។
យ៉ាងណាមិញ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ មធ្យមភាគនេះបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្លាក់ចុះពី ១,៩៦ ក្នុងឆ្នាំ ២០២៣ ដល់់ ១,៩១ ក្នុងឆ្នាំ ២០២៤ ជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្តវៀតណាម។
ផ្អែកលើរបាយការណ៍ដដែល អត្រាកំណើតវៀតណាមបានធ្លាក់ចុះទាបជាងកម្រិតដែលមិនអាចរក្សាចំនួនប្រជាជនថេរបាន ឬហៅថាអត្រាជំនួសប្រជាជន ហើយនេះជាឆ្នាំទីបីហើយនៃការធ្លាក់ចុះ។
ចំនួនតំបន់ដែលមានការធ្លាក់ចុះទាបជាងអត្រាជំនួសប្រជាជនរបស់វៀតណាម កើនឡើងពី ២២ តំបន់ក្នុងឆ្នាំ ២០១៩ ដល់ ៣២ តំបន់ក្នុងឆ្នាំ ២០២៤ ភាគច្រើននៅតំបន់ភាគអាគ្នេយ៍ និងតំបន់ដងទន្លេមេគង្គ។
ក្នុងឆ្នាំ ២០២៤ អត្រាកំណើតក្នុងទីក្រុងមាន ១,៦៧ ក្នុងមួយគ្រួសារ ខណៈពេលដែលនៅជនបទ ២,០៨ ទាំងពីនេះសុទ្ធតែស្ថិតនៅក្រោមអត្រាជំនួសប្រជាជន។ ខណៈពេលដែលសមាមាត្រយេនឌ័រមានភាពប្រសើរឡើង ប៉ុន្តែមិនទាន់ស្មើគ្នាទេ ជាមួយនឹងក្មេងប្រុស ១១២ នាក់រាល់កំណើតក្មេងស្រី ១០០ នាក់។
អត្រាកំណើតប្រែប្រួលយ៉ាងខ្លាំងនៅទូទាំងតំបន់ ដូចជានៅតំបន់ភាគអាគ្នេយ៍ និងតំបន់ដងទន្លេមេគង្គមានកម្រិតទាបជាងគេ ១,៤៨ និង ១,៦២ ក្នុងមួយគ្រួសារ។
ផ្ទុយទៅវិញ តំបន់ភ្នំភាគឦសាន និងខាងជើងមានអត្រាកំណើតខ្ពស់ ២,៣៤ និង ២,២៤ ដែលជាអត្រាជំនួសប្រជាជនបាន។ ទីក្រុងហូជីមិញ ជាទីក្រុងធំជាងគេនៅវៀតណាម ប៉ុន្តែមានអត្រាកំណើតទាបជាងគេបំផុតក្នុងប្រទេសត្រឹម ១,៣៩ ខណៈពេលដែលខេត្ត Ha Giang មានទីតាំងនៅវៀតណាមខាងជើង មានអត្រាកំណើតខ្ពស់ជាងគេបំផុត ២,៦៩។
តាមអ្នកជំនាញ អត្រាកំណើតនៅតែបន្តធ្លាក់ចុះ ដែលនៅឆ្នាំ ២០៣៩ ជាឆ្នាំបញ្ចប់នៃជំនាន់ប្រជាជនមាសរបស់វៀតណាម និងចំនួនប្រជាជនចាប់ផ្តើមថយចុះនៅឆ្នាំ ២០៥៤។ អ្នកជំនាញព្រមានពីកង្វះកម្លាំងពលកម្មដែលអាចកើតឡើង និងបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម ដោយសារចំនួនប្រជាជនវ័យចំណាស់កើនច្រើនជាវ័យក្មេង។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thi Lien Huong បានសង្កត់ធ្ងន់ថា វាជារឿងបន្ទាន់ក្នុងការលើកទឹកចិត្តមនុស្សឲ្យមានកូនច្រើន និងណែនាំឲ្យដកការពិន័យចេញចំពោះការមានកូនទីបី ជាពិសេសផ្ដល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារទាំងឡាយ។
រដ្ឋាភិបាលក៏កំពុងដោះស្រាយលើការថែទាំសុខភាពបន្តពូជ និងសេវាកម្មសម្រាប់មនុស្សវ័យចំណាស់ផងដែរ។
វៀតណាមកំពុងធ្វើការដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីផែនការគ្រួសារ និងសមភាពយេនឌ័រ។ អំឡុងពេលនេះដែរ រដ្ឋាភិបាលជំរុញឲ្យគ្រួសារមានកូនពីរនាក់ និងដោះស្រាយបញ្ហាប្រជាសាស្រ្ត ដែលជាផែនការអភិវឌ្ឍក្នុងស្រុក។ បញ្ហាប្រឈមដែលវៀតណាមកំពុងជួបខាងលើ មិនប្លែកទេ ប្រទេសផ្សេងៗ ដូចជាចិន កូរ៉េខាងត្បូង និងជប៉ុនបានជួបបញ្ហាស្រដៀងគ្នានេះដែរ។
ជាដំណោះស្រាយ រដ្ឋាភិបាលចំនួន ៥៥ ជុំវិញពិភពលោកបានអនុវត្តគោលនយោបាយដើម្បីបង្កើនអត្រាកំណើត រួមជាមួយការធ្វើឲ្យប្រសើរឡើងនូវការឲ្យឪពុកម្ដាយដាក់ច្បាប់ពីការងារមើលថែកូន និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ។
កូរ៉េខាងត្បូងបានបង្កើនថវិកាសម្រាប់លើទឹកចិត្តដល់អ្នកមានកូនច្រើន ខណៈពេលដែលហុងគ្រីផ្ដល់ជូនការលើកលែងមិនចាំបាច់បង់ពន្ធពេញមួយជីវិត សម្រាប់ស្រ្ដីមានកូនចាប់ពី ៤ នាក់ឡើងទៅ។
អ្នកជំនាញណែនាំថា វៀតណាមគួរអនុវត្តលើជំហានជាក់ស្ដែងដែលអាចជួយបង្កើនអត្រាកំណើត ដូចជាបន្ថយតម្លៃនៃការចំណាយចាំបាច់(សាលា និងការថែទាំសុខភាព)សម្រាប់កូន និងផ្ដល់ជូនតម្លៃសមរម្យសម្រាប់កន្លែងស្នាក់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: