កម្ពុជាទទួលបានទុនវិនិយោគជាង៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
កម្ពុជាទទួលបានទុនវិនិយោគជាង៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
រូបភាព STPM

ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៤១៤គម្រោង ដែលមានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាម៉េរិក។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ២០២៤ជាឆ្នាំដែលកម្ពុជាទទួលបានការវិនិយោគច្រើនជាងគេបំផុត។
TTN-Free-Banner-In-Article-PC

«បើតាមទិន្នន័យ គឺជាឆ្នាំដែលច្រើនជាងគេមិនដែលមានឆ្នាំណាតាំងពីមុនមក ដែលក្នុងមួយឆ្នាំបានជាង៤០០គម្រោងនេះទេ បានន័យថា បំបែកឯកទគ្គកម្មក្នុង CDC»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពិធីបិទសន្និបាតបូកសរុបការងាររបស់សមាគមឧកញ៉ាកម្ពុជា យប់ថ្ងៃទី១៤ ខែមីនា។

សម្ដេចបញ្ជាក់ថា ត្រឹមរយៈពេល២ខែដំបូងឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤៤គម្រោង ស្មើនឹងទំហំទឹកប្រាក់៣២២ដុល្លារអាម៉េរិក។ សម្ដេចរំពឹងថា ពេញមួយឆ្នាំ២០២៥ គម្រោងវិនិយោគនៅកម្ពុជានឹងកើនឡើងបន្ថែមទៀត។

យ៉ាងណា សម្ដេចក៏បន្តជំរុញឱ្យក្រសួងជំនាញគ្រប់វិស័យ រួមទាំងវិស័យឯកជនបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគឱ្យមកកម្ពុជា ជាពិសេសជំរុញច្រវ៉ាក់ផលិតកម្មក្នុងស្រុក ដើម្បីធានាទីផ្សារ សេដ្ឋកិច្ចកម្ពុជា និងបង្កើនការងារ ប្រាក់ចំណូលសម្រាប់ពលរដ្ឋ។

បើតាមទិន្នន័យពី CDC គម្រោងវិនិយោគភាគច្រើនមានដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្ម,អាជីវកម្មសណ្ឋាគារផ្កាយ៥,គម្រោងសាងសង់វារីអគ្គិសនី,សាងសង់កំពង់ផែ,គម្រោងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ,ការអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងការសាងសង់សួនកម្សាន្តបែបទំនើបជាដើម។ ក្រៅពីនេះ មានគម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ការពង្រីកផលិតកម្មផលិតសម្បកកង់រថយន្ត,គម្រោងកែច្នៃអាលុយមីញ៉ូម និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដាលខេត្តនានាផងដែរ។
កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៦៨គម្រោង ដែលមានទំហំទុនប្រមាណ៤,៩ លានដុល្លារអាម៉េរិកប៉ុណ្ណោះ៕
 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ