វិទ្យុអាស៊ីសេរី ប្រឈមមុខបិទទ្វារ ដោយសារលោក ត្រាំ ផ្តាច់កញ្ចប់ថវិកា
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

រូបភាព RFA
វិទ្យុអាស៊ីសេរី (RFA) ប្រឈមមុខបិទទ្វារ ក្រោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ផ្តាច់កញ្ចប់ថវិកា នៅថ្ងៃទី១៥ ខែមីនា។ នេះបើតាមសេចក្តីជូនដំណឹងពីការបញ្ឈប់ជំនួយ ដែលទទួលបានវិទ្យុអាស៊ីសេរី។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ ខែមីនា បានចេញបញ្ជាប្រតិបត្តិមួយកាត់បន្ថយ «ការិយាល័យមិនបង្កើតឡើងដោយច្បាប់» នៃទីភ្នាក់ងារអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM)។ ទីភ្នាក់ងារអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ជាស្ថាប័នផ្តល់ជំនួយដល់វិទ្យុអាស៊ីសេរី។ តាមច្បាប់ រដ្ឋសភាអនុម័តកញ្ចប់ថវិកាសម្រាប់ USAGM ដែលចែកជំនួយទៅប្រព័ន្ធផ្សព្វផ្សាយ។
យ៉ាងណាមិញ វិទ្យុអាស៊ីសេរី ជា «ស្ថាប័នត្រូវបានបង្កើតឡើងដោយច្បាប់» និងសភា ហើយមានចែងនៅក្នុងច្បាប់ផ្សព្វផ្សាយអន្តរជាតិ។
តាមលិខិតដែលបញ្ជូនទៅប្រធានវិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមីនា កញ្ចប់ថវិកាសហព័ន្ធសម្រាប់វិទ្យុអាស៊ីសេរី ត្រូវបានផ្តាច់ ហើយវិទ្យុអាស៊ីសេរី មានកាតព្វកិច្ចបញ្ជូន «លុយដែលផ្តល់ឱ្យមិនជាប់ក្នុងកាតព្វកិច្ច» ត្រលប់ទៅវិញ។ លិខិតដដែលនោះ បានបញ្ជាក់ថា វិទ្យុអាស៊ីសេរី អាចដាក់តវ៉ាបាន ក្នុងរយៈពេល ៣០ថ្ងៃ។
តាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ខ្លួនមិនដឹងឡើយ ថាតើប្រតិបត្តិការរបស់វិទ្យុមួយនេះនឹងបិទនៅពេលណា។ វិទ្យុអាស៊ីសេរី ទទួលជំនួយពីថវិកាសហព័ន្ធតែមួយគត់។
ក្រោយទទួលបានលិខិតនោះ លោកស្រី Bay Fang ប្រធានវិទ្យុអាស៊ីសេរី គ្រោងតវ៉ា ក្រោមហេតុផលមិនចង់ឱ្យមេដឹកនាំផ្តាច់ការ រួមទាំងបក្សកុម្មុយនីស្តចិន បង្កើនឥទ្ធិពលរបស់ខ្លួន។
ក្រៅពីវិទ្យុអាស៊ីសេរី វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព ក៏ត្រូវបានផ្តាច់កញ្ចប់ថវិកាផងដែរ។ ចំណែកសារព័ត៌មាន VOA និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយគុយបា បានដាក់ច្បាប់បុគ្គលិកទាំងអស់ នៅថ្ងៃទី១៥ ខែមីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: