អាយ អេស អាយ ដង្កោសែនជ័យ យកបាន ៣ពិន្ទុ ពីឡាយហ្វ ព្រះសីហនុ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ក្រុមអាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះលើក្រុមឡាយហ្វ ព្រះសីហនុ ក្នុងលទ្ធផល២-០ ក្នុងក្របខ័ណ្ឌពានរង្វាន់ Cambodian Premier League 2024-2025 កាលពីថ្ងៃទី១៥ មីនា នៅកីឡដ្ឋានឡាយហ្វ ក្នុងខេត្តព្រះសីហនុ។ ជ័យជម្នះនេះ គឺដូចនឹងអ្វី ដែលលោក ទុំ សារ៉ាយ គ្រូបង្វឹកអាយ អេស អាយ ដង្កោសែនជ័យ រំពឹងទុក។

ចាប់ផ្ដើមការប្រកួត ក្រុមឡាយហ្វ ព្រះសីហនុ ដែលជាម្ចាស់ផ្ទះ ដូចជាមិនសូវមានប្រៀបជាងក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ ឡើយ។ ក្រុមភ្ញៀវ បានដាក់សម្ពាធ និងមានឱកាសជាច្រើនលើកនៅតំបន់គ្រោះថ្នាក់របស់ឡាយហ្វ ព្រះសីហនុ។ ការប៉ន់ប៉ងរកគ្រាប់បាល់ជាច្រើនលើករបស់ អាយ អេស អាយ ដង្កោសែនជ័យ ទទួលបានសម្រេចនៅនាទី២៧ ដោយកីឡាករ កែវ សារ៉ាត់ បានតែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុម បានបំផ្លោងបាល់ពីស្លាបឆ្វេង ចូលក្នុងប្រអប់គ្រោះថ្នាក់។ ក្រុមភ្ញៀវ បាននាំមុខម្ចាស់ផ្ទះ ១-០។
លុះចូលដល់នាទី៤២ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ទទួលបានបាល់ជ្រុង ហើយកីឡាករ K. Yanagidate បានតែតបញ្ចូលទីបានដោយជោគជ័យ បន្ទាប់ពីមិត្តរួមក្រុម បានលើកបាល់នោះចូលក្នុងប្រអប់គ្រោះថ្នាក់។ ចប់តង់ទី១ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នាំមុខឡាយហ្វ ព្រះសីហនុ លទ្ធផល២-០។
នៅតង់ទី២ ក្រុមម្ចាស់ផ្ទះ ប្រើប្រាស់ទម្រង់បិទយ៉ាងល្អ ខណៈក្រុមអាយ អេស អាយ ដង្កោសែនជ័យ ពិបាករកគ្រាប់បាល់បន្ថែម។ លទ្ធផល ២-០នេះ បានបន្ដរហូតទៅដល់ចប់ការប្រកួត។
ជ័យជម្នះនេះ សមចិត្តលោក ទុំ សារ៉ាយ ដែលបានដាក់គោលដៅយក ៣ពិន្ទុមកវិញ។ ទោះជាក្រុមអស់ឱកាសដណ្ដើមជើងឯកលីគនារដូវកាលនេះ ដោយសារតែពិន្ទុចាញ់ដាច់ក្រុមលេខ១ គឺព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ដែលឈរលេខ២ ប៉ុន្ដែគ្រូបង្វឹករូបនេះ នៅតែដាក់គោលដៅយកជ័យជម្នះគ្រប់ប្រកួត ដើម្បីទុកជាកំណត់ត្រាល្អសម្រាប់ក្រុមខ្លួន។
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២៦ ព្រះខ័នរាជស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ មាន៥៨ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន ៥៧ពិន្ទុ ខណៈ វិសាខា ចំណាត់ថ្នាក់លេខ៣ មាន ៥៣ពិន្ទុ។
រីឯ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤ ខណៈលេខ៥ ណាហ្គាវើលដ៍ មាន ៣៦ពិន្ទុ និងលេខ៦ បឹងកេត មាន ៣៣ពិន្ទុ។ ចំណែក ចំណាត់ថ្នាក់លេខ៧ ក្រុមអាយ អេស អាយដង្កោសែនជ័យ មាន៣៣ពិន្ទុ និងចំណាត់ថ្នាក់លេខ៨ កងយោធពលខេមរភូមិន្ទ មាន១៩ពិន្ទុ។ ឡាយហ្វ ព្រះសីហនុ មាន១៦ពិន្ទុ នៅចំណាត់ថ្នាក់លេខ៩ ខណៈ គិរីវង់សុខសែនជ័យ មាន១២ពិន្ទុ នៅចំណាត់ថ្នាក់លេខ១០។ ចំណែកក្រុមបាតតារាង សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មាន៥ពិន្ទុ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: