ទើបឡើងតំណែង នាយករដ្ឋមន្រ្តីកាណាដាឱ្យពិនិត្យកុងត្រាទិញយន្តហោះចម្បាំងអាម៉េរិក
  • ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣៩ នាទី រសៀល
ទើបឡើងតំណែង នាយករដ្ឋមន្រ្តីកាណាដាឱ្យពិនិត្យកុងត្រាទិញយន្តហោះចម្បាំងអាម៉េរិក
លោក Mark Carney នាយករដ្ឋមន្រ្តីកាណាដាថ្មី។ រូបភាព Screenshot_X_Mark Carney

នាយករដ្ឋមន្រ្តីកាណាដាថ្មី លោក Mark Carney បានបញ្ជាឱ្យពិនិត្យលើកិច្ចព្រមព្រៀងរបស់កាណាដាក្នុងការទិញយន្តហោះ F35 ពីអាម៉េរិក។ អ្នកនាំពាក្យរដ្ឋមន្រ្តីការពារជាតិកាណាដា បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា។ ការបញ្ជារបស់នាយករដ្ឋមន្រ្តីកាណាដា ធ្វើឡើងស្របពេលទំនាក់ទំនងប្រទេសទាំងពីរ កំពុងតែអាប់អួ ដោយសារតែពន្ធ និងប្រធានបទរដ្ឋទី៥១របស់អាម៉េរិក។
TTN-Free-Banner-In-Article-PC

លោក Mark Carney ដែលស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកាណាដានៅថ្ងៃទី១៤ ខែមីនា បានប្រាប់រដ្ឋមន្រ្តីការពារជាតិ លោក Bill Blair ធ្វើការជាមួយកម្លាំងប្រដាប់អាវុធ ដើម្បីពិនិត្យលើកុងត្រាទិញយន្តហោះចម្បាំង F-35 ពីអាម៉េរិក ថាតើវាជាការវិនិយោគដ៏ល្អសម្រាប់កាណាដា ឬមានជម្រើសល្អផ្សេងសម្រាប់ប្រទេស។ 

យ៉ាងណាមិញ លោក Carney មិនបានបញ្ជាឱ្យលុបកិច្ចព្រមព្រៀងទិញយន្តហោះចំនួន ៨៨គ្រឿង កាលពី២ឆ្នាំមុន ចោលឡើយ។ កាណាដា បានប្តេជ្ញាទិញយន្តហោះ F-35 ឱ្យបាន ១៦គ្រឿង នៅដំណាក់កាលដំបូង។ 

«ចង់បញ្ជាក់ឱ្យច្បាស់ថា កុងត្រា F-35 មិនមែនត្រូវបានលុបចោលឡើយ ប៉ុន្តែយើងត្រូវពិនិត្យលើការងារ ដែលមានការផ្លាស់ប្តូរ និងត្រូវធានាថា កុងត្រាក្នុងទម្រង់បច្ចុប្បន្ន គឺជាផលប្រយោជន៍ដ៏សំខាន់សម្រាប់កាណាដា និងកងកម្លាំងកាណាដា»។ លោក Laurent de Casanove អ្នកនាំពាក្យក្រសួងការពារជាតិកាណាដា បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា។ 

កន្លងមក រដ្ឋាភិបាលកាណាដា បានកំណត់ថវិកាចំនួន ១៣ពាន់លានដុល្លារ ក្នុងការទិញយន្តហោះចម្បាំងជំនាន់ទី៥ របស់អាម៉េរិក F-35 ដើម្បីវិនិយោគក្នុងវិស័យការពារជាតិរយៈពេល ៣០ឆ្នាំ។ រយៈពេលពេញនៃកម្មវិធីរបស់យន្តហោះ F-35 នឹងធ្វើឱ្យកាណាដា អាចចំណាយល់ ៧០ពាន់លានដុល្លារ។ 

ការបញ្ជាឱ្យត្រួតពិនិត្យឡើងវិញពីសំណាក់នាយករដ្ឋមន្រ្តីថ្មីរបស់កាណាដា ធ្វើឡើងស្របពេលទំនាក់ទំនងកាណាដា និងអាម៉េរិក កំពុងតែល្អក់កករ ដោយសារតែពន្ធ និងការចង់បានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកាណាដាចូលជារដ្ឋទី៥១ របស់អាម៉េរិក៕ 
 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ