- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សៀមរាប៖ ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដោយមានការចូលរួមសម្ដែងពីក្រុមសិល្បករ សិល្បការិនីកម្ពុជា ឥណ្ឌា និងមកពីបណ្តាប្រទេសអាស៊ាន អាស៊ីកណ្តាល និងអឺរ៉ុប ។ ព្រឹត្តិការណ៍នេះជាផ្នែកមួយជំរុញការផ្សព្វផ្សាយផ្នែកសិល្បៈ វប្បធម៌ ប្រពៃណី និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថាព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ រៀបចំឡើងដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ការផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អ នៃវិស័យទេសចរណ៍ រវាងផ្នែករដ្ឋ និងឯកជន។ ការជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ក៏ជាផ្នែកមួយដែរ។
ក្នុងពិធីបើកព្រឹត្តិការណ៍ខាងលើនាល្ងាចថ្ងៃទី១៥ មីនា នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប លោក ហួត ហាក់ បានបន្ថែមថា ព្រឹត្តិការណ៍នេះជាចលករដ៏សំខាន់ ជំរុញចលនាការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ រដ្ឋមន្រ្តីទេសចរណ៍បន្តថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ»។
អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានអរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ដោយបានរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងន័យលើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាប។ បន្ថែមពីនេះ លោក សេងកាក់ ក៏បានបង្ហាញពីត្រៀមរៀបចំកម្មវិធីមួយចំនួន ដូចជាកម្មវិធីកីឡាវាយកូនហ្គោល នៅថ្ងៃទី១២ និង១៣ ខែមីនា មុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តផងដែរ។
តាមរយៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា អភិបាលរងខេត្តសៀមរាបមានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តសៀមរាបច្រើនកុះករ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ ឱ្យកាន់តែលូតលាស់ល្អ។ លោក សេងកាក់ បន្ថែមថា៖« យើងឃើញថា ថ្ងៃចូលឆ្នាំមានរយៈពេលវែង យើងសង្ឃឹមថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកខេត្តសៀមរាប នឹងស្នាក់នៅខេត្តសៀមរាបបានយូរ ចាយលុយបានច្រើន ហើយនឹងចាក់ចូលសេដ្ឋកិច្ចខេត្តសៀមរាប ដែលធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករកទទួលទានក្នុងវិស័យទេសចរណ៍នេះ មានប្រាក់ចំណូលបានទៅបងប្អូនដែលបម្រើការងារដោយផ្ទាល់ និងដោយប្រយោល»។
បើតាមលោក ហួត ហាក់ ក្រសួងទេសចរណ៍ ក៏បានកំពុងខិតខំធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីបំពេញបន្ថែមចរន្តភ្ញៀវទេសចរនារដូវកាលបៃតង ឬGreen Season តាមរយៈការទាក់ទាញ ទីផ្សារទេសចរមូស្លីម ពីបណ្ដាប្រទេសអារ៉ាប់ និងមជ្ឈឹមបូព៌ា រួមជាមួយការទាក់ទាញជើងហោះហើរត្រង់ ពីបណ្ដាប្រទេសដៃគូសំខាន់ៗផ្សេងទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើងជាង ២៣ភាគរយ ធៀបនឹងឆ្នាំ២០២៣។ លោក ហួត ហាត់ ដាក់ក្តីសង្ឃឹមថា តាមរយៈដាក់ចេញវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញផែនការយុទ្ធសាស្រ្តរបស់ក្រសួងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិពី ៧,២ ទៅ៧,៥លាននាក់៕