សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:០៩ នាទី រសៀល

សម្តេច ទៀ បាញ់ (ឆ្វេង) និងសម្តេច ម៉ែន សំអន
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ » នៃកងយោធពលខេមរភូមិន្ទ ដល់សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។

បើតាមព្រះរាជ្យក្រឹត្យ ធ្វើនៅថ្ងៃទី១៦ ខែមីនា សម្ដេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន បានចូលរួមជួយកសាងនយោបាយឈ្នះ-ឈ្នះ និងកសាងប្រព័ន្ធច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ឱ្យទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជចាត់ទុកសម្ដេច ទៀ បាញ់ និង សម្ដេច ម៉ែន សំអន គឺជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ ប្រជារាស្ត្រ ដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារ និរន្តរភាពរាជានិយមកម្ពុជា។
កន្លងមក ឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទនេះ មានចំនួន៣រូបប៉ុណ្ណោះ ក្នុងនោះមាន សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេច ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា (មរណភាព ២០១៥)។ នេះបើតាមព្រះរាជក្រឹត្យព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីឆ្នាំ២០០៩។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: