អ៊ុយក្រែនចោទរុស្ស៊ីពន្យារបទឈប់បាញ់ ព្រោះចង់បានជំហរយោធាកាន់តែរឹងមាំ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព X_Volodymyr Zelenskyy _ Володимир Зеленський
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៥ ខែមីនា បានចោទរុស្ស៊ីពន្យារពេល បទឈប់បាញ់ ដ្បិតចង់សម្រេចគោលដៅយោធា និងពង្រឹងជំហរយោធានៅក្នុងសមរភូមិឱ្យកាន់តែខ្លាំងជាមុន។ បើតាមលោកហ្សេលេនស្គី អ៊ុយក្រែន នឹងមិនបោះបង់ទឹកដីដែលរុស្ស៊ីបានដណ្តើមយកដាច់ខាត។

អត្ថបទទាក់ទង
មួយរយៈចុងក្រោយ អាម៉េរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមសម្របសម្រួលភាគីសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីយ៉ាងខ្លាំង ដើម្បីរកបទឈប់បាញ់ មុនពេលមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។ យ៉ាងណាមិញ បេសកកម្មមួយនេះ មិនមែនជារឿងងាយស្រួលឡើយ ដ្បិតរដ្ឋាភិបាលក្រុងកៀវ និងមូស្គូ នៅតែបន្តខ្វែងគំនិតគ្នា។
ពីសន្និសីទសារព័ត៌មានមួយ លោក ហ្សេលេនស្គី បានចោទរុស្ស៊ីចង់បានជំហរយោធាក្នុងសមរភូមិកាន់តែរឹងមាំ មុនពេលចូលតុចរចា។ ត្រង់ចំណុចនេះ លោកហ្សេលេនស្គី ទំនងចង់សំដៅដល់ការចង់បានលក្ខខណ្ឌ និងប្រយោជន៍កាន់តែធំរបស់រុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។
«ពួកគេចង់បានជំហរយោធាកាន់តែខ្លាំងក្លា មុនពេលបទឈប់បាញ់»។ មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៥ ខែមីនា ដោយបន្តថា រុស្ស៊ី ពន្យារពេលបទឈប់បាញ់ ដោយសារតែហេតុផលនោះ ហើយចង់កែលម្អស្ថានការណ៍លើសមរភូមិ។
បើតាមប្រធានាធិបតីអ៊ុយក្រែន ពេលនេះកិច្ចព្រមព្រៀង មិនមែនស្ថិតក្នុងដៃអ៊ុយក្រែនឡើយ ហើយវាធ្លាក់លើរុស្ស៊ីជាអ្នកសម្រេច។
«ថ្ងៃនេះ លោក ពូទីន ជាមេដឹកនាំតែមួយគត់ ដែលមិនឯកភាពជាមួយសំណើរបស់លោក ត្រាំ»។ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់បែបនេះ។
បើទោះឯកភាពលើបទឈប់បាញ់ ប៉ុន្តែអ៊ុយក្រែន បដិសេធដាច់ខាតមិនបោះបង់់ទឹកដីរបស់ខ្លួន ដែលរុស្ស៊ីបានក្តោបយក ក្នុងសង្រ្គាមជារយៈពេល ៣ឆ្នាំមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: