រដ្ឋ ដាក់វិធានការទប់ស្កាត់ការបំពុលទឹកសាធារណៈ
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
រដ្ឋ ដាក់វិធានការទប់ស្កាត់ការបំពុលទឹកសាធារណៈ
រោងចក្របានបញ្ចេញសំណល់រាវមានជាតិពុលចូលក្នុងស្ទឹងធម្មជាតិមួយកន្លែងក្នុងភូមិសាស្រ្តភូមិសា្រស្ត ឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចជាតិជាង ២ទសវត្សរ៍មកនេះ កំពុងបង្កការបំពុលផ្នែកបរិស្ថាន និងប៉ះពាល់សុខភាពសាធារណៈ។ បញ្ហានេះ ភាគច្រើន​បណ្ដាលមកពីការបង្ហូរទឹកកខ្វក់ ឬបញ្ចេញសំណល់រាវ ពីបណ្ដារោងចក្រ សហគ្រាស និងសួនឧស្សាហកម្ម ជាដើម។ ជុំវិញរឿងនេះ រដ្ឋបានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ការបំពុលទឹកសាធារណៈ។​ នេះបើយោងតាមសារាចររបស់រដ្ឋាភិបាល ចេញនៅថ្ងៃទី១២ ខែមីនា។
TTN-Free-Banner-In-Article-PC

បើតាមសារាចរខាងលើ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែជំរុញឱ្យម្ចាស់កម្មសិទ្ធិរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍នានា បំពាក់ប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។

ចំពោះ ម្ចាស់អគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តវិញ គឺតម្រូវឱ្យបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។ ចំណែក ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ ត្រូវតែគោរពលក្ខខណ្ឌសុវត្ថិភាព និងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។ 

មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។ ទន្ទឹមនឹងវិធានការនេះ ក៏ត្រូវលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជនក្នុងកិច្ចគាំពារគុណភាពទឹក តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយឬភាពយន្តអប់រំខ្លី៕  

 

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា